ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថាមានអ្នកស្លាប់ ៣នាក់បន្ថែមទៀត ដោយសារកូវីដ ១៩ ហើយករណីវិជ្ជមានថ្មីមានចំនួន ៣៧នាក់ អ្នកជាសះស្បើយចំនួន ៤៩នាក់ គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។
ករណីស្លាប់ដោយឆ្លងវីរុសកូវីដ១៩ មានស្ត្រីអាយុ ៥៦ឆ្នាំ ចំនួន ២នាក់ ស្ត្រីអាយុ ២៨ឆ្នាំ ១នាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងចេញនៅថ្ងៃទី១ ខែមេសា អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនេះដែលគឺជាអ្នកធ្វើដំណើរចូលមកកម្ពុជា ជនជាតិឥណ្ឌូនេស៊ីចំនួន ២នាក់ និង ៣៥នាក់ផ្សេងទៀត ជាអ្នកដែលពាក់ពាន់នឹងព្រឹត្តិការណ៍សហគមន៍ ២០ កម្ភៈ។
គួរបន្ថែមទៀតថាអ្នកជំងឺដែលឆ្លងជំងឺកូវីដ១៩ថ្មីនេះ នឹងត្រូវបានសម្រាកព្យាបាល ២នាក់នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ២នាក់ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្តកណ្ដាល ៥នាក់នៅមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ៩នាក់នៅសណ្ឋាគារក្រេតឌុក និង ១៧នាក់ទៀត ក្រសួងនឹងជូនដំណឹងបន្តពីកន្លែងសម្រាកព្យាបាល។
ចំណែក ជនជាតិឥណ្ឌូនេស៊ីចំនួន ១នាក់ដែលមានវីរុសកូវីដ ១៩ មកដល់កម្ពុជានៅថ្ងៃទី១៨ ខែមីនា ត្រូវបានដាក់ឲ្យព្យាបាលនៅមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និងជនជាតិឥណ្ឌូនេស៊ីម្នាក់ទៀត ដែលមកដល់កម្ពុជានៅថ្ងៃទី ៣០ ខែមីនា ត្រូវបានដាក់ឲ្យព្យាបាលនៅសណ្ឋាគារក្រេតឌុក។
គិតត្រឹមថ្ងៃទី ៣០ ខែ មីនា កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ-១៩ សរុបចំនួន ២៤៧៧នាក់ អ្នកជាសះស្បើយសរុបចំនួន ១២៤០នាក់ អ្នកកំពុងសម្រាកព្យាបាល ១២១៩ និងអ្នកស្លាប់ចំនួន១៤នាក់៕