ក្រសួងសុខាភិបាលនៅថ្ងៃសុក្រនេះប្រកាសថា នៅថ្ងៃទី១០ ខែមិថុនានេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន១១នាក់ និងមានអ្នកឆ្លងថ្មីចំនួន៦៥៥នាក់។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះបង្ហាញថា នៅថ្ងៃទី១០ ខែមិថុនាឆ្នាំ ២០២១ មានករណីឆ្លងថ្មីចំនួន៦៥៥នាក់ និងជាសះស្បើយ៨១០នាក់ និងមានអ្នកស្លាប់ថ្មីចំនួន១១នាក់។
គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបកើនដល់ ៣៧,៣២១នាក់ និងអ្នកជាសះស្បើយសរុបចំនួន៣០,៦១៧នាក់ និងអ្នកស្លាប់សរុបកើនដល់៣១១នាក់ ក្នុងរយៈពេលត្រឹម១៨ខែប៉ុណ្ណោះ ចាប់តាំងពីការរកឃើញដំបូងនៅចុងខែមករា ឆ្នាំ២០២០មក។
សេចក្តីជូនព័ត៌មានដដែលនោះបានបន្តទៀតថា៖ «ក្នុងចំណោមករណីឆ្លងថ្មីចំនួន៦៥៥នាក់នោះ ក្នុងនោះមានករណីឆ្លងថ្មីចំនួន៤៩នាក់គឺជាករណីនាំចូលពីក្រៅប្រទេស ហើយករណីនាំចូលពីក្រៅប្រទេសកើនសរុបដល់១,២៩៧នាក់»។
ជំងឺកូវីដ១៩នៅកម្ពុជាហាក់មិនទាន់មានភាពធូរស្បើយនៅឡើយ បើទោះបីជាមានអ្នកចាក់វ៉ាក់បានកើនឡើងដល់ជាង២លាននាក់ហើយក្តី៕