លោកនេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានបានផ្ដល់បទសម្ភាសន៍ដល់សិក្ខាកាម Newsroom Cambodia ព្រះតេជគុណសួន ម៉ិ អំពីការដោះស្រាយបញ្ហាកាកសំណល់ និងសំរាមនៅរាជធានីភ្នំពេញ។
ខាងក្រោមនេះជាកិច្ចសម្ភាសន៍រវាងព្រះតេជគុណសួន ម៉ិ និងលោក នេត្រ ភក្រ្តា៖
Q: ចម្រើនពរ លោក នេត្រ ភក្រ្តា!
A: ថ្វាយបង្គំ ព្រះអង្គ!
Q: តើលោកយល់ឃើញបែបណាដែរពាក់ព័ន្ធនឹងកាកសំណល់សំរាមក្នុងរាជធានីភ្នំពេញ?
A: បាទ! ព្រះអង្គ ខ្ញុំយល់ឃើញថា កាកសំណល់សំរាមរឹងនៅទីក្រុងភ្នំពេញមានកម្រិតកើនឡើងជាបន្តបន្ទាប់។ ហើយជាទូទៅគឺក្នុងមួយឆ្នាំៗកំណើនសំរាមនៅប្រទេសកម្ពុជា របស់យើងកើនឡើង១៥% ដោយឡែករាជធានីភ្នំពេញបច្ចុប្បន្នយើងនេះ សំរាមមានការកើនឡើងពី២,៧០០ទៅ ៣,០០០តោន ក្នុងមួយថ្ងៃៗ ហើយនៅក្នុងសំណល់សំរាម១០០% គឺ ៦៨% ជាសំណល់សរីរាង្គ និង ២០%ជាសំណល់ប្លាស្ទិកហើយ១០% ជាសំណល់រឹង។
ស្ថានភាពសំរាមនៅរាជធានីភ្នំពេញនេះគឺដោយសារតែ ទីមួយ កំណើនប្រជាជន។ ទីពី កំណើនសេដ្ឋកិច្ច ការប្រើប្រាស់កើនឡើង ហើយវេចខ្ចប់ច្រើនដោយសារតែមានការប្រើប្រាស់នូវម្ហូបអាហារ វេចខ្ចប់កុម្ម៉ងតាមផ្ទះធ្វើឲ្យមានកើនឡើងខ្ពស់។
Q: តើមានវិធានការគ្រប់គ្រងកាកសំណល់សំរាមបែបណាខ្លះ?
A: បាទ!ចំពោះវិធានការគ្រប់គ្រងកាកសំណល់សំរាមយើងមានការរៀបចំគោលនយោបាយស្តីពីការគ្រប់គ្រងសំណល់រឹងទីប្រជុំជនដែលផ្ដោតពាក់ព័ន្ធទៅការគ្រប់គ្រងសំណល់សំរាម នៅក្នុងប្រទេសកម្ពុជារបស់យើង។ ក្នុងមួយថ្ងៃសំរាមដែលត្រូវបង្កើតឡើងជាង១០,០០០តោន ក្នុងមួយឆ្នាំជិត៤លានតោន។ បើតាមការសិក្សាអំពីកម្រិតនៃសំរាមដែលយកទៅចាក់នៅលើទីលាន៧០% ទៅ៨០% នៅក្នុងរាជធានីភ្នំពេញ។ ចំណែកនៅតាមទីខេត្តផ្សេងៗ គឺមានប្រមាណជាង៥០% សំណល់នៅសល់រាយប៉ាយតាមទីសាធាណ: ផ្លូវសាធាណ: នៅតាមតំបន់ផ្សេងៗ ឬបោះចូលប្រភពទឹក ជាវិធានការគឺសម្រាប់រាជរដ្ឋាភិបាលបង្កើតគោលនយោបាយគ្រប់គ្រងសំណល់រឹងទីប្រជុំជន ដោយក្នុងនោះគឺពង្រឹងទៅលើយន្តការគ្រប់គ្រងសំណល់សំរាម យន្តការនៃការប្រមូលសំរាម យន្តការនៃការញែកសំរាម ចាប់ផ្ដើមពីផ្ទះប្រជាពលរដ្ឋរហូតដល់ទីលាន ជំរុញទៅលើការកែច្នៃឡើងវិញនូវសំណល់សំរាម ដើម្បីកាត់បន្ថយសំរាមដែលយកទៅចាក់ចោលនៅទីលានសំរាម។
Q: តើកាកសំណល់នៅទីក្រុងភ្នំពេញមានកើនឡើងប៉ុន្មានភាគរយ?
