ស្ត្រីអាយុ៦២ឆ្នាំ ជាជនជាតិខ្មែរម្នាក់ទៀតស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ដែលនេះជាករណីស្លាប់លើកទី៥។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃទី២៣ ខែមីនានេះបញ្ជាក់ថា ស្រ្តីជនជាតិខ្មែរដែលបានស្លាប់ដោយសារជំងឺកូវីដ១៩នេះ មានអាយុ៦២ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបន្ថែមថា មូលហេតុដែលស្ត្រីរូបនេះស្លាប់គឺបណ្តាលមកពីស្តី្ររូបនោះមានអាការៈហត់២-៣ថ្ងៃមុនពេលចូលមកមន្ទីរពេទ្យ បន្ទាប់មកនៅវេលាម៉ោង៥:៤០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ស្ត្រីវ័រូបនេះក៏បានស្លាប់បាត់បង់ជីវិត។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖ «ការសន្និដ្ឋានរបស់គ្រូពេទ្យ ស្រី្តវ័យ៦២ឆ្នាំខាងលើនេះគឺបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩វ៉ៃលុកលឿន ធ្វើឱ្យរលាកសួតទាំងសង្ខាងធ្ងន់ធ្ងរ ខ្សោយសួតខ្លាំងពេក»។
គិតមកដល់ត្រឹមព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដចំនួន១,៧៨៨ មានអ្នកព្យាបាលជាសះស្បើយចំនួន៩៩៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន៧៨៣នាក់ ហើយមាន៥នាក់បានស្លាប់បាត់បង់ជីវិត៕