ក្រសួងសុខាភិបាលនៅថ្ងៃសៅរ៍នេះបានប្រកាសថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន២០នាក់ ជាតួលេខខ្ពស់បំផុតប្រចាំថ្ងៃ ហើយចំនួននេះបានធ្វើឲ្យមានស្លាប់សរុបកើនដល់ ៤១៤នាក់។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃសៅរ៍ទី១៩ ខែមិថុនា ឆ្នាំ២០២១នេះបង្ហាញថា នៅថ្ងៃទី១៨ ខែមិថុនាឆ្នាំ ២០២១ មានករណីឆ្លងថ្មីចំនួន ៤៧១នាក់ និងជាសះស្បើយចំនួនថ្មីចំនួន ៩២៨នាក់។
គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបកើនដល់ ៤២,០៥២នាក់ និងអ្នកជាសះស្បើយសរុបចំនួន ៣៦,៨៦៨នាក់ និងអ្នកស្លាប់សរុបកើនដល់ ៤១៤នាក់ គិតចាប់តាំងពីការរកឃើញដំបូងនៅចុងខែមករា ឆ្នាំ២០២០នេះមក។
សេចក្តីជូនព័ត៌មានដដែលនោះ បានបញ្ជាក់ទៀតថា៖ «ក្នុងចំណោមករណីឆ្លងថ្មីចំនួន ៤៧១នាក់ ក្នុងនោះមានករណីឆ្លងថ្មីចំនួន ៤៥នាក់ គឺជាករណីនាំចូលពីក្រៅប្រទេស ហើយនាំឱ្យករណីនាំចូលពីក្រៅប្រទេសកើនសរុបរហូតទៅដល់១,៦៦២នាក់»៕