អង្គការចលនាមាតាធម្មជាតិ (Mother Nature Cambodia) បានសំដែងការមិនពេញ ចិត្តនាពេលថ្មីៗនេះចំពោះការហាមប្រាម មិនឱ្យ «អ្នកទោសមនសិកា» ការពារបរិស្ថានជួប ឬទំនាក់ទំនងជាមួយគ្រួសារ ពេលកំពុងជាប់ឃុំឃាំង ដោយបានចោទវាផ្ទុយពីច្បាប់នៃពន្ធនាគារមានចែងជាធរមានថា ពួកគាត់មានសិទ្ធិទទួល និងផ្ញើរលិខិតឆ្លើយឆ្លង។
យោងទៅតាមសារដែលបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួន អង្គការ Mother Nature Cambodia នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ក៏បានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធ ចេញមុខមកស្រាយបំភ្លឺផងដែរចំពោះការហាមប្រាមនេះ។
អង្គការនេះបាននិយាយផងដែរថាការបដិសេធមិនឲ្យមានទំនាក់ទំនងនេះ មានរយៈពេល ៤ខែមកហើយដោយសំអាងថាដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ ១៩ នៅខាងក្នុងពន្ធនាគារ។
«ការរឹតត្បិតនេះបង្ហាញពីការរើសអើងមកលើសកម្មជនបរិស្ថាន ដែលតែងតែការពារផលប្រយោជន៍ជាតិខ្មែរ ដែលយើងខ្ញុំ គ្រួសារសកម្មជន ព្រមទាំងប្រជាពលរដ្ឋខ្មែរ មិនអាចទទួលយកបានទាល់តែសោះ។»
យោងតាមសារបង្ហោះដដែលនោះ ពួកគាត់បានសូមទាមទារឱ្យមានការពន្យល់ជាសាធារណ:ពីសំណាក់ក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានពន្ធនាគារចំពោះការរឹតត្បិតនេះ បញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើសកម្មជនបរិស្ថាន និងអ្នកស្នេហាជាតិខ្មែរ និងគោរពច្បាប់ស្តីពីពន្ធនាគារអោយបានត្រឹមត្រូវ។
សារដដែលនេះទទួលបានការស៊ែរប្រមាណជាង ៥០០ដងក្នុងពេលមិនទាន់បាន ២៤ម៉ោងបានបញ្ជាក់ទៀតថា ការដែលមិនអនុញ្ញាតឱ្យក្រុមគ្រួសាររបស់ អ្នកទោសដែលជាសកម្មជនការពារបរិស្ថានមានទំនាក់ទំនងអ្វីទាំងអស់ សូម្បីជាក្រោមរូបភាពបែបសួរសុខទុក្ខក៏ដោយនោះ គឺចាត់ទុកថា ជាការរំលោភបំពានទៅលើសិទ្ធិក្នុងការទាក់ទងគ្រួសារតាមរយ:សំបុត្រ និងតាមរយ:ប្រព័ន្ធទូរស័ព្ទដៃ ខណ:ដែលមាត្រាទី៣២ និង៣៧ នៃច្បាប់ស្តីពីពន្ធនាគារ ដែលចែងថា ជនជាប់ឃុំ មានសិទ្ធិទទួល និងផ្ញើរលិខិតឆ្លងឆ្លើយ។
លិខិតឆ្លងឆ្លើយរបស់ជនជាប់ឃុំត្រូវបើកនៅចំពោះមុខមន្រ្តីពន្ធនាគារ លើកលែងតែលិខិតរបស់មេធាវី ហើយលិខិតឆ្លងឆ្លើយរបស់ជនជាប់ឃុំ ត្រូវបានដកហូត ប្រសិនបើមានការពាក់ព័ន្ធដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ទូទៅ ទាំងក្នុង និងក្រៅពន្ធនាគារ។”
