សហជីព ​និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ​២២​ នៅ​ថ្ងៃ​សុក្រ​​ ទី៣ ខែ​ឧសភា​នេះ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​ដោយ​អំពាវ​នាវ​សារ​ជា​ថ្មី​ឱ្យ​មាន​ការ​ដោះ​លែង​អ្នក​ទោស​មនសិការ​ ដោយសារ​ពួក​គេ​បារម្ភ​​ពី​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ក្នុង​ពន្ធនា​គារ​។

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR) មជ្ឃម​ណ្ឌល​សម្ព័ន្ធ​ភាព​ការ​ងារ​ និង​សិទ្ធិ​មនុស្ស ​(CENTRAL) និង​សហជីព​ សង្គម​ស៊ីវិល​ចំនួន ​២០​ទៀត ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៏​រួម​សារ​ជា​ថ្មីនេះ​ បន្ទាប់​ពី​មាន​របាយ​ការណ៏​​ស្ដី​ពី​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ពន្ធនាគារ។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៏​រួម​នោះ​ផង​ដែរ​ សង្គម​ស៊ីវិល​ទាំង​នោះ​ក៏​បាន​លើក​ឡើង​ថា​ សុវត្ថិភាព​ និង​សុខភាព​របស់​អ្នក​ទោស​មន​​សិការ​ទាំង​អស់​គឺ​ជា​ទំនួល​ខុស​ត្រូវ​របស់​រដ្ឋា​ភិបាល​។ បន្ថែម​ពី​នេះ​សេចក្ដី​ថ្លែង​ការណ៏​ក៏​បាន​បញ្ជាក់​ថា​ «ដោយ​មើល​ឃើញ​ពី​របាយ​ការណ៍​នៃ​ករណី​កើត​ឡើង​នៃ​ជំងឺ​កូវីដ​១៩​ នៅ​ក្នុង​ពន្ធនាគារ​កម្ពុជា​ រួមផ្សំ​នឹង​ចំនួន​អ្នក​ទោស​ច្រើន​ពេក​នៅ​ក្នុង​ពន្ធនា​គារ​, យើង​ខ្ញុំ​សូម​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ដោះ​លែង​អ្នក​ទោស​មន​សិការ​អហិង្សា​ទាំង​អស់​ ដែល​ជា​វិធាន​ការ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​បណ្ដាល​មក​ពី​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​»។

សេចក្ដី​ថ្លែង​ការណ៍​ដដែល​ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ប្រទេស​ប្រជា​ធិបតេយ្យ​ រដ្ឋា​ភិបាល​មិន​ត្រូវចោទ​ប្រកាន់​ ឬ​ផ្ដន្ទា​ទោស​ចំពោះ​អ្នក​ទោស​មន​សិការ​ឡើយ​។ ផ្ទុយ​ទៅ​វិញ​រដ្ឋា​ភិបាល​គួរ​តែ​លើក​ទឹក​ចិត្ត​ដល់​ពលរដ្ឋ​សកម្ម​ ដែល​រួម​ចំណែក​ដល់​ការ​ធ្វើ​ឱ្យ​សង្គម​មាន​ភាព​ប្រសើរ​ឡើង​ ដែលស្រប​នឹង​មាត្រា​៥១​ នៃ​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​ថា ​«ពលរដ្ឋ​កម្ពុជា​គឺជា​ម្ចាស់​នៃ​ប្រទេស​របស់​ខ្លួន​»។

ជាង​នេះ​ទៅ​ទៀត​ សេចក្ដី​ថ្លែង​ការណ៍​បាន​ចង្អុល​បង្ហាញ​ថា​ ប្រសិន​បើ​ពលរដ្ឋ​មិន​អាច​ចូល​រួម​ក្នុង​កិច្ច​ការ​សង្គម​និង​បញ្ចេញ​មតិ​របស់​ពួកគេ​ទេ​ នោះ​ពលរដ្ឋ​មិន​អាច​ក្លាយ​ជា​ម្ចាស់​ប្រទេស​បាន​ឡើយ​។

តាម​សេចក្ដី​ថ្លែង​ការ​នេះ​ដែរ​ អ្នក​ទោស​មន​សិការ​សំដៅ​លើ​បុគ្គល​ដែល​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក​​ដោយ​សារ​តែ​ការ​បញ្ចេញ​មតិ​ដោយ​សន្ដិ​វិធី​ទាក់​ទង​នឹង​បញ្ហា​នយោបាយ​ សង្គម​ ជំនឿ​សាសនា​ឬ​ជំនឿ​ផ្សេងៗ​តាម​មនស្សការ​ឬ​អត្ថសញ្ញាណ​របស់​ពួកគេ​។

ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ថ្លែង​ការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល ​លោកជិន មាលីន ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​យុត្តិធម៌ ​និង​ជា​អ្នក​នាំ​ពាក្យ​ គណៈ​កម្មការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋា​ភិបាល​ តាម​រយៈ​គណនី​ហ្វេស​បុក​ បាន​បដិសេធ​ទាំង​ស្រុង​ថា​ការ​ចេញ​សេចក្ដី​ថ្លែង​ការណ៏​ស្នើ​សុំ​ឱ្យ​មាន​ការ​ដោះ​លែង​អ្នក​ទោស​មន​សិការ​ ថាជា​​ការ​​មិន​​សម​​ស្រប​​ ខុស​នឹង​នីតិវិធី​ច្បាប់​និង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ និង​មាន​ចរិត​ជា​នយោបាយ​។

លោក​បាន​លើក​នៅ​មូល​ហេតុ​ប្រាំ​ចំណុច​រួម​មាន​ រដ្ឋា​ភិបាល​មិន​មាន​អំណាច​ដោះ​លែង​អ្នក​ជាប់​ឃុំ​ដែល​ស្ថិត​ក្រោម​សម្ថកិច្ច​របស់​តុលា​ការ​ និង​គ្មាន​បុគ្គល​ឬ​ស្ថា​ប័ន​ណា​បញ្ជា​តុលា​ការ​បាន​ទេ​។ លោកបានបន្តថា​ មិន​មាន​អ្នក​ទោស​មនសិការ​ទេ​ កា​រ​ដោះ​លែង​មិន​មែន​ជា​វិធាន​ការ​សម​ស្រប​ទេ​ រដ្ឋា​ភិបាល​មាន​វិធាន​ការ​គ្រប់​គ្រង​ ហើយ​ការ​អំពាវ​នាវ​របស់​សង្គម​ស៊ីវិល​ ផ្ទុយ​នឹង​ច្បាប់​និង​មាន​លក្ខណៈ​នយោបាយ​។

គួរ​រំលឹក​ផង​ដែរ​ថា​តាំង​ពី​សប្ដាហ៍​មុន​មកម្លេះ ​មាន​ការ​ឆ្លង់​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ពន្ធនាគារ​ចំនួន​បី​រួម​មាន​ ពន្ធនាគារ​រាជធានីភ្នំពេញ ពន្ធនាគារ​ខេត្ត​កណ្ដាល​ និងពន្ធនាគារ​ខេត្ត​ព្រះសីហនុ ​ដែល​មាន​ការ​រក​ឃើញ​វិជ្ជ​មាន​កូវី​ដ​១៩​ជាង ១០០នាក់៕

​​