សប្បុរសជនធំៗនៅកម្ពជា រួមមានអ្នកឧកញ៉ាឡេង ណាវ៉ាត្រា អ្នកឧកញ៉ាគិត ម៉េង អ្នកឧកញ៉ាពុង ខៀវសែ និងក្រុមហ៊ុនជីប ម៉ុង បានបរិច្ចាកថវិការាប់លានដុល្លារអាមេរិកជួយទិញមន្ទីពេទ្យមួយកន្លែងឈ្មោះ «នគរទេព» ដើម្បីប្រើប្រាស់សំរាប់ព្យបាលអ្នកជំងឺកូវីដ១៩ កាលពីថ្ងៃទី ២៨ មិនា ២០២១ ខណៈដែលករណីកូវីដបានកើនឡើងដល់ចំនួនសរុប ២៣៧៧នាក់ហើយ នៅទូទាំងប្រទេស។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបរិច្ចាកថវិការចំនួន ៣.៥លានដុល្លារសហរដ្ឋអាមេរិក អ្នកឧកញ៉ាគិត ម៉េងថវិការចំនួន ២លានដុល្លារសហរដ្ឋអាមេរិក អ្នកឧកញ៉ាពុង ខៀវសែ ថវិការចំនួន ២លានដុល្លារសហរដ្ឋអាមេរិក និងក្រុមហ៊ុនជីប ម៉ុងគ្រប់ចំនួន ២លានដុល្លារសហរដ្ឋអាមេរិក រួមទាំងសប្បុរសជនជាច្រើនទៀត។ នេះយោងតាមការប្រកាសផ្ទាល់ខ្លួននៅតាមបណ្តាញសង្គម និងសារព័ត៌មាននានា។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះលើហ្វេសប៊ុកដូច្នេះថា «ខ្ញុំបាទ និងក្រុមគ្រួសារសូមជួយតាមរយៈសម្ដេចតេជោដើម្បីទិញមន្ទីរពេទ្យ នគរទេព មកព្យាបាលបងប្អូនកើតជំងឺកូវីត19 #ចំនួន 3.5 បីលានប្រាំសែនដុល្លារ។ ខ្ញុំមិនអាចរស់នៅតែឯង ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ នេះជាពេលយើងត្រូវសាមគ្គីគ្នា»។
មន្ទីរពេទ្យ«នគរទេព» ជាមន្ទីរពេទ្យឯកជនមួយកន្លែងដែលត្រួវបានសាងសង់ឡើងនៅឆ្នាំ ២០១១ ស្ថិតនៅផ្លូវ ១០៩ ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានដូរឈ្មោះមកជា «ហ្លួងម៉ែ» វិញ។
តាមរយៈហ្វេសប៊ុក មន្ទីរពេទ្យស្ត្រីនគរទេពបានបង្ហោះកាលពីថ្ងៃទី១២ ខែមីនាថាមន្ទីរពេទ្យស្ត្រីនឹងផ្អាកដំណើរការមួយរយៈចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។
មន្ទីពេទ្យបាននិយាយតាមហ្វេសប៊ុកថា «ជាមួយនឹងស្ថានភាពបច្ចុប្បន្ននៃករណី Covid-19 មានការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជាមន្ទីរពេទ្យស្ត្រីនគរទេពនឹងចាប់ផ្តើមបេសកកម្មថ្មីមួយដែលធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីផ្តល់ការយកចិត្តទុកដាក់ដល់អ្នកជំងឺ Covid-19 បន្ទាប់ពីថ្ងៃទី ២១ ខែមីនាឆ្នាំ ២០២១»។
គិតត្រឹមថ្ងៃទី៣០ ខែ មីនា កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ-១៩ សរុបចំនួន ២៣៧៧នាក់ អ្នកជាសះស្បើយសរុបចំនួន ១១៧៦នាក់ អ្នកកំពុងសម្រាកព្យាបាល ១១៨៦ និងអ្នកស្លាប់១១នាក់៕