អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនានេះ ប្រកាសអនុញ្ញាតឱ្យគ្រប់អាជីវកម្ម ការលក់ដូរផ្សេងៗដែលស្ថិតក្នុងក្របខណ្ឌផ្សាររដ្ឋទាំងអស់ ដំណើរការជាធម្មតាវិញនៅទូទាំងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា នេះទៅ តែតម្រូវឲ្យបន្តអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល «៣ការពារ និង ៣កុំ»។
ក្នុងសេចក្តីសម្រេចចេញដោយអភិបាលរាជធានីភ្នំពេញនៅយប់ ថ្ងៃចន្ទ ទី១៤ ខែមិថុនានេះ បញ្ជាក់ថា គ្រប់សកម្មភាពលក់ដូរទាំងអស់ដែលត្រូវអនុញ្ញាតឱ្យបើកដំណើរការឡើងវិញក៏ពិតមែន ប៉ុន្តែនៅតែត្រូវបន្តការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីនៅតែបន្តការពារទប់ស្កាត់ នូវការរីករាលដាលនៃជំងីកូវីដ១៩ដដែល។ វិធានការការពារទាំងនោះមានដូចជា ពាក់ម៉ាស់ រក្សាអនាម័យដោយលាងដៃជាមួយទឹកអាកុលឱ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាព ការវាស់កម្តៅ ការស្កេន QR Code ជាដើម។
ក្នុងសេចក្តីជូនដំណឹងនោះបញ្ជាក់ថា៖ «ប្រគល់ភារកិច្ចជូនរដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ត្រូវសហការចុះត្រួតពិនិត្យតាមផ្សារនីមួយៗ ដើម្បីធានាការអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃសេចក្តីសម្រេចនេះ។ ក្នុងករណីរកឃើញថាអភិបាលរដ្ឋករស្វយ័តផ្សារធំថ្មី និងគណ:កម្មការគ្រប់គ្រងផ្សាររដ្ឋ ឬបុគ្គលណាម្នាក់ មិនព្រមសហការ ឬមិនអនុវត្តតាមខ្លឹមសារនៃសេចក្តីសម្រេចនេះ ត្រួវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែងឡើយ»។
សាលារាជធានីក៏បានអំពាវនាវឱ្យគ្រប់អាជីវករ និងគណ:កម្មការគ្រប់គ្រងផ្សាររដ្ឋ ក៏ដូចជាគ្រប់ភាគីដែលពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមគោរពប្រតិបត្តិតាមការណែនាំទាំងអម្បាលមានដែលបានចែងក្នុងលិខិតសម្រេចឱ្យមានប្រសិទ្ធភាពតទៅ៕