ក្រសួងសុខាភិបាលនៅថ្ងៃសុក្រនេះ បានក្រើនរំឮកដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទាំងអស់ រួមគ្នាទប់ស្កាត់ជំងឺគ្រុនឈីកតាមសហគមន៍ ដើម្បីបញ្ចៀសការផ្ទុះឡើងខ្លាំងនាពេលខាងមុខ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានជូនដំណឹងដល់សាធារណជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ព្រមទាំងអង្គការដៃគូពាក់ព័ន្ធទាំងអស់ ជួយអន្តរាគមន៍ និងគាំទ្រដល់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមដើម្បីទប់ស្កាត់ការចម្លងជំងឺគ្រុនឈីកនៅតាមសហគមន៍ឱ្យមានប្រសិទ្ធភាពខ្ពស់។
ក្នុងសេចក្តីជូនដំណឹងនោះបន្ថែមថា ខណៈស្ថានភាពជំងឺគ្រុនឈីកនៅកម្ពុជាកំពុងកើនឡើង ដែលករណីសង្ស័យជំងឺគ្រុនឈីកមានដល់ទៅ៥១៤នាក់នោះ ក្រសួងបានណែនាំវិធានការដើម្បីទប់ស្កាត់ការកកើតសត្វមូសដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈីក។
ក្រសួងក៏បានក្រើនរំឮកឱ្យអនុវត្តវិធានការដូចជា ត្រូវសកម្មចូលរួមកម្ចាត់ដង្កូវទឹកនិងទីកន្លែងដែលមានទឹកដក់ មានសំបកកង់ឡាន សំបកដប ។ល។ ត្រូវធ្វើអនាម័យផ្ទះសម្បែង ផ្ទះត្រូវមានពន្លឺចេញចូល លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ គេងក្នុងមុងទាំងថ្ងៃ និងយប់ ជាដើម។
ក្នុងសេចក្តីជូនដំណឹងដដែល ក្រសួងបានបន្ថែមថា៖ «ករណីមានរោគសញ្ញាក្តៅខ្លួនលើសពី៣៨អង្សាសេ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលរបស់រដ្ឋ ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យដែលនៅជិតបំផុត»។
សេចក្តីជូនដំណឹងខាងលើនោះ បានបញ្ជាក់ថា មិនឱ្យសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្តៅខ្លាំងភ្លាមៗនេះដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលជំងឺក្នុងសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈីកនេះទេ។
ជំងឺគ្រុនឈីកមានភ្នាក់ងារចម្លងជាមូលខ្លាញី ហើយជំងឺនេះកើតលើមនុស្សគ្រប់វ័យទាំងកុមារ និងមនុស្សពេញវ័យ។ គេអាចការពារជំងឺនេះបានដោយកាត់ផ្តាច់ប្រភពចម្លង គឺបំបាត់ជម្រករបស់មូសខ្លាញី និងការពារមិនឱ្យមូសខាំ៕