តំណាងអង្គការសុខាភាពពិភពលោកប្រចាំកម្ពុជា លោកជំទាវ លី អៃឡាន បាននិយាយតាមរយៈ Twitter ថាស្ថានភាព Covid កំពុងស្ថិតក្នុងដំណាក់កាលសំខាន់ហើយកម្ពុជាអាចរួចផុតពីស្ថានភាពលំបាកនេះបានបើសិនប្រជាជនទាំងអស់គ្នាចូលរួមអនុវត្តវិធានការ ការពារកូវីដ ១៩។
លោកជំទាវបានសរសេរកាលថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ ដូច្នេះថា «ផ្អែកលើទិន្នន័យដែលមាន យើងជឿជាក់ថាប្រទេសកម្ពុជាស្ថិតនៅដំណាក់កាលសំខាន់នៃការឆ្លងកូវីដ ១៩ ប៉ុន្តែយើងមានឱកាសដើម្បីបញ្ឈប់ការផ្ទុះឡើងមុនពេលហួសពេល។ តាមដាន និងអនុវត្តរាល់វិធានការណ៍គឺជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យ!»
លោកជំទាវលី អៃឡាន បានជំរុញឲ្យគ្រប់វិធានការណ៍ការពារមូលដ្ឋានការពារកូវីដ ១៩ រួមមានអនាម័យដៃ ពាក់ម៉ាស រក្សាគម្លាតសង្គម ជៀសវាងកន្លែងបិទជិត កន្លែងមានមនុស្សអូ៊អរ និងកន្លែងមានមនុស្សនៅជិតគ្នា។
គួររំលឹកផងដែរថា មកដល់ថ្ងៃនេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវី-១៩ មួយនាក់ ភេទប្រុស កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ និងមានអ្នកឆ្លងជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ថ្ងៃទី១៥ ខែមីនានេះ មានចំនួនសរុប៨១០នាក់ រួមមានស្រ្តីចំនួន ៣៧៨នាក់ និងបុរសចំនួន ៤៣២នាក់។ ហើយអ្នកឆ្លងជំងឺកូវីដ១៩ សរុបមានចំនួន ១៣២៥នាក់៕