ស្ថានទូតខ្មែរប្រចាំប្រទេសវៀតណាម នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ បានជូនដំណឹងដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសវៀតណាមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រែប្រួលអាកាសធាតុ ក្នុងអំឡុងខែមិថុនា ដល់ខែវិច្ឆិកា ខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតខ្មែរប្រចាំប្រទេសវៀតណាម ចេញនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ បានជូនដំណឹងដល់និសិ្សត សិក្ខាកាម យោធា នគរបាល និងប្រជាពលរដ្ឋខ្មែរដែលកំពុងសិក្សាស្នាក់នៅវៀតណាម ឲ្យមានការប្រុងប្រយ័ត្នចំពោះការឡើងកម្តៅខ្ពស់ និងមានព្យុះនៅសមុទ្រខាងកើតប្រទេសវៀតណាម។
ក្នុងសេចក្តីជូនដំណឹងដដែលបានរៀបរាប់ថា៖ «កាសែត Vietnam News ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ បានដកស្រង់ការលើកឡើង របស់អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តុនិយម និងជលសាស្រ្តនៃក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាមថា អំឡុងខែមិថុនា និងកក្កដា កម្តៅក្តៅខ្លាំងអាចនឹងគ្របដណ្តប់ភាពខាងជើង រីឯភាគកណ្តាលនឹងមានកម្តៅពីខែមិថុនា ដល់ខែសីហា ហើយតំបន់ខ្លះអាចក្តៅដល់៤១ ដល់៤២អង្សារសេ។ ឆ្នាំនេះមានព្យុះប្រមាណ១២ ទៅ១៤ នឹងកើតមាននៅសមុទ្រខាងកើត ក្នុងនោះព្យុះប្រមាណពី៥ ទៅ៧ នឹងបោកបក់មកដីគោកវៀតណាម»។
គួរបញ្ជាក់ថា ក្រៅពីការក្រើនរំឮកឲ្យប្រជាពលរដ្ឋខ្មែររស់នៅវៀតណាម មានការប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ហើយក៏បានឲ្យប្រជាពលរដ្ឋថែររក្សាសុខភាពឱ្យបានល្អ ដើម្បីជៀសវាងការឆ្លងវីរុសកូវីដ១៩ ទៅដល់សហគមន៍ដែលខ្លួនកំពុងរស់នៅ៕