ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃចន្ទនេះប្រកាសថា គិតត្រឹមម៉ោង៧:០០នាទីព្រឹក នៃថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ករណីអ្នកឆ្លងវីរុសកូវីដ១៩ថ្មី មានចំនួន ៧៣នាក់ និងមានករណីអ្នកជាសះស្បើយ ចំនួន១៧នាក់។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងចេញនៅថ្ងៃទី២២ ខែមីនានេះបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនេះ គឺជាអ្នកធ្វើដំណើរចូលមកកម្ពុជា ជនជាតិឥណ្ឌូនេស៊ីចំនួន២នាក់ និង៧១នាក់ផ្សេងទៀត សុទ្ធតែជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលក្នុងនោះមានជនជាតិចិន ៤នាក់ និងខ្មែរ ៦៧នាក់។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា ស្រ្តីជនជាតិឥណ្ឌូនេស៊ី បានមកដល់កម្ពុជានៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ និងបានសា្នក់ខេត្តព្រះសីហនុ។ លទ្ធផលធ្វើតេស្ដសំណាករបស់ស្ត្រីទាំង២នាក់នេះ គឺ វិជ្ជមានវីរុសកូវីដ-១៩។ សម្រាប់កន្លែងសម្រាកព្យាបាល ក្រសួងនឹងជូនដំណឹងនៅពេលក្រោយ។
ចំណែកអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មាន ៣២នាក់ ក្រសួងបញ្ជាក់ថា សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៧នាក់ សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ៥នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ៣នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្ដាល១នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និង២១នាក់ផ្សេងទៀត ក្រសួងនឹងជូនដំណឹងបន្តនៅពេលដែលបានកន្លែងសម្រាកព្យាបាល។
គិតត្រឹមថ្ងៃទី២២ ខែមីនា កម្ពុជាមានអ្នកកើតជំងឺកូវីដ១៩ សរុបចំនួន ១,៧៥៣នាក់ អ្នកជាសះស្បើយចំនួន៩៦៧នាក់ និងអ្នកស្លាប់៣នាក់៕