ក្រសួងសុខាភិបាលនៅថ្ងៃទី៤ ខែមិថុនា ប្រកាសពីការដាក់ឱ្យអនុវត្តគម្រោងដកស្រង់មេរៀនបទពិសោធន៍ពីប្រទេសចិន លើសមត្ថភាពឆ្លើយតបនឹងជំងឺកូវីដ១៩ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ចំពោះការគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រនិងប្រគល់ទទួល បរិក្ខាវេជ្ជសាស្ត្រ ក្រោមជំនួយរបស់រដ្ឋាភិបាលចិនដល់កម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ការប្រកាសពីគម្រោងនេះធ្វើឡើងដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង ឯកអគ្គរដ្ឋទូតចិន លោក វ៉ាង វិនធៀន និងប្រធានកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ លោក Nick Beresford តាមរយៈវីដេអូសន្និសីទ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។
សេចក្តីប្រកាសនោះបញ្ជាក់ថា៖ «ដាក់ឱ្យអនុវត្តគម្រោងដកស្រង់មេរៀនបទពិសោធន៍ពីប្រទេសចិន ដើម្បីលើកកម្ពស់សមត្ថភាពឆ្លើយតបនឹងជំងឺកូវីដ១៩នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រនិងប្រគល់ទទួលឧបករណ៍បរិក្ខាវេជ្ជសាស្ត្រ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនដល់ប្រជាជនកម្ពុជា សម្របសម្រួលដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)»។
លោក ម៉ម ប៊ុនហេង បានថ្លែងនៅក្នុងសេចក្តីជូនដំណឹងនោះថា ពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោង និងការប្រគល់នូវឧបករណ៍បរិក្ខាវេជ្ជសាស្ត្រនេះ ជាការរួមចំណែកយ៉ាងសំខាន់ ជំរុញការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩បានឆាប់រហ័ស។
លោកបញ្ជាក់ថា៖ «នេះជាមោទនភាពថ្មីមួយទៀត តាមរយៈកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ប្រទេសចិនបានផ្តល់ឧបករណ៍បរិក្ខារវេជ្ជសាស្ត្រចំនួន១២មុខ សម្រាប់គ្រប់គ្រងសំណល់វេជ្ជសាស្ត្រ និងពង្រឹងការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ»។
នៅក្នុងសេចក្តីប្រកាសព័ត៌មានខាងលើបន្ថែមថា គិតចាប់ពីខែមករា ឆ្នាំ២០២០មក ប្រទេសចិនបានផ្តល់ជំនួយដល់កម្ពុជាសរុបទឹកប្រាក់ជាង១០លានដុល្លារអាមេរិក ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ និង ជំនួយវ៉ាក់សាំងស៊ីណូហ្វាមចំនួនមួយលានប្រាំពីរសែនដូស មកដល់កម្ពុជា៕