បម្រែបម្រួលក្នុងការរស់នៅ ពីការធ្លាប់តែមមារញឹក និងប្រជ្រៀតគ្នាតាមដងវិថីនានា ទៅកន្លែងធ្វើការ តូបលក់ដូរ ទៅភោជនីយដ្ឋាន ហាងទំនើបនានា ដែលគ្រប់គ្នាសុទ្ធតែប្រើក្រដាសប្រាក់ ហូតចេញពីកាបូប ឬកាតាបយួរដៃ ដើម្បីគិតបញ្ជីទូទាត់ ថ្លៃទំនិញនៅកន្លែងទិញលក់ផ្ទាល់ ដែលជាទម្លាប់ដែលយើងបានមើលឃើញយ៉ាងស៊ាំទៅហើយក្នុងសង្គមខ្មែរ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ក្រោយពេលការផ្ទុះនូវជំងឺផ្លូវដង្ហើមកូវីដ១៩ ភ្លាមៗ នៅដើមខែមីនា ឆ្នាំ២០២០ ហាងលក់ទំនិញ ផ្សារដែលតែងមានមនុស្សអ៊ូអរ ប្រែជាស្ងាត់ច្រងំ ឯក្រដាស់ប្រាក់ដែលធ្លាប់តែកាន់សម្រាប់ហុចចុះហុចឡើងសម្រាប់ដោះដូរ និងគិតថ្លៃឥវ៉ាន់ទៀតសោត ប្រែជារបស់ដែលពលរដ្ឋមួយចំនួនខ្លាចរអា។
ទន្ទឹមគ្នានោះដែរ គេសង្កេតឃើញការទូទាត់ថវិកាបែបទំនើបមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលគ្រប់គ្នាតែងហៅថា «លុយអេឡិចត្រូនិច» ឬហៅតាមភាសាអង់គ្លេសថា អ៊ីខែស (E-cash) បានបម្រើការយ៉ាងសកម្ម ដោយដើរតួនាទីជំនួស ក្រដាសប្រាក់សុទ្ធ (Real Cash) ដែលមិនអាចខ្វះបាន។
ដោយឡែកយើងនៅមិនទាន់ដឹងច្បាស់ទេថា តើរវាងការចាយបែបទម្លាប់ចាស់ ជាក្រដាសប្រាក់ និងការចាយជាលុយអេឡិចត្រូនិច ដែលគ្រាន់តែប្រើកាតធនាគារមួយបន្ទះ ឬទូរស័ព្ទដៃស្កែន QR-Code ជាការស្រេចនេះ មានភាពខុសគ្នា ឬលក្ខណ:សម្បត្តិពីគ្នាយ៉ាងណាទេ ពីសំណាក់អ្នកប្រើប្រាស់ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជាមួយនេះ ។
Newsroom Cambodia បានចុះសាកសួរប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញចំនួនប្រាំរូប ដែលមានគ្រប់វ័យ ដោយពួកគេបានសម្តែងការយល់ឃើញចំពោះការប្រើប្រាស់រវាងលុយក្រដាសប្រាក់ផ្ទាល់ និងលុយអេឡិចត្រូនិច។
អ្នកស្រី រិទ្ធ សុធារ័ត្ន ដែលជាអ្នកប្រើការងារក្នុងក្រុមហ៊ុនអចលនទ្រព្យមួយកន្លែងនៅរាជធានីភ្នំពេញ បានបង្ហាញការយល់ឃើញរបស់ខ្លួនចំពោះការចាយថវិកាជាក្រដាសប្រាក់ និងការទូទាត់បែបទំនើបជាលុយអេឡិចត្រូនិចថា អ្នកស្រីរកឃើញទាំងគុណសម្បត្តិ និងគុណវិបត្តិ។
អ្នកស្រីថា៖ «គុណវិបត្តិវា (លុយអេឡិចត្រូនិច ឬE-cash) គឺប្រសិនបើយើងយកកាតទៅទិញតាមផ្សារធម្មតា គឺអត់មានពីណាគេយកទេ។ អញ្ចឹង យើងក៏ត្រូវការប្រើប្រាស់លុយខ្លះ ដើម្បីយកទៅទិញនៅតាមផ្សារតូចៗ អីអញ្ចឹងដែរ»។
អ្នកស្រីបន្ថែមថា ទោះបីជាអនាគតការប្រើប្រាស់លុយក្រដាសត្រឡប់មកមានសុវត្ថិភាពវិញ ក្រោយកូវីដ១៩ត្រូវបានបញ្ចប់ទៅក៏ដោយ ក៏អ្នកស្រីរូបនេះនៅតែបន្តការប្រើប្រាស់វិធីចាយប្រាក់បែបថ្មីនេះដដែល។ យោងតាមការរក្សាបាននូវសុវត្ថិភាពខ្ពស់ ដោយមិនបាច់បារម្ភពីការបាត់បង់សាច់ប្រាក់ ពោលមានតែទូរស័ព្ទដៃវ័យឆ្លាតមួយគ្រឿង ដោយគ្រាន់តែចាំបាននូវលេខកូដសំងាត់ជាការស្រេច ។
