រដ្ឋបាលរាជធានីភ្នំពេញ នៅដើមខែមិថុនានេះ បានចេញសេចក្តីសម្រេចឱ្យផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរឬអាជីវកម្ម និងការជួបជុំប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញវិធានការរដ្ឋបាលមួយថ្មីទៀត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយផ្អាកជាបណ្តោះអាសន្នចំពោះការងារ អាជីវកម្ម និងការជួបជុំប្រមូលផ្តុំមនុស្សជា លក្ខណៈឯកជន សម្រាប់រយៈពេល ១៤ថ្ងៃទៀត ដោយគិតចាប់ពីម៉ោងសូន្យ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។
ក្នុងសេចក្តីសម្រេចនោះ បានកំណត់ឱ្យផ្អាកជាបណ្តោះអាសន្នចំពោះ សាលារៀនគ្រប់ប្រភេទដែលត្រូវជួបបង្រៀនផ្ទាល់ អាជីវកម្មក្លឹបកម្សាន្ត កាស៊ីណូ រមណីយដ្ឋាន សារមន្ទីរ កន្លែងម៉ាស្សា រោងភាពយន្តសិល្បៈ និងមជ្ឈមណ្ឌលកីឡានានា ព្រមទាំងមុខរបរ អាជីវកម្មផ្សេងទៀត ទៅតាមស្ថានភាពជាក់ស្តែង។
រដ្ឋបាលរាជធានីភ្នំពេញនឹងមិនអនុញ្ញាតឱ្យមានការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនលើសពី១៥នាក់ ក្នុងរយៈពេលការផ្អាកជាបណ្តោះអាសន្ននេះ។
ប៉ុន្តែមានករណីលើកលែង ដូចជាការជួបជុំក្នុងគ្រួសារសាច់ញាតិក្នុងលំនៅដ្ឋានតែមួយ កម្មវិធីប្រពៃណី និងសាសនា បុណ្យសពដោយគោរពតាមគោលការអាជ្ញាធរ និងមានលទ្ធផលតេស្តកូវីដ១៩អវិជ្ជមាន ការជួបជុំស្ថាប័នសាធារណៈ សកម្មភាពការងារបុគ្គលិកសុខាភិបាលដើម្បីយកសំណាកមេរោគកូវីដ១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ចដែលបម្រើប្រយោជន៍សាធារណៈ និងការជួបជុំផ្សេងៗទៀតតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្តែង។
រដ្ឋបាលរាជធានីភ្នំពេញក៏បានបញ្ជាក់បន្ថែមថា៖ «រាល់សកម្មភាព មុខរបរ និងអាជីវកម្ម និងការជួបប្រមូលផ្តុំដែលមិនបានហាមឃាត់ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលយ៉ាងម៉ឺងម៉ាត់ តម្រូវឱ្យរក្សាគម្លាត ពាក់ម៉ាស់ វាស់កម្តៅ ការធ្វើអនាម័យសម្លាប់មេរោគ ស្កេន QR Code ឱ្យបានខ្ជាប់ខ្ជួនជានិច្ច ដោយអនុវត្តវិធានការ «៣ការពារ និង ៣កុំ» របស់រាជរដ្ឋាភិបាល»។
សេចក្តីសម្រេចដដែលនោះបានបញ្ជាឲ្យរដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធនានា ត្រូវអនុវត្តវិធានការរដ្ឋបាលនេះ ឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
សេចក្តីសម្រេចនោះបញ្ជាក់ថា៖ «ក្នុងករណីរកឃើញថាបុគ្គល ឬស្ថាប័នណា បំពានវិធានការនេះ នឹងទទួលទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមទាំងផ្សព្វផ្សាយជាសាធារណៈចំពោះបុគ្គលល្មើស ទៅតាមច្បាប់ស្តីពិវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុទ្ធពាក់ព័ន្ធជាធរមាន ដោយគ្មានលើកលែង»។
គិតត្រឹមព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប ៣២,១៨៩នាក់ អ្នកជាសះស្បើយសរុប ២៤,៧៦៣នាក់ និងនាក់ស្លាប់បានកើនឡើងដល់២៣៦នាក់៕