ច្បាប់ស្ដីពីសញ្ជាតិដែលបានប្រកាសឱ្យប្រើកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៩៦ បានបែងចែកសញ្ជាតិជាបីប្រភេទ គឺសញ្ជាតិខ្មែរពីកំណើត សញ្ជាតិខ្មែរដោយរៀបអាពាហ៍ពិពាហ៍ និងសញ្ញាតូបនីយកម្ម។
សញ្ជាតិខ្មែរពីកំណើត គឺសំដៅទៅលើការផ្ដល់សញ្ជាតិខ្មែរតាំងពីកំណើត។ តាមមាត្រា៤នៃច្បាប់ដដែលបានកំណត់ជាពីរចំណុច។
ចំណុច១ «ត្រូវបានសញ្ជាតិខ្មែរ បើទោះកើតនៅទីណាក៏ដោយ» ករណីទីមួយកូនមានខាន់ស្លាដែលកើតមកពីឳពុក ឬម្ដាយមានសញ្ជាតិខ្មែរ ករណីពីរកូនឥតខាន់ស្លាដែលកើតមកពីឪពុកម្ដាយមានសញ្ជាតិខ្មែរទទួលស្គាល់ ករណីទីបីកូនដែលឪពុកម្ដាយមិនទទួលស្គាល់ កាលបើតុលាការចេញសាលក្រមថា កូននោះពិតជាកើតពីឳពុក ឬម្ដាយដែលមានសញ្ជាតិខ្មែរ។
ចំណុចទី២ «ត្រូវបានសញ្ជាតិខ្មែរ ដោយកើតក្នុងប្រទេសកម្ពុជា» ករណីទីមួយកូនដែលកើតពីឳពុកឬម្ដាយបរទេស ដែលបានកើតនិងរស់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ករណីទីពីរកូនដែលកើតចេញពីឳពុក ឬ ម្ដាយមិនស្គាល់ និង កូនដែលទើបនឹងកើតដែលគេបានរើសបាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានចាត់ទុកថាកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សញ្ជាតិខ្មែរដោយការរៀបអាពាហ៍ពិពាហ៍ សំដៅលើការទទួលបានសញ្ជាតិខ្មែរ ស្រ្តីឬបុរសបរទេសដែលយកប្ដី ប្រពន្ធខ្មែរ ដោយបានរៀបអាពាហ៍ពិពាហ៍ អាចទាមទារសញ្ជាតិខ្មែរបានលុះត្រាតែស្ត្រីឬបុរសរស់នៅជាមួយគ្នារយៈពេលបីឆ្នាំ ក្រោយពេលចុះអាពាហ៍ពិពាហ៍។ អនុក្រឹត្យ ២៨៦សនក.បក ឆ្នាំ២០១៣ បានកំណត់ថាជនបរទេសជាបុរសឬជាស្ត្រីដែលទាមទារសញ្ជាតិខ្មែរត្រូវបំពេញបែបបទដូចជា ដាក់ពាក្យសុំនិងបំពេញបែបបទ បង់កម្រៃសេវារដ្ឋបាល និងត្រូវធ្វើសម្បថនៅចំពោះតុលាការកំពូល។ ចុងក្រោយ ព្រះរាជក្រឹត្យផ្ដល់សញ្ជាតិខ្មែរ ត្រូវប្រគល់ជូនសាមីខ្លួនបន្ទាប់ពីបានធ្វើសម្បថរួច ដោយក្រសួងមហាផ្ទៃ។
សញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម ជនបរទេសអាចសុំចូលសញ្ជាតិខ្មែរបាន ដោយសញ្ញាតូបនីយកម្ម។ មាត្រាទី៧នៃច្បាប់ស្ដីពីសញ្ជាតិនេះបានកំណត់សញ្ញាតូបនីយកម្មថា«មិនមែនជាសិទ្ធិរបស់អ្នកស្នើរសុំឡើយ គឺជាការអនុគ្រោះរបស់ព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ»។ ក្នុងករណីនេះ ទោះក្នុងប្រការណាក៏ដោយ ពាក្យសុំនោះអាចត្រូវបានបដិសេធចោលបានតាមអំណាចឆន្ទានុសិទ្ធិ (ការយល់ឃើញ)។
