កញ្ញាហឿន យូអៀង ជាសមាជិកស្ម័គ្រចិត្តនៃបណ្ដាញស្ត្រីអ្នកដឹកនាំវ័យក្មេង ហើយក៏ជាបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលមួយដែលមានតួនាទីជាមន្ត្រីផ្នែកសម្របសម្រួលផ្នែកទំនាក់ទំនង។ កញ្ញាបានបទសម្ភាសន៍ដល់សិក្ខាកាម Newsroom Cambodia កញ្ញាឆន រស្មី អំពីបញ្ហាស្ត្រីនិងបរិបទសង្គមមួយចំនួនដែលស្រ្តីកំពុងប្រឈម។
Q: ជម្រាបសួរបងស្រី! ជាបឋមសូមឱ្យបងអាចជួយណែនាំខ្លួនប្រាប់ប្អូនបន្តិច?
A: សួស្ដី! នាងខ្ញុំឈ្មោះហឿន យូអៀង ជាសមាជិកស្ម័គ្រចិត្តនៃបណ្ដាញស្ត្រីអ្នកដឹកនាំវ័យក្មេង ហើយក៏ជាបុគ្គលិកអង្ការក្រៅរដ្ឋាភិបាលមួយដែលមានតួនាទីជាមន្ត្រីផ្នែកសម្របសម្រួលផ្នែកទំនាក់ទំនង។
Q: បងទាក់ទងនឹងបរិបទសង្គម(social construction)មួយបាននិយាយថា«កូនស្រីមិនចាំបាច់រៀនច្រើនពេកទេ រៀនឱ្យចេះល្មមៗទៅបានហើយពេលមានកូន-ប្ដីទៅនៅផ្ទះដដែលហ្នឹង»តើបងយល់យ៉ាងណាដែរចំពោះបរិបទមួយនេះ?
A. សម្រាប់ឃ្លាតាមគំនិតរបស់ខ្ញុំផ្ទាល់តែម្ដង ខ្ញុំយល់ថាវាជាការយល់ឃើញតៗគ្នាពីមួយជំនាន់ទៅមួយជំនាន់ដោយសារតែមនុស្សប្រុសភាគច្រើនមានគំនិតថាខ្លួនឯងគួរតែជាមេគ្រួសារ ខ្លួនឯងគួរតែជាអ្នករកចំណូលហើយចិញ្ចឹមមនុស្សស្រី ហើយមនុស្សស្រីគួរតែជាអ្នកដែលនៅផ្ទះមើលថែទាំកូន នេះជាការយល់ឃើញរបស់មនុស្សនៅក្នុងសង្គមពីមួយជំនាន់ទៅមួយជំនាន់ ប៉ុន្តែ…ខ្ញុំគិតថាការគិតហ្នឹងជាការគិតដ៏លំអៀងបំផុតសម្រាប់មនុស្សស្រីស្របពេលដែលមនុស្សស្រីនៅផ្ទះមើលកូនហើយប្តីអ្នកចិញ្ចឹមគេគិតថាជាមនុស្សស្រីដែលមានសំណាង។
