អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិកម្ពុជា​ នៅ​ថ្ងៃ​ទី​១២ ខែមិថុនា​នេះ បា​ន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​​​ប្រតិកម្ម​​ទៅនឹង​ការ​លើកឡើង​របស់​​ស្ថាន​ទូតសហ​រដ្ឋ​អា​មេរិកប្រចាំនៅ​កម្ពុជា​​ ដែល​​​​ថា ​កម្ពុជា​ពុំ​បាន​ផ្តល់​ភាព​ពេញ​លេញ​ដល់​ដំណើរ​​ទស្សន​​កិច្ចរបស់​អនុ​ព័ន្ធ​យោធា​អាមេរិក​ទៅកាន់​មូលដ្ឋានសមុទ្រ​រាម ដោយ​បាន​​ចាត់​ទុក​ថា ការ​លើកឡើង​​នេះជាការ​ព្យាយាម​បង្កើត​បញ្ហា​ថ្មី ​និង​បំភ្លៃ​ការពិត​។

ការ​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​កាពារជាតិ​កម្ពុជា ធ្វើ​ឡើង​បន្ទាប់​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃទី​១១​ខែមិថុនា ឆ្នាំ​២០២១ បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​​ថា៖ «មន្រ្តីយោធា​កម្ពុជាមិ​ន​បាន​អនុញ្ញាតឲ្យ​លោកអ​នុព័ន្ធយោ​ធា​ទៅ​មើល​គ្រប់​កន្លែង​នៅក្នុងមូលដ្ឋានកងទ័ពជើងទឹក​នោះទេ»។

ក្នុង​សារ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​ដដែល​បន្ថែមថា៖ «ស្នើសុំឲ្យ​មន្រ្តី​យោធា​កម្ពុជា​កំណត់​ពេល​ទស្សនកិច្ច​ឡើងវិញ​ ដោយអនុញ្ញាតឲ្យមានការដើរមើលគ្រប់កន្លែង នៅ​ក្នុង​ពេល​ខាងមុខឲ្យបានឆាប់បំផុត»។

ជាការ​ឆ្លើយ​តប អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិកម្ពុជា​នៅថ្ងៃ​ទី​១២​ ខែ​មិថុនា ​ឆ្នាំ២០២១​​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌​មានមួយ​បំភ្លឺ​ដល់​សាធារណ​មតិ​ជាតិ​ និង​អន្តរជាតិ​ ជុំ​វិញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅកម្ពុជា​ ដែល​បាន​ចោទ​ប្រ​កាន់​កម្ពុជា​ថា​ពុំ​បាន​ផ្តល់ភាព​ពេញ​លេញ​ដល់​ដំណើរ​ទស្សនកិច្ច​របស់​អនុព័ន្ធ​យោធា​អា​មេរិក​ ទៅ​កាន់​មូល​ដ្ឋាន​សមុទ្រ​រាម​ កាល​ពីថ្ងៃ​ទី​១១​ ខែ​មិថុនា ​ឆ្នាំ​២០២១កន្លងទៅនេះ​។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​​បញ្ជាក់​​ថា៖ «ក្រសួង​ការពារ​ជាតិ​បាន​យក​ចិត្ត​ទុកដាក់​​រៀប​ចំ​ឱ្យ​មាន​ដំណើរ​ទស្សនកិច្ច​ដូចមាន​ក្នុង​សេចក្តីសម្រេច​របស់​ លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ និង​អនុរដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​ លោកស្រី Wendy កាលពី​ថ្ងៃទី​១​ ខែ​មិថុនា​ ឆ្នាំ​២០២១ ​និងស្រប​តាម​ការសំណើរ​របស់​អនុព័ន្ធយោធា​អាមេរិក​នៅ​កម្ពុជា​ លោក​វរសេនីយ៍ឯក Marcus Ferrara»។

