អ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប ចំនួន ៣រូប បានសម្តែងនូវកង្វល់លើច្បាប់ស្តីពីវិធានការណ៍ការពារប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ ដោយបានអះអាងថាច្បាប់នេះមិនត្រូវតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ ហើយបានស្នើសុំឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញ។
គួររំលឹកថា រដ្ឋសភាជាតិបានអនុម័តច្បាប់នេះកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ហើយច្បាប់នេះផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការរឹតត្បិត ឬហាមឃាត់ការធ្វើដំណើរ ការជួបជុំ និងការជួបប្រជុំ ការប្រតិបត្តិការអាជីវកម្ម និងសកម្មភាពអាជីពមួយចំនួន ក៏ដូចជា អំណាចក្នុងការទប់ស្កាត់ ឬរឹតត្បិតតំបន់ និងទីកន្លែងមួយចំនួនផងដែរ។
គេហទំព័រ Special Rapporteur Cambodia របស់លោកស្រីរ៉ូណា ស្មីត បាននិយាយកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ថា ក្រុមអ្នកជំនាញសិទ្ធិមនុស្សអ.ស.ប មានកង្វល់ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ និងមិនសមាមាត្រទាំងនេះ។
ហ្វេសប៊ុកផេកនោះបាននិយាយថា «ក្រុមអ្នកជំនាញសិទ្ធិមនុស្សអ.ស.ប ក៏បាន លើកកង្វល់ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ និងមិនសមាមាត្រ ចំពោះបុគ្គលដែលមិនគោរពតាមវិធានការសុខភាព វិធានការរដ្ឋបាល និងវិធានការផ្សេងទៀត ដែលមានចែងនៅក្នុងច្បាប់នេះ ហើយជំរុញឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញលើច្បាប់នេះ ដើម្បីធានានូវការគោរពតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ដែលការពារសិទ្ធិ និងសេរីភាពរបស់ប្រជាជនកម្ពុជា»។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានប្រាប់ Newsroom Cambodia បានច្រានចោលការលើកឡើងរបស់ក្រុមសិទ្ធិមនុស្សអ.ស.ប ដោយបានអះអាងថានេះជាវិធានការការពារជីវិតមនុស្ស ហើយបានចោទសួរមន្រ្តីសិទ្ធិមនុស្សថាតើ «មានស្គាល់ពាក្យថាសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទេ ព្រោះពាក្យថាសមរភូមិមានន័យគ្រប់គ្រាន់ណាស់ ហើយពួកអ្នកសិទ្ធិមនុស្សប៉ុន្មាននាក់ ប៉ុន្មានក្រុមហ្នឹងចេះខ្មែរអត់?»។
លោកបាននិយាយដូច្នេះថា «អ្នកដែលមិនចង់គោរពវិធានការ និងការណែនាំរបស់រដ្ឋាភិបាលហ្នឹង ចង់ងាប់មែន? បើចង់ងាប់ទៅចងកទៅ លោកឃើញទេអត្រានៃការឆ្លងរីករាលដាលច្រើន តួរលេខមិនក្រោមពី១០០ ទៅ ១០០ជាង។ យើងធ្វើនេះគឺបំណងដើម្បីរក្សាជីវិតរបស់ប្រជាពលរដ្ឋ បើយើងទុកឲ្យឆ្លងគ្រប់គ្នាយ៉ាងម៉េច?»
លោកផៃ ស៊ីផានបានបញ្ជាក់បន្ថែមថា៖ «ធ្វើតាមវិធានការរបស់រដ្ឋាភិបាលទៅ គេមិនដែលចង់ទៅបញ្ចេញកម្លាំងរាប់រយនាក់តាមចិញ្ចើមផ្លូវ ឬតាមដងផ្លូវទាំងអត់ងងុយ វេទនា គេចង់ការពារជីវិតមនុស្ស ហើយមានប្រយោជន៍អ្វី? គេទៅធ្វើបាបមនុស្សនោះ»៕