អង្គការសង្គមស៊ីវិល និងសហគមន៍ ចំនួន១២ស្ថាប័ន នៅទី១ ខែមិថុនា ឆ្នាំ២០២១នេះ ប្រកាសគ្រោងប្រារព្ធទិវាបរិស្ថានពិភពលោក ក្រោមប្រធានបទ «បរិស្ថានជាបញ្ហាសកលដែលគ្រប់គ្នាមានសិទ្ធិ និងករណីយកិច្ចចូលរួមការពារថែរក្សាប្រកបដោយបរិយាប័ន្ន» តាមរយៈប្រព័ន្ធអនឡាញ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់អង្គការសមាគមដែលមានដូចជា សមាគម បណ្ដាញយុវជនកម្ពុជា អង្គការអភិវឌ្ឍធនធានយុវជន និងស្ថាប័នសង្គមស៊ីវិលជាច្រើនទៀតសរុបចំនួន១២ ចេញនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ការប្រារព្ធទិវាបរិស្ថានពិភពលោកតាមអនឡាញនេះ នឹងធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៥ ខែមិថុនា។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា ការប្រារព្ធទិវាបរិស្ថានក្នុងឆ្នាំនេះគោលបំណងសំខាន់ចំនួន៤ ទីមួយដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់បរិស្ថាន ធនធានធម្មជាតិ និងព្រៃឈើទៅដល់យុវជន និងប្រជាពលរដ្ឋទូទៅ ទីពីរលើកទឹកចិត្ត បំផុស និងផ្ដល់ឱកាសដល់យុវជនដើម្បីចាប់ផ្ដើមចូលរួមដោះស្រាយបញ្ហាបរិស្ថាន ទីបីជំរុញឱ្យមានការបើកទូលាយ និងសហការគ្នារវាងសាធារណជន និងភាគីពាក់ព័ន្ធ ដើម្បីបញ្ឈប់បទល្មើស និងសកម្មភាពនានា ដែលបំផ្លាញធនធានធម្មជាតិ និងបរិស្ថាន និងទីបួនស្នើឱ្យក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ ជួយសម្រួលភាពងាយស្រួលដល់សាធារណជនក្នុងការចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិតាមច្បាប់ដែលបានកំណត់។
សេចក្តីថ្លែងការណ៍នោះបញ្ជាក់ថា៖ «ការយល់ដឹងពីសារៈសំខាន់របស់បរិស្ថាន ធនធានធម្មជាតិ និងព្រៃឈើ ដល់យុវជន សាធារណៈជន ធ្វើឱ្យពួកគេបានចូលរួមប្រារព្ធទិវាបរិស្ថានប្រកបដោយបរិយាប័ន្ន និងការទទួលខុសត្រូវ ក្នុងការរួមចំណែកការពារបរិស្ថាន និងការអភិរក្សប្រកបដោយនិរន្តរភាព»។
ក្រុមសង្គមស៊ីវិលទាំង១២ក៏បានបន្ថែមក្នុងសេចក្តីថ្លែងការណ៍ននោះថា ការប្រារព្ធទិវាបរិស្ថានពិភពលោកឆ្នាំ២០២១នេះ នឹងជំរុញទឹកចិត្ត បំផុសគំនិតដល់យុវជននិងអ្នកស្រឡាញ់បរិស្ថានអាចសម្តែងក្តីកង្វល់ ឱ្យមានការដោះស្រាយបញ្ហាគំរាមគំហែងដល់បរិស្ថាន ធនធានធម្មជាតិនិងព្រៃឈើ ដល់អ្នកមានកាតព្វកិច្ច។ នេះបើតាមសេចក្តីប្រកាសព័ត៌មានខាងលើ។
ពួកគេបញ្ជាក់ថា៖ «កិច្ចសហប្រតិបត្តិការរវាងសាធារណជន យុវជន និងអ្នកមានកាតព្វកិច្ច រួមគ្នាដើម្បីទប់ស្កាត់បទល្មើសព្រៃឈើនិងសកម្មភាពនានាដែលប៉ះពាល់បរិស្ថាន ដូចជាការទន្ទ្រានយកដីព្រៃ និងការដឹកជញ្ជូនឈើក្នុងតំបន់ការពារធម្មជាតិ និងបង្កផលប៉ះពាល់ដល់សហគមន៍ជនជាតិដើមភាគតិចជាដើម»។
អ្នកសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក អូត ឡាទីន បានឲ្យដឹងថា ការរៀបចំកម្មវិធីទិវាបរិស្ថានតាមប្រព័ន្ធអនឡាញគឺជាការបត់បែន និងស្របតាមកាលៈទេសៈជាក់ស្ដែងខណៈកម្ពុជាកំពុងមានការរីករាលដាលនៃជំងឺកូវីដ១៩៖ «ខ្ញុំយល់ថា ការរៀបចំកម្មវិធីទិវាបរិស្ថាន តាមអនឡាញក្នុងឆ្នាំនេះ គឺជាការបត់បែនខ្ពស់ស្របតាមស្ថានការណ៏ជាក់ស្ដែង នៃការរីករាលដាល នៃការឆ្លងវីរុសកូវីត-១៩ដែលយើងមិនអាចជួបជុំគ្នាបាន» ។
លោកបន្តថា ការរៀបចំទិវាបរិស្ថាននេះគឺជាការចូលរួមចំណែកក្នុងការផ្សព្វផ្សាយ ចំណេះដឹងអំពីបរិស្ថាន ទៅកាន់ប្រជាពលរដ្ឋទូទៅ និងលើកឡើងពីក្ដីបារម្ភរបស់ពួកគេ ជុំវិញការបំពុលបរិស្ថាន ការកាប់បំផ្លាញព្រៃឈើ និងជម្រុញឱ្យមានការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព និងបញ្ឈប់ការចោទប្រកាន់ទៅលើក្រុមសកម្មជនដែលការពារធនធានធម្មជាតិ និងបរិស្ថានរួមជាមួយនឹងការបើកចំហរសេរីភាពដល់សហគមន៍មូលដ្ឋានក្នុងការចុះល្បាត និងការពារព្រៃឈើដែលជាសម្បត្តិរបស់យើងទាំងអស់គ្នា។
បើតាមលោក អូត ឡាទីន ការប្រារព្ធទិវាបរិស្ថានពិភពលោកនេះ ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១២មកម្ល៉េះ ប៉ុន្តែពីរឆ្នាំចុងក្រោយនេះ ទិវាបរិស្ថានពិភពលោកត្រូវបានរៀបចំឡើងដោយមិនមានការជូបជុំនោះទេ ដោយសារតែស្ថានភាពកូវីដ១៩មិនទាន់មានភាពធូរស្រាលនៅឡើយ។
Newsroom Cambodia មិនអាចសុំការអធិប្បាយពីលោក នេត ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានបានទេ ដោយលោកប្រាប់ថា លោកកំពុងជាប់ប្រជុំ។
ក្រសួងបរិស្ថានក៏បានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បញ្ជាក់ពីការរៀបចំប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥មិថុនានេះ ក្រោមប្រធានបទ «ជីវៈចម្រុះ និងសុខភាពមនុស្ស» ដោយប្រើប្រាស់បណ្ដាញសង្គមទាំងអស់ដែលខ្លួនមាន៕