សាកលវិទ្យាល័យជាតិគ្រប់គ្រងទទួលបានចំណាត់ថ្នាក់កម្រិតពិភពលោកលើផ្នែកកម្មវិធីសិក្សាសហគ្រិនភាព កម្មវិធីបណ្តុះតម្លៃសីលធម៌សង្គម និងកម្មវិធីគ្រប់គ្រងក្នុងពេលមានវិបត្តិក្នុងចំណោមសាកលវិទ្យាល័យចំនួន៥០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជននិងកីឡា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ចេញនៅថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២១នេះ បញ្ជាក់ថា សាកលវិទ្យាល័យជាតិគ្រប់គ្រងត្រូវបានគេទទួលស្គាល់ថាជាសាកលវិទ្យាល័យកម្រិតពិភពលោក ដោយគណៈកម្មការសម្ព័ន្ធសាកលវិទ្យាល័យពិភពលោក។
ក្នុងសេចក្តីប្រកាសព័ត៌មាននោះបានបញ្ជាក់ថា៖ «ក្រសួងអប់រំ យុវជន និងកីឡា សូមវាយតម្លៃខ្ពស់ និងសម្តែងការកោតសរសើរចំពោះសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលទទួលចំណាត់ថ្នាក់ដ៏ប្រពៃនេះក្នុងឆាកអន្តរជាតិ»។
យោងតាមសេចក្តីប្រកាសខាងលើនោះបន្ថែមថា គណៈកម្មការសម្ព័ន្ធសាកលវិទ្យាល័យពិភពលោក បានផ្តល់ចំណាត់ថ្នាក់សាកលវិទ្យាល័យកំពូលជូនសាកលវិទ្យាល័យជាតិគ្រប់គ្រងលើការសម្រេចបាននាវានុវត្តន៍ឆ្នើមលើបីកម្មវិធី ពោលគឺកម្មវិធីសិក្សាសហគ្រិនភាពទទួលបានចំណាត់ថ្នាក់២៦ក្នុងចំណោម៥០ កម្មវិធីបណ្តុះសីលធម៌សង្គមទទួលបានចំណាត់ថ្នាក់៣៧ក្នុងចំណោម៥០ និងកម្មវិធីគ្រប់គ្រងក្នុងពេលមានវិបត្តិទទួលបានចំណាត់ថ្នាក់៣៣ក្នុងចំណោម៥០។
សេចក្តីប្រកាសព័ត៌មានដដែលបានភ្ជាប់ការទទួលបានចំណាត់ថ្នាក់នេះលើទិដ្ឋភាពសំខាន់ៗរួមមាន ការចូលរួមកែលម្អរកម្មវិធីសិក្សា ការបង្រៀន និងស្រាវជ្រាវ សហប្រតិបត្តិការជាដៃគូ ការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា និងបង្កើតឱកាសនៃការប្រកួតប្រជែងថ្មីៗជាដើម។
សាកលវិទ្យាល័យជាតិគ្រប់គ្រងជាសាកលវិទ្យាល័យរដ្ឋដ៏ចំណាស់មួយនៅកម្ពុជា ដែលបានបង្កើតឡើងនៅឆ្នាំ១៩៨៣។ បច្ចុប្បន្ននេះ សាកលវិទ្យាល័យជាតិគ្រប់គ្រងបានដាក់ចេញនូវបន្ទាត់ថ្មីនៃការប្រកួតប្រជែង ការលើកកម្ពស់គុណភាពអប់រំ និងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សាដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងយុគ្គសម័យបដិវត្តឧស្សាហកម្ម៤.០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ៕