ផ្ទុយមកវិញខ្ញុំគិតថាការដែលមនុស្សស្រីបោះបង់ក្ដីស្រមៃខ្លួនឯងហើយរស់នៅរំពឹងចាំការមើលថែពីដៃគូរគឺជាការប្រថុយប្រថានមែនទែននៅពេលដែលយើងអត់មានចំណេះជំនាញខ្លួនឯងពិតប្រាកដណាមួយហើយយើងរំពឹងទៅលើការចិញ្ចឹមឬការយកចិត្តទុកដាក់មើលថែពីគេទាំងស្រុងគឺជីវិតរបស់យើងហ្នឹង អាចនិយាយបានថាវាប្រថុយប្រថាន។
ឧទាហរណ៌ថា នៅពេលដែលអត់មានគេឬក៏មានឧបទ្ទវហេតុនិយាយឱ្យអាក្រក់ស្ដាប់បន្តិចទៅមានរឿងអីកើតឡើងហើយយើងត្រូវរស់នៅដោយខ្លួនឯងតើយើងទៅរំពឹងអី? ចឹងវាប្រថុយប្រថានមែនទែនសម្រាប់ជីវិតរបស់មនុស្សស្រីដែលត្រូវទៅរស់នៅមើលថែគ្រួសារហើយអត់មានចំណេះជំនាញខ្លួនឯងផ្ទាល់។
អ៊ីចឹង! ឃ្លាដែលគេលើកឡើងថាអត់ចាំបាច់រៀនច្រើនគង់តែនៅផ្ទះ ទោះបីយើងគង់តែនៅផ្ទះក៏ដោយតែចំណេះដឹងនឹងជំនាញហាស! វាជួយយើងច្រើនមែនទែនក្រៅពីមានភាពឯករាជ្យខ្លួនឯង ផ្គត់ផ្គង់គ្រួសារបានល្អប្រសើរ អាចដោះស្រាយបញ្ហាបានគឺវាជារឿងចាំបាច់សម្រាប់ការរស់នៅរបស់យើង។
ឪពុកម្ដាយឬអាណាព្យាបាលដែលមានកូនស្រីភាគច្រើនគឺគាត់គិតថា ហ៊ឺស! គួរតែឱ្យកូនស្រីមានគ្រួសារទៅត្រូវបានគេមើលថែទាំគឺជីវិតរបស់កូនគាត់និងស្រួលនិងល្អប្រសើរ…អ៊ីចឹងទៅ ប៉ុន្តែតើគាត់ធ្លាប់ដែលគិតអត់ថាក្មេងស្រីត្រូវរស់នៅក្នុងជីវិតដែលរំពឹងទៅលើដៃគូរហ្នឹងវាប្រថុយប្រថានមួយសម្រាប់ពួកគេ អាចនិយាយបានថា៥០/៥០ដូចជាការយកជីវិតទៅផ្ញើគេ។
នោះជាការយល់ឃើញរបស់ខ្ញុំ ហើយចំណេះជំនាញ ការអប់រំមិនត្រឹមតែធ្វើឱ្យក្មេងស្រីមានទំនុកចិត្ត ភាពជឿជាក់ធ្វើជាម្ដាយល្អ ជំហរគ្រួសារល្អ និងគំរូល្អនោះទេពួកគេក៏អាចក្លាយជាអ្នកដឹកនាំដ៏ល្អដែរហើយពួកគេក៏អាចធ្វើឱ្យឪពុកម្ដាយមានមោទនភាពចំពោះពួកគេដែរក្រៅពីអាចធ្វើម្ដាយនៅក្នុងគ្រួសារឬក៏ជាប្រពន្ធនៅក្នុងគ្រួសារ។
Q: តើបងគិតថាក្មេងស្រីនៅតែទទួលរងនូវគំនៀបនេះភាគច្រើនកូនដែលស្ថិតក្នុងស្ថានភាពបែបគ្រួសារបែបណា(គ្រួសារក្រីក្រ មធ្យម មាន)?