A: កាកសំណល់នៅទីក្រុងភ្នំពេញមានកើនឡើងកម្រិតគឺចន្លោះពី១០% ទៅ១៥% នៅក្នុងមួយឆ្នាំ។ នៅរាជធានីភ្នំពេញបច្ចុប្បន្ន សំណល់សំរាមបង្កើតឡើងចាប់ពី២,៧០០ ដល់៣,០០០តោនក្នុងមួយថ្ងៃ ក្នុងនោះថង់ប្លាស្ទិកជាង១០លានថង់ត្រូវបានប្រើប្រាស់។
កម្រិតសំរាមដែលមានកើនឡើងជាចាំបាច់ គឺរាជរដ្ឋាភិបាលយកចិត្តទុកដាក់រៀបចំគ្រប់គ្រងនៅលើទីលាន។ ជាវិធានការគឺយើងបែងចែកជាតំបន់ក្នុងការគ្រប់គ្រងសំណល់សំរាម ហើយពង្រីកទីលាន ជំរុញឲ្យប្រជាពលរដ្ឋតាមផ្ទះញែកសំណល់សំរាមសរីរាង្គ សំណល់ប្លាស្ទិក សំណល់រឹង ក្នុងការគ្រប់គ្រងជំរុញទៅលើប្រើប្រាស់ ដូចប្លាស្ទិកជាដើមហើយ យើងអនុវត្តគោលការណ៍កាត់បន្ថយការប្រើប្រាស់ កែច្នៃឡើងវិញ ការបដិសេធសំណល់ប្លាស្ទិកនេះ ដែលបង្កផលប៉ះពាល់ច្រើនដល់បរិស្ថាន។ ដុតប៉ះពាល់ដល់បរិយាកាស បើកប់ធ្វើឲ្យប៉ះពាល់ដល់ដី និងទឹក បើចូលក្នុងទឹកប៉ះពាល់ដល់ជីវៈចម្រុះផ្សេងៗទៀត។ អ៊ីចឹងទេ ការគ្រប់គ្រងកាកសំណល់នេះ គឺយើងយកចិត្តទុកដាក់គ្រប់គ្រងទៅលើការប្រើប្រាស់ហើយនិងផ្សព្វផ្សាយ អប់រំ ជំរុញឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តគោលការណ៍រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយប្រើប្រាស់ប្លាស្ទិកជាការសំខាន់មួយ ។
Q: តើកើនឡើងកាកសំណល់សំរាមដោយមូលហេតុអ្វី?
A: កើនឡើងកាកសំណល់សំរាមដោយមូលហេតុ គឺទី១ កំណើនសេដ្ឋកិច្ចប្រើប្រាស់ច្រើនវេចខ្ចប់ច្រើន ហើយចំណុចមួយទៀតគឺការកែច្នៃនៅមានកម្រិតធ្វើឲ្យកំណើនក៏កើនឡើងដែរ។
បើសិនយើងកែច្នៃបានសំរាមច្រើន គឺសំរាមមិនមានការកើនឡើងនោះទេ។
Q: តើមានការដោះស្រាយសំរាមបែបណា?
