ក្រសួងពាណិជ្ជកម្មនៅថ្ងៃពុធ ទី៩ ខែមិថុនា ឆ្នាំ២០២០១នេះ បានប្រកាសឲ្យអាជីវកម្មមកចុះឈ្មោះទុកជាមុន បើសិនចង់លក់ផលិតផលរបស់ខ្លួននៅលើគេហទំព័រ cambodiatrade.com ដែលទើបតែបង្កើតឡើងថ្មីៗដោយក្រសួង។
តាមរយៈសេចក្តីប្រកាស ក្រសួងពាណិជ្ជកម្មបាននិយាយថាផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចមួយនេះ មានគោលបំណងជួយដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការលក់ផលិតផលដល់អតិថិជនសក្តានុពលទាំងក្នុងស្រុក និងក្រៅស្រុក។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសដដែលនោះថា សហគ្រាសធន់តូច និងមធ្យមអាច ប្រើប្រាស់ផ្សារនេះបានលុះត្រាណាតែបានចុះឈ្មោះជាផ្លូវការរួចហើយជាមួយក្រសួង ឬមានលិខិតអនុញ្ញាតប្រកបអាជីវកម្មដែលមានវិញ្ញាបនបត្រពន្ធប៉ាតង់ និងលេខអត្តសញ្ញាណសារពើពន្ធមានសុពលភាព និងលក់ផលិតផលដែលផលិតនៅប្រទេសកម្ពុជាប៉ុណ្ណោះ។
ក្រោយពេលការចុះឈ្មោះនិងអនុម័តរួចហើយ សហគ្រាសធុនតូចនិងមធ្យមអាចបង្ហោះផលិតផលរបស់ខ្លួននៅលើទំព័រហាងរបស់ខ្លួនបាន ហើយផលិតផលទាំងនោះនឹងត្រូវបានដាក់បង្ហាញនៅលើផ្សារនៅពេលដែលផ្សារបានដាក់ដំណើរការជាផ្លូវការ។ នេះតាមសេចក្តីប្រកាសក្រសួងដដែល៕