A. សម្រាប់នាងខ្ញុំគិតថាក្មេងស្រីដែលស្ថិតក្នុងស្ថានភាពគ្រួសារក្រីក្រនិងមធ្យមព្រោះថាគ្រួសារក្រីក្រគាត់អាចនិងមានលទ្ធភាពគ្រាប់គ្រាន់ដើម្បីបញ្ជូនកូនគាត់ទៅសាលារៀន អ៊ីចឹងហេតុផលមួយហ្នឹងក៏អាចសម្រួលដល់គាត់ដែលអត់ចាំបាច់ត្រូវបញ្ជូនកូនទៅរៀនខ្ពង់ខ្ពស់វែងឆ្ងាយដែលត្រូវចំណាយលុយចំណាយពេលច្រើន គាត់រំពឹងចាំវាសនាកូនគាត់ទៅលើដៃគូរបស់នាង ព្រោះតែគាត់ចង់ឱ្យកូនស្រីរបស់គាត់ឆាប់មានទំនួលខុសត្រូវ ឆាប់មានជីវិតគូមានគ្រួសារមានលំនឹងអ៊ីចឹងទៅហ្នឹងប្រហែលអ្វីដែលជាការគិតរបស់គាត់ឬក៏គ្រួសារមធ្យមហើយសម្រាប់គ្រួសារដែលមានជីវភាពធូរធារគាត់អាចនឺងរស់នៅបានសមរម្យ…អ៊ីចឹងគាត់ក៏ចំណាយពេលវេលាតិចទន់តិចឱ្យកូនសិក្សាព្រោះថាកូនរបស់គាត់អាចមានវាសនា សម្រេចក្ដីប្រថ្នារបស់ខ្លួនរបស់ពួកគេ។
Q: តើបងធ្លាប់ឆ្លងកាត់បរិបទសង្គម ចេញពីគ្រួសារឬបងប្អូនដែររឺទេ?
A: សម្រាប់បទពិសោធន៍ខ្ញុំផ្ទាល់ពាក់ព័ន្ធនិងបរិបទសង្គមហ្នឹងហាស! ក៏ខ្ញុំធ្លាប់ជួបដែរប៉ុន្តែវាប្រហែលជាមិនតឹងតែងពេករហូតដល់ខ្ញុំរើបម្រាស់មិនរួចនោះទេ។ ការពិតទៅវាគ្រាន់តែជាមតិយោបល់និងការយល់ឃើញរបស់មនុស្សជុំវិញខ្លួនដែលគេប្រាប់ថាមនុស្សស្រី ទោះខំប្រឹងរៀនយ៉ាងណាក៏ដោយ ខ្ពស់យ៉ាងណាក៏ដោយត្រូវតែចេះធ្វើការងារផ្ទះព្រោះអី?
គឺនៅតែក្លាយជាប្រពន្ធគេមើលថែទាំកូនដដែលហ្នឹង យេស! ស្ដាប់មើលទៅហាក់ដូចជាការខិតខំរៀនសូត្ររបស់យើងអត់សូវមានន័យ។ព្រោះអីយើងគួរតែទៅធ្វើការងារផ្ទះនិងប្រពន្ធរបស់គេប៉ុន្តែពាក្យទាំងអស់ហ្នឹងវាឮវាជាការបញ្ចេញមតិយោបល់របស់គេ អ៊ីចឹងវាជាការសម្រេចចិត្តរបស់យើងថាយើងជឿគេធ្វើតាមគេឬក៏ជឿជាក់លើក្ដីស្រមៃរបស់ខ្លួនឯងធ្វើតាមបេះដូងខ្លួនឯង ក៏ប៉ុន្តេបញ្ហាមួយទៀតនៅពេលដែលឪពុកម្ដាយឬអាណាព្យាបាលរបស់យើងត្រូវបានប្រាប់ឬបញ្ចេញមតិជុំវិញខ្លួនពីរឿងហ្នឹងពួកគាត់នឹងដាក់សម្ពាធមកលើយើង។
ពួកគាត់ក៏មានសម្ពាធរងឥទ្ធិពលពីពាក្យទាំងហ្នឹងពីសង្គមដែរ ពួកគាត់ចាប់ផ្ដើមយល់ឃើញថា មនុស្សភាគច្រើនគឺគិតចឹងហេតុអ្វីបានកូនខ្ញុំគិតខុសគេខ្ញុំមិនអាចឱ្យកូនខ្ញុំខុសគេបានទេត្រូវតែធ្វើតាមគេ។ អ៊ីចឹងគាត់ចាប់ផ្ដើមដាក់សម្ពាធលើយើង ប៉ុន្តែយើងក៏ត្រូវរើបម្រាស់ដែរដូចខ្ញុំចឹង ខ្ញុំខំរៀនឱ្យពូកែដើម្បីឱ្យគេឃើញថាខ្ញុំរៀនបានលទ្ធផលល្អដែរចឹងហេតុអីខ្ញុំត្រូវបោះបង់ការសិក្សាចោលទៅខំប្រឹងធ្វើការងារផ្ទះវិញ?
