អតីតមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងចំនួន ០៧រូប ត្រូវបានព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីផ្តល់សិទ្ធិ ធ្វើនយោបាយឡើងវិញមុនកាលកំណត់ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
ព្រះកុរណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់នីតិសម្បទានយោបាយឱ្យអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ រួមមានលោកយ៉ែម បុញ្ញឫទ្ធិ និងលោកមុត ចន្ថា មន្រ្តីជិតដិតនឹងលោកកឹម សុខា អតីតប្រធានគណបក្សប្រឆាំងមួយនេះ។ នេះបើតាមព្រះរាជក្រឹត្សនាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
មុនឈានទៅដល់ការផ្តល់នីតិសម្បទានយោបាយនេះ មន្រ្តីទាំង៧រូបនេះបានបានដាក់សំណើមកក្រសួងមហាផ្ទៃ ដើម្បីស្នើសុំសិទ្ធិធ្វើ នយោបាយឡើងវិញ ហើយក្រសួងមហាផ្ទៃក៏បានស្នើសុំគោលការណ៍អនុញ្ញាតផ្តល់នីតិសម្បទាឡើងវិញមុនកាលកំណត់ឲ្យបុគ្គលខាងលើនេះដែរ។
លោកយ៉ែម បុញ្ញឫទ្ធិ និងលោកមុត ចន្ថា មិនអាចទាក់ទងបានដើម្បីសុំការអត្ថាធិប្បាយបានទេ។
គួររំលឹកថា តុលាការកំពូលនៅឆ្នាំ ២០១៧ បានរំលាយគណបក្សសង្គ្រោះជាតិ ពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ហើយក៏បានហាមប្រាមមេដឹកនាំជាន់ខ្ពស់របស់គណបក្សចំនួន ១១៨រូប មិនឲ្យធ្វើនយោបាយក្នុងរយៈពេល ៥ ឆ្នាំ ផងដែរ៕