A: មានការដោះស្រាយសំរាមបែបគឺដូចបានបញ្ជាក់ខាងដើម។ យើងជំរុញឲ្យមានកែច្នៃសំរាម១០០ភាគរយ ៦៨ភាគរយជាសំណល់សរីរាង្គ ដែលអាចធ្វើជីកំប៉ុស្តបាន។ ឯថង់ប្លាស្ទិកយើងអាចកែច្នៃប្រើប្រាស់បានឡើងវិញ កែច្នៃជាវត្ថុ ឬក៏ប្រើប្រាស់ឡើងវិញបាន។ ដោះស្រាយផ្សេងទៀតយើងអប់រំប្រជាពលរដ្ឋឲ្យគាត់កាត់បន្ថយប្រើប្រាស់ ឬក៏ការញែកសំរាមឲ្យបានទៀងទាត់ ត្រឹមត្រូវដែលគាត់មានដីអាចបង្កើតជាជីកំប៉ុស្តបាន ឬក៏ប្រើប្រាស់ជាជីដាក់ផ្កាបានសម្រាប់សំណល់សរីរាង្គ។
Q: តើមានការកែច្នៃសំរាមបែបណា?
A: មានការកែច្នៃសំរាមគឺធ្វើជីកំប៉ុស្តបាន មានការផលិតវត្ថុអនុស្សាវរីយ៍ដែលធ្វើអំពីសំណល់ប្លាស្ទិក ដូចជាកង់ឡាន ឬក៏ផ្សេងៗទៀតដែលកំពុងជំរុញបន្ថែមទៅលើការកែច្នៃ ព្រោះសំណល់សំរាម យើងគិតថារបស់គ្មានប្រយោជន៍ តែតាមគិតឲ្យជ្រៅវាមានតម្លៃសេដ្ឋកិច្ចទាញយកមកប្រើប្រាស់បាន។
Q: តើមានអ្វីសម្រាប់ផ្ញើសារទៅកាន់ ប្រជាពលរដ្ឋ?
A: សារផ្ញើសម្រាប់ប្រជាពលរដ្ឋ សូមចូលរួមញែកសំរាមទៅតាមបច្ចេកទេសឲ្យបានត្រឹមត្រូវសំណល់សរីរាង្គ សំណល់ប្លាស្ទិក និងសំណល់រឹង ហើយព្យាយាមក្នុងការកែច្នៃសំណល់សរីរាង្គឲ្យបានអស់លទ្ធភាព បើអាចញែកទៅល្អ គឺគេយកទៅប្រើប្រាស់សម្រាប់ធ្វើជីកំប៉ុស្តបាន ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល លើការគ្រប់គ្រងសំណល់រឹង សំរាមនៅក្នុងទីប្រជុំជន។
យើងជឿជាក់ថាសំណល់សំរាមត្រូវកាត់បន្ថយយកទៅចាក់នៅលើទីលាន ក៏ប៉ុន្តែជំរុញទៅលើការកែច្នៃឲ្យបានច្រើន ហើយសូមឲ្យប្រជាពលរដ្ឋចូលរួមញែកសំរាមទៅតាមប្រភេទ ហើយចូលរួមកាត់បន្ថយការប្រើប្រាស់សំរាម តាមរយៈការប្រើប្រាស់ឡើងវិញនូវថង់ សំណល់ប្លាស្ទិក ឬប្លាស្ទិកប្រើម្ដងបោះចោល សន្សំសំចៃទាំងម្ហូបអាហារកុំមានខ្ជះខ្ជាយ បើសិនជាខ្ជះខ្ជាយវាបង្កើនដល់កាកសំណល់សរីរាង្គច្រើន ក៏ធ្លាក់ចុះសេដ្ឋកិច្ចយើងដែរ។ អ៊ីចឹងការចូលរួមសន្សំសំចៃ ចូលរួមអនុវត្តនូវការញែកសំរាម ជាផ្នែកមួយគ្រប់គ្រងសំណល់សំរាមឲ្យបានត្រឹមត្រូវ។
Q: សូមអរគុណ លោក នេត្រ ភក្រ្តា សម្រាប់កិច្ចសម្ភាសន៍!
A: ករុណា ព្រះអង្គ ៕