Q: តើកូនស្រីត្រូវព្យាយាមលុបបំបាត់បរិបទសង្គមទាំងនេះដោយរបៀបណា ឬគួរតែនៅត្រងត្រាប់តាមបរិបទសង្គមនេះដដែល?
A: តាមពិតទៅយើងអត់អាចលុបបំបាត់ហ្មងទេ តែដូចខ្ញុំនិយាយមុនហ្នឹងចឹងវាជាការជ្រើសរើសនូវការសម្រេចចិត្តរបស់យើង ប្រសិនបើយើងគិតថាអ្វីដែលយើងធ្វើត្រឹមត្រូវយើងមានក្ដីស្រមៃរបស់យើងនិងវិធីដែលយើងដើរទៅរកក្ដីស្រមៃរបស់យើងត្រឹមត្រូវហេតុអ្វីបានជាយើងសម្រេចចិត្តឱ្យបរិបទសង្គមមករារាំងដែលវាជាការយល់ឃើញនិងការជឿរបស់មនុស្សមួយចំនួន។
យេស មនុស្សស្រីមួយចំនួនគាត់ធំធាត់ឡើងទាំងដែលគាត់យល់ស្របនិងជឿលើផ្នត់គំនិតបាត់ទៅហើយ គាត់អត់បានដឹងថាអាហ្នឹងវាជាការគៀបសង្កត់ជាឧបសគ្គមួយសម្រាប់គាត់ទេ ប៉ុន្តែទន្ទឹមហ្នឹងដែរក្មេងស្រីមូយចំនួនដែលស្រមៃខ្ពស់ហើយព្យាយាមជម្នះនូវការយល់ឃើញរបស់សង្គមមួយនេះព្រោះពួកគេចង់រស់នៅដោយឯករាជ្យពឹងពាក់លើជីវិតខ្លួនឯងរីករាយក្នុងការរស់នៅក្នុងក្ដីស្រមៃរបស់ពូកគេ។
Q: តើក្នុងនាមបងជាកូនស្រីម្នាក់ ស្រី្តម្នាក់ តើបងរង់ចាំឱ្យសង្គមជាអ្នកផ្លាស់ប្ដូររបរិបទនេះ ឬមួយក៏បងខិតខំកែប្រែវាដោយផ្ដើមចេញពីខ្លួនឯង?
