ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី៤ ខែមិថុនា ដោយបញ្ជាក់ពីការរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ ប្រភេទវីរុសបម្លែងថ្មី លើពលករចំនួន៣នាក់ ហើយថាការរកឃើញនេះមានភាពគួរឱ្យព្រួយបារម្ភ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងមួយជាសាធារណៈ ដោយសម្តែងពីការព្រួយបារម្ភជុំវិញការរកឃើញវីរុសបម្លែងថ្មីប្រភេទ B.1.617 មកពីប្រទេសឥណ្ឌា។ លោកបានណែនាំដល់មន្ទីរសុខាភិបាលខេត្តដែលពាក់ព័ន្ធទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ និងអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស និងបន្តស្រាវជ្រាវឱ្យបានម៉ត់ចត់។
នៅក្នុងសេចក្តីជូនដំណឹងខាងលើនោះបានបញ្ជាក់ថា៖ «កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ វិទ្យាស្ថានប៉ាស័្ទរកម្ពុជាបានវិភាគសំណាកលើពលករកម្ពុជាដែលបានត្រលប់មកពីប្រទេសថៃតាមច្រកអូរស្មាច់ចំនួន៣នាក់ ហើយបានរកឃើញមេរោគកូវីដ១៩ ប្រភេទវីរុស បម្លែងថ្មីឈ្មោះ B.1.617»។
បច្ចុប្បន្ននេះពលករដែលរកឃើញថាមានផ្ទុកមេរោគកូវីដ១៩ប្រភេទថ្មីនោះ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ មន្ទីរពេទ្យឯកភ្នំ និងមន្ទីរពេទ្យមោងឫស្សីខេត្តបាត់ដំបង។ នេះបើតាមសេចក្តីជូនដំណឹងខាងលើ។
លោក ម៉ម ប៊ុនហេង បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងនោះថា៖ «មន្ទីរសុខាភិបាលខេត្តដែលពាក់ព័ន្ធ ក៏ដូចជាមន្ទីរសុខាភិបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងអនុវត្តតាមគោលការណ៍ស្តង់ដារបច្ចេកទេសការពារការចម្លងទៅកាន់បុគ្គលម្នាក់ៗ ការដាក់ឱ្យនៅដោយឡែកពីគ្នា ព្រមទាំងបន្តការស្រាវជ្រាវឱ្យហ្មត់ចត់ លើកករណីសង្ស័យ នៅតាមទីតាំងដែលរកឃើញវិជ្ជមានវីរុសកូវីដ-១៩»។
លោកបន្ថែមថា៖ «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តវិធានការ ៣ការពារនិង ៣កុំរបស់រដ្ឋាភិបាល និងធានការផ្សេងៗតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ និងបញ្ចៀសការឆ្លងរាលដាលទ្រង់ទ្រាយធំជំងឺកូវីដ១៩ចូលក្នុងសហគមន៍»។
សូមបញ្ជាក់ថា វីរុសបម្លែងថ្មីប្រភេទ B.1.617 នេះបានធ្វើឱ្យពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំង។ រហូតមកដល់ពេលនេះ មានប្រទេសចំនួន៧ហើយនៅក្នុងតំបន់អាស៊ាន មានវត្តមានវីរុសបម្លែងថ្មីប្រភេទនេះ រួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម និងកម្ពុជា៕