អ្នកស្រី ប៉ាត់ រស្មី ដែលជាភរិយារបស់លោកថុន រដ្ឋា ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ បានបង្ហើបប្រាប់ Newsroom Cambodia ថា ប្រហែលជាពួកគាត់មិនអាចផ្ញើរសំបុត្រឆ្លងឆ្លើយជាមួយទៅប្តីរបស់គាត់បាននោះទេ។
«និយាយទៅ គាត់អត់ដែលបានផ្ញើរសំបុត្រ ហើយខ្ញុំអត់ដែលបានផ្ញើរជាសំបុត្រទៅគាត់ទេ ប៉ុន្តែខ្ញុំជឿថាប្រសិនបើមន្ត្រីពន្ធនាគារ ឱ្យសរសេរសំបុត្រផ្ញើរទៅគ្រួសារបាន គាត់នឹងផ្ញើរហើយ។ ប៉ុន្តែនេះ ប្រហែលជាអត់បានទេ បានជាគាត់អត់សរសេរសំបុត្រមក។ ព្រោះអីធម្មតាទេ យើងតែងតែចង់ដឹងពីសុខទុក្ខគ្នាទៅវិញទៅមក។»
អ្នកស្រី ដែលមានវ័យ៣០ ឆ្នាំ ព្រមទាំងមានកូនប្រុសតូចមួយស្ថិតនៅក្នុងបន្ទុក មកពីខេត្តកណ្តាលមួយរូប បានបង្ហាញការយល់ឃើញរបស់ខ្លួនដោយក្តីព្រួយបារម្ភថា ការផ្តាច់ទំនាក់ទំនងគាត់ជាមួយស្វាមីរបស់គាត់ដែលកំពុងស្ថិតនៅក្នុងពន្ធនាគារព្រៃសនេះ ជាចេតនាក្នុងការលាក់ព័ត៌មានពីសុខទុក្ខរបស់អ្នកដែលជាប់ឃុំ ខណៈដែលនៅក្នុងពន្ធនាគារបច្ចុប្បន្នកំពុងមានវត្តមាននៃវីរុសកូវីដ ១៩។
យុវនារីឡុង សុខលីន ជាប្អូនស្រីបង្កើតរបស់កញ្ញាឡុង គន្ធាដែលជាសកម្មជនមួយរូបកំពុងជាប់ឃុំ បាននិយាយទាំងសំឡេងញ័រៗ ដោយក្តីព្រួយបារម្ភ ថាខ្លួនបានព្យាយាមសរសេរសំបុត្រសួរសុខទុក្ខទៅកាន់បងស្រីរបស់ខ្លួនជាច្រើនសារ ទោះបីជាបានឆ្លងកាត់ការត្រួតពិនិត្យអត្ថន័យសំបុត្រពីសំណាក់មន្រ្តីពន្ធនាគារយ៉ាងណាក្តី ក៏មិនត្រូវបានបញ្ជូនចូលទៅឱ្យបងស្រីរបស់ខ្លួនដែរ។
នេះជាហេតុបានធ្វើឱ្យយុវត្តីវ័យ ២១ឆ្នាំរូបនេះយល់ថាទង្វើរបែបនេះជាការបិទសិទ្ធិសេរីភាពក្នុងការទាក់ទងជាមួយ អ្នកផ្ទះដែលស្ថិតក្នុងពន្ធនាគារ ដែលនាំឱ្យខ្លួននិង អ្នកផ្ទះទាំងមូលនៅមិនស្ងប់ចិត្តទេ។
អ្នកនាំពាក្យរបស់នាយកដ្ឋានពន្ធនាគារ លោកនុត សវនា មិនអាចទាក់ទងដើម្បីសុំការបំភ្លឺបានទេនៅថ្ងៃទី១០ ខែមិថុនានេះ។
ក៏ប៉ុន្តែ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកខៀវ សុភ័គ បាននិយាយការពារវិធានការណ៏នេះដោយបានអះអាងថាត្រូវធ្វើឡើងក្រោមច្បាប់របស់តុលាការ។
លោកបានបន្តពន្យល់ថា៖ «ឧទាហរណ៍ ដូចជាខាងតុលាការកំពុងធ្វើការស៊ើបអង្កេត និតិវិធីរបស់តុលាការ គេហាមមិនឱ្យ ដោយដាក់ឱ្យយើងនៅតែម្នាក់ឯងក៏បានដែរ ព្រោះជួនកាលវាខូចព័ត៌មានរបស់គេ។ ដោយតុលាការមានសិទ្ធិហាមឃាត់មិនអាចឱ្យធ្វើអ្វីបាន៕»