មនុស្សមិនអាចមានជីវិតជារៀងរហូតនោះទេ នេះជាប្រក្រតីភាពនៅក្នុងធម្មជាតិនេះ។ ការចម្រើនសតិដើម្បីលះសេចក្តីជាប់ជំពាក់នៅក្នុងជីវិត ដោយសិក្សា និងរលឹកថាមនុស្សសត្វក្នុងលោកមិនអាចឆ្លងផុតនៃសេចក្តីស្លាប់បាននោះ ជាការហ្វឹកហាត់ត្រៀមជាមុន ហើយការស្លាប់មកដល់ និងមិនមានភាពតក់ស្លុតអ្វីឡើយ។ ការរលឹកដូចនេះ ឆ្លុះបញ្ចាំងថាតើយើងគួររៀបចំដំណើរជីវិតបែបណា និងត្រូវធ្វើអ្វីខ្លះដើម្បីប្រើប្រាស់ពេលវេលាដែលមានក្នុងបច្ចុប្បន្នឱ្យកាន់តែមានប្រសិទ្ធិភាពនិងប្រកបតម្លៃខ្ពស់មុនពេលយើងលាចាកលោកនេះ។
មនុស្សគឺជាផ្នែកមួយនៃធម្មជាតិ។ ជាការពិតណាស់ថានៅក្នុងធម្មជាតិមានបច្ច័យតាក់តែង និងប្រកបព្រមដោយហេតុគ្រប់គ្រាន់ ផលក៏កើតចេញឡើងដោយអំណាចនៃហេតុពីខាងដើមនោះ។
មនុស្សមិនអាចមានជីវិតជារៀងរហូតនោះទេ នេះជាប្រក្រតីភាពនៅក្នុងធម្មជាតិនេះ។ ជីវិតនៅក្នុងចក្រវាឡនេះ មានច្រើនរាប់មិនអស់ ហើយជីវិតទាំងនោះអាស្រ័យនៅក្នុងភពកំណើតផ្សេងៗគ្នា។ ដំណើរចាប់ពីការចាប់កំណើតរហូតដល់បែកធ្លាយរាង្គកាយទៅវិញ គេសន្មតហៅថាជាជីវិត។ ជាមួយគ្នានេះផងដែរ នៅក្នុងដំណើរនៃការវិវត្តន៍របស់ជីវិតគឺបំប្លែងជាដរាប មិនចេះចប់មិនចេះហើយ លក្ខណៈបែបនេះចេះតែវិវត្តន៍ដដែលៗទៅកាន់ភពកំណើតផ្សេងៗបន្តទៀតព្រោះអាស្រ័យនៃកម្លាំងកម្មដែលឱ្យផល។
ភ្ជាប់នៅក្នុងអត្ថន័យនេះ មនុស្សសត្វ និងភាវរស់ដែលមានជីវិតនៅក្នុងចក្រវាឡតែងតក់ស្លុតនឹងមរណាគ្រប់ៗគ្នា នេះដោយព្រោះតែការមិនទាន់ធ្វើទុកក្នុងចិត្តបានត្រឹមត្រូវទៅតាមសភាពនៃលក្ខណៈធម្មជាតិ។ នៅក្នុងធម្មជាតិនេះជីវិត គឺប្រកបដោយក្ខ័ន្ធ ៥ពោលគឺរូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ។ ហើយក្ខ័ន្ធទាំង៥នេះគឺវាអាស្រ័យគ្នាទៅវិញទៅមកជាប្រក្រតីភាព។ ចំណែករូបមានលក្ខណៈបែកធ្លាយជាប្រក្រតី ព្រោះរូបជរា ព្យាធិតែងមានប្រាកដមិនអាចឃាត់បាន។ ព្រះសម្មាសម្ពុទ្ធពន្យល់ថាមានរូបមានសេចក្តីទុក្ខ ហើយរូបជារបស់មិនគួរត្រេកត្រអាលជាមួយឡើយ។
អត្ថន័យនេះ ចង់សំដៅថាកាលណាបើចិត្តដែលប្រកាន់និងហួងហែងនៅក្នុងរូប សំឡេង ក្លិន រស និងសភាពទន់រឹងទាំងឡាយ បានបិតប៉ាំងការធ្វើទុកក្នុងចិត្តត្រឹមត្រូវដោយចិត្តភ្លេចអស់ការពិតដែលថា រូបកាយតែងចាស់គ្រាំគ្រាទៅជាធម្មតានោះ ហើយលក្ខណៈបែបនេះចេះតែបន្ត ហើយភ្លេចចម្រើនសេចក្តីរលឹកត្រូវយើងក៏មានសេចក្តីប្រកាន់ថារូបជារបស់យើងដែលមិនចង់ឱ្យចាស់គ្រាំគ្រានិងបែកធ្លាយទៅ ហើយវាមិនប្រព្រឹត្តទៅតាមអំណាចនៃ ការចង់របស់យើង យើងប្រែជាសោកសៅនិងកើតទុក្ខព្រោះមិនយល់ពីការពិតរបស់រូប។
