ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី១៥ ខែមិថុនានេះ បានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្តមសិក្សា ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ដោយចាប់ផ្តើមទទួលពាក្យរហូតដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រសួងនឹងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្តមសិក្សា និងប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១២០នាក់ ដើម្បីទៅបន្តការសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
សេចក្តីជូនដំណឹងខាងលើនោះបានបញ្ជាក់ថា ថ្នាក់ក្រោយឧត្តមសិក្សាមានថ្នាក់បណ្ឌិត(Ph.D) និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master) នឹងត្រូវបានជ្រើសរើសមានចំនួន២០នាក់ដោយមិនឆ្លងកាត់ការប្រឡងឡើយ តែត្រូវឆ្លងកាត់ការជ្រើសរើសដោយគណៈកម្មការរបស់ក្រសួងអប់រំ យុវជន និងកីឡា ជាមួយនឹងលក្ខខណ្ឌដូចបានកំណត់ក្នុងសេចក្តីជូនដំណឹង។ ផ្ទុយទៅវិញ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន១០០នាក់ នោះនឹងត្រូវធ្វើការប្រឡងជ្រើសរើសលើមុខវិជ្ជាវប្បធម៌ទូទៅនិងគណិតវិទ្យាដែលមានរយៈពេល៣ម៉ោង។
សេចក្តីជូនដំណឹងដដែលបានបន្ថែមថា សម្រាប់បេក្ខជនដែលមានបំណងចង់ដាក់ពាក្យរៀនថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ តម្រូវឲ្យមានសញ្ជាតិខ្មែរ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រមកពីសាធារណរដ្ឋសង្គមនិយមវៀតណាម មានអាយុមិនលើសពី៤០ឆ្នាំ និងមានសុខភាព កាយសម្បទា និងសតិបញ្ញាល្អ និងឯកសារតម្រូវមួយចំនួនទៀត។
សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ទៀតថា សម្រាប់ថ្នាក់បរិញ្ញាបត្របេក្ខជនត្រូវមានអាយុមិនលើស៣០ឆ្នាំ និងមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬសញ្ញាបត្រដែលមានតម្លៃស្មើ ជាពិសេសប្រសិនបើជាមន្ត្រីរាជការត្រូវមានសេចក្តីបញ្ជាក់ពីអង្គភាព។
ការស្វែងរកពាក្យសុំប្រឡង និងការដាក់ពាក្យសម្រាប់កម្មវិធីអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ឆ្នាំសិក្សា២០២១-២០២២នេះ ក្រសួងអនុញ្ញាតឱ្យទាញយកពាក្យសុំប្រឡងនិងបំពេញ រួចផ្ញើទៅកាន់ការិយាល័យអាហារូបករណ៍ និងកម្មសិក្សាតាមរយៈតេឡេក្រាម ដែលមានលេខទូរសព្ទ ០១២ ៦៧៧ ៤៣៣៕