A: ក្នុងនាមខ្ញុំជាកូនស្រីម្នាក់ ជាស្រ្តីម្នាក់ខ្ញុំនឹងមិនរង់ចាំឱ្យនរណាម្នាក់ឬក៏ឱ្យសង្គមទាំងមូលនៅសុខៗមកផ្លាស់ប្ដូរទេ! ខ្ញុំគិតថាវាអត់អាចទៅរួចទេដែលនៅសុខៗសង្គមផ្លាស់ប្ដូរ តែត្រូវឱ្យសង្គមដឹងសិនថាមានបញ្ហាអ្វីខ្លះកំពុងកើតឡើងចំពោះយើងដែលយើងគិតថាត្រូវផ្លាស់ប្ដូរខ្លះ ឬផ្លាស់ប្ដូរកន្លែងនេះ ត្រូវផ្លាស់ប្ដូរកន្លែងនេះចេញ ព្រោះអីវាបានប៉ះពាល់ដល់ខ្ញុំមែនទែន។ អ៊ីចឹង មានតែយើងខ្លួនឯងដែលជាស្ត្រីហ្នឹងបង្ហាញនូវការពិបាករបស់យើងនិយាយឱ្យឮឱ្យគេដឹងថាមានបញ្ហាអី? ហើយសម្រាប់ខ្ញុំ ខ្ញុំនឹងចាប់ផ្ដើមបង្ហាញឱ្យមនុស្សជុំវិញខ្លួនឃើញថាខ្ញុំគឹជាស្ត្រីដែលខុសពីស្ត្រីនៅក្នុងរង្វង់យេនឌ័រដែលគេបានកំណត់ គេបានកំណត់នៅក្នុងប្រអប់មួយថាមនុស្សស្រីតែអញ្ចេះៗ អ៊ីចឹងខ្ញុំនឹងបង្ហាញឱ្យគេឃើញថាមិនមែនមនុស្សស្រីទាំងអស់សុទ្ធតែចង់បានដូចអ្វីដែលគេកំណត់ទេ។
ខ្ញុំចង់លោតចេញពីប្រអប់ហ្នឹង! ខ្ញុំចង់មើលឃើញពិភពលោក ចង់ដើរហើរមានសេរីភាព អូខេ! ចឹងខ្ញុំចាប់ផ្ដើមតាមចាប់ក្ដីស្រមៃតាមវិធីត្រឹមត្រូវដែលខ្ញុំជឿជាក់ហើយប្រសិនបើទោះបីជាវាលំបាកត្រូវជម្នះ ប៉ុន្តែក្នុងនាមយើងជាស្ត្រីខ្លួនឯងបើយើងមិនក្រោកឡើងដោយខ្លួនឯងទេតើអ្នកណានឹងមកធ្វើវាជំនួសយើងបើយើងជាអ្នកជួបបញ្ហាដោយខ្លួនឯងហ្នឹង។
Q: តើអ្វីជាការរំពឹងទុករបស់បងក្នុងការជួយជម្រុញលើកទឹកចិត្តដល់ក្មេងស្រីជំនាន់ក្រោយឲ្យមានភាពក្លាហានដើរតាមក្ដីស្រមៃរបស់ខ្លួនចៀសវាងរស់នៅក្រោមបរិបទបុរាណរបស់គ្រួសារ?
A: នាងខ្ញុំសូមមានសារសូមលើកទឹកចិត្តមួយសូមឱ្យស្ត្រីនិងក្មេងស្រីក្នុងនាមយើងជាមនុស្សស្រីត្រូវកសាងសមត្ថភាពខ្លួនឯងឱ្យរឹងមាំ បង្ហាញឱ្យគេឃើញថាយើងអាចមានលទ្ឋភាពមើលថែទាំខ្លួនឯងបាននៅថ្ងៃមុខ យើងត្រូវការជ្រើសរើសដៃគូជីវិតគឺមិនមែនដើម្បីយើងក្លាយទៅជាអ្នកធ្វើកិច្ចការផ្ទះឬរស់នៅរំពឹងគេទេ គឹយើងជ្រើសរើសយកគេដើម្បីដើររួមផ្លូវជាមួយគ្នា បង្កើតជំនាន់ក្រោយជាមួយគ្នា និងមើលថែគ្នាទៅវិញទៅមក ទោះជាយើងក្លាយទៅជាម្ដាយក៏ក្លាយដែលមានការអប់រំ សម្រាប់ជាគំរូដល់កូនៗ។
ហើយអ្វីដែលសំខាន់នៅពេលដែលយើងមានចំណេះដឹងជំនាញគឺយើងនិងមានសមត្ថភាពអាចដោះស្រាយក្នុងជីវិតគ្រួសាររបស់យើងអាចគ្រប់គ្រងគ្រួសាររបស់យើងរស់នៅក្នុងជីវិតមួយដែលល្អប្រសើរជាជាងដែលយើងរស់រំពឹងទៅលើដៃគូររបស់យើងតែម្ខាង៕