សេចក្តី​ប្រកាស​ដដែល​នោះ​បានបន្ថែម​ទៀត​ថា ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នៅ​មូលដ្ឋាន​សមុទ្រ​រាម​ ក្រុម​ការងារ​សម្របសម្រួល​ បាន​ព្យាយាម​បំពេញបំណង​របស់​ប្រតិភូ​អាមេរិក​​ ដោយ​អនុលោម​ទៅ​តាម​គោល​ការណ៍​ដែល​បាន​កំណត់​និង​ការព្រម​ព្រៀងគ្នា។ ក្នុង​ទស្សនកិច្ចនោះ​មានរយៈ​ប្រមាណ​ជា​៣ម៉ោង​ដោយ មាន​ជំនួប​ពិភាក្សា​ការងារដែលស្នើ​ដោយ​ភាគីអា​មេរិក ការទៅពិនិត្យ​មើល​អាគារ​សង់​ថ្មី​ ការពិនិត្យ​មើល​ផែ និង​នាវា​ ទស្សនា​រោងជាង មន្ទីរពេទ្យ ពិនិត្យមើល​សំណង់ទី​បញ្ជាការ​ជួរ​មុខ​ជាដើម។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែលក៏​បាន​បន្តថា៖ «ភាគីអាមេរិក​បានបង្កើត​ស៊ីណារីយ៉ូថ្មី​ភ្លាមៗ ដោយទាម​ទារ​ចូល​ទៅមើល​កន្លែង​ផ្សេងទៀត ដែលមិនបានស្នើសុំ​ពី​មុនមក»។​

​​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា ក្នុង​ដំណើរ​ទស្សនកិច្ចដដែលនោះ​ កម្ពុជា​មើលឃើញ​ពី​ភាព​មិន​ប្រ​ក្រតី និង​បង្ហាញ​ពី​ការ​មិនគោរព​ចំពោះ​អធិបតេយ្យ​កម្ពុជា​ ដែល​ជា​ចេតនា​ធ្វើ​មិន​យល់​ពី​លក្ខណ​ការណ៍​របស់​កង​ទ័ព ហើយ​ក្រុម​ការងារ​បាន​បដិសេធ​ចំពោះ​សំណើ​ថ្មីនោះ និង​ហាក់​បាន​បង្ហាញ​ពី​ភាព​មានះ​ផងដែរ​របស់​អនុ​ព័ន្ធ​យោធា​អា​មេរិក​នៅ​ក្នុង​ការ​ជំនះ​ចូល​ទៅ​កាន់​ទីនោះ​។

ក្រសួង​ការពារជាតិក៏​​បាន​ចាត់​ទុក​ថា​ប្រតិកម្ម​របស់​ស្ថាន​ទូត​សហ​រដ្ឋ​អា​មេរិក​ ជា​ការ​ព្យា​យាម​បង្កើត​បញ្ហា​ថ្មី​ និង​បំភ្លៃ​ការ​ពិត ដែល​នាំ​ឱ្យ​មាន​ភា​ព​ល្អក់​កករ​កាន់​តែ​ខ្លាំង​ឡើង​ដល់​ទំនាក់​ទំនង​យោធា​រវាង​ប្រទេស​ទាំងពីរ។ ​នេះ​ជា​ការលើក​ឡើង​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌ដដែលនេះ។

កម្ពុជាក៏​​បាន​ស្នើ​សុំ​ដោយ​ទទូចដល់​សហរដ្ឋ​អា​មេរិក ឱ្យបញ្ឈប់​ការ​បង្កើត​ស៊ីណា​រីយ៉ូ​ថ្មី​ៗ និង​ត្រូ​វ​គោរព​ដល់​អធិបតេយ្យ និង​លក្ខណការណ៍កងទព័កម្ពុជា​ផងដែរ។​

​សេចក្តីប្រកាស​ព័ត៌មានដដែល​នោះ​បាន​បញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជានៅតែ​គិត​លើ​សំណើ​ធ្វើ​ទស្សនកិច្ច​នាពេល​អនាគត​របស់​សហរដ្ឋ​អា​មេរិក​ ថានឹងពិចារណា​យ៉ាង​ហ្មត់ចត់​ តាម​ករណី​នីមួយៗ ហើយ​សកម្មភាព​ទាំងឡាយ​ណា​នៅ​ក្នុង​បរិវេណ​មូលដ្ឋានទ័ព​ដែល​បាន​ទទួល​ការ​អនុញ្ញាត គឺជាទស្សនកិច្ច​ ពុំមែន​ជាការ​ទៅធ្វើ​ការ​ត្រួតពិនិត្យ ឬ​ឆែក​ឆេរ​នោះ​ឡើយ។

កាល​ពី​អំឡុងខែ​កក្កដា ​ឆ្នាំ​២០១៩​ មាន​សារព័ត៌មាន​ក្រៅ​ប្រទេស​មួយ​បាន​ចុះ​ផ្សាយ​ថា​ កម្ពុជា​បាន​ព្រម​ព្រៀង​ជា​សម្ងាត់​ជាមួយ​ចិន​អំពី​ការ​ដាក់​កងទ័ព​ជើង​ទឹក​ចិន​នៅ​រាម តែ​ត្រូវបាន​រដ្ឋាភិបាលកម្ពុជា​​អះអាងថា​ជា​រឿង​ប្រឌិត៕

​​