បុរសពីរនាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅថ្ងៃទី២៥ ខែមីនា ដែលរហូតមកដល់ពេលនេះមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩សរុបចំនួន៧នាក់។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះបញ្ជាក់ថា នៅថ្ងៃពុធនេះមានបុរសពីរនាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ ដោយម្នាក់ជាជនជាតិខ្មែរ មានអាយុ៣៨ឆ្នាំ និងម្នាក់ទៀតជាជនជាតិចិន មានអាយុ៤៣ឆ្នាំ។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា បុរសជាជនជាតិខ្មែរមានទីលំនៅភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ដែលលោកត្រូវបានគេតេស្តឃើញវិជ្ជមានវ៉ីរុសកូវីដ១៩ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ហើយលោកត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅសណ្ឋាគារ Great duke។ រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ អាការៈរបស់គាត់មានសភាពធ្ងន់ធ្ងរ ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ លោកបានបាត់បង់ជីវិតនៅថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅម៉ោង៧:៣៥នាទីនាពេលព្រឹកថ្ងៃពុធនេះ។
ចំណែកបុរសជាជនជាតិចិន មានអាស័យដ្ឋាននៅសណ្ឋាគារយ៉ុងយ័ន ឃុំសំពៅពួន ស្រុកកោះធំ ខេត្តកណ្តាល បានតេស្តឃើញវិជ្ជមានវ៉ីរុសកូវីដ១៩ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ហើយលោកត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យជ័យជំនះ។ រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ អាការៈរបស់គាត់មានសភាពធ្ងន់ធ្ងរក៏ត្រូវបានបញ្ជូនទៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយលោកបានបាត់បង់ជីវិតនៅថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅម៉ោង៧:៤៥នាទីព្រឹកថ្ងៃពុធនេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា តាមរយៈការពិនិត្យសុខភាព និងថតសួត បុរសទាំងពីរនេះមានការរលាកសួតទាំងសងខាងធ្ងន់ធ្ងរ ហើយក្រុមគ្រូពេទ្យបានព្យាយាមសង្គ្រោះពួកគាត់ដោយម៉ាស៊ីនជំនួយដង្ហើម តាំងពីថ្ងៃដែលពូកគាត់បានបញ្ជូនមកមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតមក។
ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យនៅក្នុងសេចក្តីប្រកាសព័ត៌មាននោះបញ្ជាក់ថា៖ «បុរសទាំង២ខាងលើ គឺបានស្លាប់បាត់បង់ជីវិតដោយជំងឺកូវីដ១៩ វ៉ៃលុកលឿន ធ្វើឲ្យរលាកសួតទាំងសងខាងធ្ងន់ធ្ងរ និងខ្សោយសួតខ្លាំងពេក»។
គួរបញ្ជាក់ផងដែរថា មរណភាពបុរសទាំងពីរនាក់នេះ ជាករណីទី៧ហើយ ក្នុងករណីដែលមានអ្នកស្លាប់បាត់បង់ជីវិតដោយសារកូវីដ១៩ នៅកម្ពុជា៕