តាមមាត្រា៨ ជនបរទេសដែលអាចសុំចូលជាសញ្ញាតូបនីយកម្មបាន ត្រូវបំពេញលក្ខខណ្ឌដូចជា ទីមួយ មានលិខិតបញ្ជាក់ថា មានគំនិតមាយាទនិងសីលធម៌ល្អ ដែលចេញឱ្យដោយមេឃុំ ឬចៅសង្កាត់នៃទីលំនៅរបស់ខ្លួន។ ទីពីរ មានលិខិតថ្កោលទោសបញ្ជាក់ថា ពុំដែលមានទោសពីបទព្រហ្មទណ្ឌណាមួយ។ ទីបី មានលិខិតបញ្ជាក់ថា ជននោះមានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្នាក់នៅជាប់ចំនួនប្រាំពីរឆ្នាំ ដោយគិតពីថ្ងៃដែលបានទទួលប័ណ្ណស្នាក់នៅ ដែលចេញឱ្យក្របខ័ណ្ឌនៃច្បាប់ស្ដីពីអន្ដោប្រវេសន៍។ ទីបួន មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅពេលដាក់ពាក្យស្នើសុំសញ្ញាតូបនីយកម្ម។ ទី៥ ចេះនិយាយភាសារខ្មែរ ចេះអក្សរខ្មែរ និង យល់ដឹងប្រវត្តិសាស្រ្តខ្មែរខ្លះៗ ហើយបង្ហាញភស្តុតាងច្បាស់ថា ខ្លួនអាចរស់នៅក្នុងសង្គមខ្មែរដោយសុខដុម ព្រមទាំងទទួលបាននូវទំនៀមទម្លាប់ និងប្រពៃណីល្អរបស់ខ្មែរ មានបញ្ញា និងកាយសម្បទាដែលមិននាំឱ្យមានគ្រោះថ្នាក់ ឬនាំឱ្យមានបន្ទុកដល់ជាតិ។
មាត្រា៨នេះជាគោលការណ៍ ចំណែកឯចាប់ពីមាត្រា៩ ដល់មាត្រា១៣ ជាករណីពិសេស។
ឧទាហរណ៍ មាត្រា១១បានចែងថា ចំពោះជនបរទេសណាដែលពុំមានលិខិតអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តែបានទទួលការអនុញ្ញាតត្រឹមត្រូវតាមច្បាប់ ហើយដែលចំណាយទុនវិនិយោគចាប់ពីចំនួន១,២៥០លានរៀល (ប្រមាណ ៣១២,៥០០ដុល្លា) ឡើងទៅ រយៈពេលស្នាក់នៅដែលមានចែងក្នុងចំណុច៣ នៃមាត្រា៨នេះត្រូវបានលើកលែង។
អនុក្រឹត្យចុះលេខ២៨៧សនក្រ.បក ឆ្នាំ២០១៣ បានកំណត់ថាជនបរទេសជាបុរស ឬជាស្ត្រីដែលទាមទារសញ្ជាតិខ្មែរត្រូវបំពេញបែបបទដូចជា ដាក់ពាក្យសុំ និងបំពេញបែបបទ បង់កម្រៃសេវារដ្ឋបាល និងត្រូវធ្វើសម្បថនៅតុលាការកំពូល។ ចុងក្រោយ ព្រះរាជក្រឹត្យផ្ដល់សញ្ជាតិខ្មែរត្រូវប្រគល់ជូនសាមីខ្លួនបន្ទាប់ពីបានធ្វើសម្បថរួច ដោយក្រសួងមហាផ្ទៃ។
ក្នុងប្រទេសកម្ពុជាមិនមានបទបញ្ញត្តិណាមួយអនុញ្ញាតជនបរទេសណាអាចក្លាយជាមន្ត្រី ឬកាន់តំណែងជាអ្នកតំណាងប្រជាពលរដ្ឋនោះឡើយ។ ចំពោះលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌជាច្រើនក្នុងការជ្រើសរើសក្លាយខ្លួនជាតំណាងរាស្រ្ត សមាជិកព្រឹទ្ធសភា សមាជិកគណៈរដ្ឋមន្ត្រី ចៅក្រម និងព្រះរាជអាជ្ញាជាដើម តម្រូវឱ្យមានបេក្ខជននោះមានសញ្ជាតិខ្មែរពីកំណើត។ ផ្ទុយពីនេះបើយោងតាមច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលវិញ បានអនុញ្ញាតបេក្ខជនដែលចង់ក្លាយខ្លួនជាមន្ត្រី តម្រូវឱ្យមានសញ្ជាតិខ្មែរ។
ក្រៅពីការអាចក្លាយខ្លួនជាមន្រ្តីរាជការ ឬតំណែងនយោបាយជាដើម ប្រជាពលរដ្ឋខ្មែរដែលទទួលបានសញ្ជាតិខ្មែរត្រូវបានរដ្ឋគាំពារ ទោះបីជននោះនៅក្រៅប្រទេសប្រទេសក៏ដោយ។ ដោយឡែកមាត្រា៨ កថាខណ្ឌទីមួយ នៃច្បាប់ភូមិបាលបានកំណត់ថា «មានតែរូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិខ្មែរទេទើបមានសិទ្ធិជាកម្មសិទ្ធិលើដីនៃព្រះរាជាណាចក្រកម្ពុជា។
ដូចគ្នានេះផងដែរ រដ្ឋធម្មនុញ្ញបានកំណត់ថា ប្រជារាស្រ្តខ្មែរមិនអាចត្រូវបានដកសញ្ជាតិនោះទេ ដែលស្របតាមសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សដែលចែងថា មនុស្សគ្រប់រូបមានសិទ្ធិទទួលបានសញ្ជាតិមួយផងដែរ៕