លោក ចាន់ វាសនា ពលរដ្ឋរស់នៅក្នុងខេត្តតាកែវ បានប្រាប់ Newsroom Cambodia ថា៖ «បើសម្រាប់ខ្ញុំ បើយើងប្រើ E-cash [លុយអេឡិចត្រូនិច] វាស្រួលជាយើងកាន់សាច់ប្រាក់ទៅផ្ទាល់ ព្រោះឥឡូវបច្ចុប្បន្ន យើងមានជំងឺកូវីដ អីអញ្ចឹង។ ប្រសិនបើយើងកាន់លុយផ្ទាល់វាមានហានិភ័យខ្ពស់សម្រាប់យើង ហើយមួយទៀត បើយើងប្រើ E-cash [លុយអេឡិចត្រូនិច] វាស្រួលសម្រាប់យើង បានន័យថាយើងអាចចាយនៅណាក៏បានដែរ សម្រាប់ស្កែន ហើយវាលឿនទៀត»។
លោកបានបញ្ជាក់ដែរថា លោកនឹងនៅតែបន្តគាំទ្រការប្រើប្រាស់លុយបែបឌីជីថលនេះដដែល ដោយមើលឃើញថាបច្ចុប្បន្ននៅតាមបណ្តាខេត្តនានាចាប់ផ្តើមមានកន្លែងដក និងដាក់ប្រាក់ច្រើនជាងមុន ហើយមានភាពរហ័សជាងការចាយលុយជាងក្រដាសប្រាក់។
យុវតីមួយរូប ប្រាប់ Newsroom Cambodia ដោយសុំមិនបញ្ចេញឈ្មោះថា មកទល់ពេលនេះកញ្ញាមិនទាន់មានកាតធនាគារនោះទេ ដោយថា កញ្ញាមិនមានថវិកាគ្រប់គ្រាន់សម្រាប់យកទៅដាក់ក្នុងគណនីធនាគារ និងគិតថាមិនចាំបាច់ក្នុងការប្រើប្រាស់លុយអេឡិចត្រូនិច ស្របពេលដែលខ្លួនទម្លាប់ទៅនឹងការចាយក្រដាសប្រាក់ផ្ទាល់ៗ។
យុវតីរូបនេះមនិយាយថា៖ «វា (ក្រដាសប្រាក់) ស្រួលក៏ស្រួល វា (ក្រដាសប្រាក់) មានគុណវិបត្តិ ក៏មានគុណវិបត្តិ ប្រសិនបើយើងដាក់កាបូបទៅអាចនឹងគេឆក់ពេលយើងស្ពាយ។ តែពេលចាយលុយក្រដាសទៅវានៅតែងាយស្រួល ពេលយើងញ៉ាំអី កន្លែងខ្លះគេអត់មានកាត យើងអាចឱ្យលុយគេ»។
លោក ចែម សុភារ៉ា ដែលជាអ្នកមកពីខេត្តកណ្តាល បានសម្តែងការយល់ឃើញវិជ្ជមានទៅលើការប្រើប្រាស់លុយអេឡិចត្រូនិចដែលទូទាត់សាច់ប្រាក់តាមកាតធនាគារ ជាជាងការចាយតាមក្រដាសប្រាក់ផ្ទាល់។
លោកនិយាយថា៖ «ប្រសិនបើចប់កូវីដ តើអ្នកនៅតែបន្តប្រើប្រាស់ក្រដាសប្រាក់ជាធម្មតាវិញ ឬនៅតែបន្តប្រើ E-cash [លុយអេឡិចត្រូនិច] ? និយាយរួមទៅ ៥០% ៗ យើងអាចនឹងប្រើទាំងពីរ។ និយាយរួមទៅ បើអាចយើងអាចនឹងប្រើក្រដាសប្រាក់ច្រើនជាង ព្រោះដោយសារវាមានភាពងាយស្រួលអត់ចាំបាច់ប្រើទូរស័ព្ទ ឧទាហរណ៍ពេលយើងអត់បានយកទូរស័ព្ទមកតាមខ្លួន ដោយងាយស្រួលចាយជាង។
លោក រិទ្ធ ផូ ដែលជាអ្នកបម្រើការក្នុងក្រុមហ៊ុនសន្តិសុខ និងឆ្លៀតពេលមកជួយភរិយាដែលកំពុងលក់ដូររបស់ញ៉ាំតាមផ្លូវជាលក្ខណ:គ្រួសារ បានប្រាប់ថា ការចាយលុយអេឡិចត្រូនិចនៅតែល្អជាជាងការចាយក្រដាសប្រាក់ ដោយបង្កាពីការបាត់បង់ និងការខូច ឬរហែកក្រដាសប្រាក់ពេលត្រូវទឹកភ្លៀង ម៉្យាងទៀតជៀសវាងការឆ្លងជំងឺបាន ក្នុងបរិបទកូវីដនេះ។
លោកបានបន្ថែមថា៖ «ថ្ងៃអនាគត ពេលដែលយើងចប់កូវីដ យើងប្រើក្រដាសប្រាក់ខ្លះ E-cash [លុយអេឡិចត្រូនិច] ខ្លះចឹង»។
ដោយលោក ផូ ក៏ជាម្ចាស់តូបលក់អាហារចល័តនាពេលរាត្រី នៅទល់មុខសួនវត្តបទុមវត្តី ក៏បញ្ជាក់ថាខ្លួនក៏គ្រោងដាក់ QR-Code ទុកសម្រាប់ឱ្យអតិថិជនខ្លួនបានទូទាត់តាមបែបឌីជីថលដែរ។ តែលោកថា លោកមិនប្រាកដច្បាស់ក្នុងចិត្តទេថា ក្រោយបញ្ចប់កូវីដគួរពិចារណាបន្តដាក់ QR-Code សម្រាប់ឱ្យអតិថិជនបានស្កែនដែរ ឬយ៉ាងណាទេ ដោយចាំស្ទាបស្ទង់មើលពីអ្នកលក់ដូរដទៃទៀត៕