ដោយអំណាចនេះការបាត់បង់សតិរលឹកត្រូវចេះតែកើតមានបន្ត ហើយចិត្តហួងហែងនិងប្រកាន់យកដោយការសន្មតនៅក្នុងពិភពលោកនេះដោយមិនស្រាកស្រាន្ត។ សភាពនៃការយល់ដឹងនិងគិតដោយលុះក្នុងអំណាចបែបនេះ តែងមិនបានរលឹកដល់ការបែកធ្លាយនៃរូប ហើយក៏មានការតក់ស្លុតស្រលាញ់ស្តាយស្រណោះក្នុងរូបដែលយើងជាប់ជំពាក់និងសន្សំទុក ស្ថិតក្នុងអំណាចនៃការបង្គាប់បញ្ជារបស់យើងបាន។
លក្ខណៈបែបនេះបានបង្ហាញពីការមិនព្រមសុខចិត្តនៃការបែកធ្លាយនៃរូប ហើយតែងតក់ស្លុតនិង ស្តាយស្រណោះចំពោះជីវិត ដោយមិនចង់ស្លាប់នោះឡើយ។
តើគេត្រូវធ្វើដូចម្តេចនៅក្នុងជីវិតនេះដើម្បីមិនឱ្យខ្លាចស្លាប់នោះ?
ការរៀនសូត្រចម្រើនចំណេះដឹងជាប្រចាំអំពីការប្រែប្រួលទៅនៃធម្មជាតិជាកិច្ចអាទិភាពសម្រាប់ការហ្វឹកហាត់ចិត្ត ឱ្យយល់ព្រមនិងបន្សាំជារៀងរាល់ថ្ងៃ។ ការប្រតិបត្តិដូចលក្ខណៈនេះ ធ្វើឱ្យចិត្តស៊ាំ និងលះបង់នូវកិច្ចនៃការប្រមាថនៅក្នុងដំណើរជីវិត។ ការចម្រើនដើម្បីលះ សេចក្តីជាប់ជំពាក់នៅក្នុងជីវិតដោយ សិក្សានិងរលឹកថាមនុស្សសត្វក្នុងលោកមិនអាចឆ្លងផុតនៃសេចក្តីស្លាប់បានទេ។
ការរលឹកដូចនេះ ឆ្លុះបញ្ចាំងថាតើយើងគួររៀបចំជិវិតបែបណា និងត្រូវធ្វើអ្វីខ្លះដើម្បីប្រើប្រាស់ពេលវេលាដែលមានបច្ចុប្បន្នឱ្យកាន់តែមានប្រសិទ្ធិភាព និងតម្លៃខ្ពស់មុនពេលយើងលាចាកលោកនេះ។ ពេលវេលានៃជីវិតរបស់យើងម្នាក់ៗមានមិនខុសគ្នាឡើយ មនុស្សគ្រប់គ្នាមានពេលត្រឹមតែ ២៤ម៉ោងដូចគ្នាក្នុងរយៈពេលមួយថ្ងៃ។តែការសន្សំទុកក្នុងចិត្ត និងការប្រព្រឹត្តទៅនៃជីវិតបុគ្គលម្នាក់ៗមិនដូចគ្នាទេ នេះជាសភាពដែលយើងត្រូវសិក្សាក្នុងការធ្វើទុកក្នុងចិត្ត ត្រូវដើម្បីជាការលះសេចក្តីជាប់ជំពាក់ និងការប្រកាន់ដោយកសាងសន្តិភាពឡើងក្នុងចិត្តយើងម្នាក់ៗនិងដើម្បីសេចក្តីចម្រើនដល់ពិភពលោក។
ចូរប្រព្រឹត្តតែសេចក្តីល្អទាំងកាយវាចាចិត្ត ចុះដុះខាត់ចិត្តរបស់ខ្លួនឱ្យផូរផង ចូរវៀរចាកនូវអំពើអាក្រក់ដោយកាយវាចាចិត្ត ទាំងនេះជាអ្វីដែលព្រះសម្មាសម្ពុទ្ធបានបង្រៀន និងជាផ្លូវនៃការរួចរំដោះ៕