ក្រសួងសុខាភិបាលនៅថ្ងៃព្រហស្បត្តិ៍នេះបានប្រកាសរកឃើញផលិតផលសម្លាប់មេរោគឈ្មោះអាល់កុលលាងដៃ(ALCOHL75%) គ្មានលេខបញ្ជិការ ថាមានគុណភាពមិនត្រឹមត្រូវដោយមានលាយសារធាតុមេតាណុលដល់ទៅ៧២%។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នោះ បានបញ្ជាក់ថាក្រសួងបានរកឃើញទៀតថាផលិតផលសម្លាប់មេរោគមួយចំនួនដែលលក់តាមបណ្តាញសង្គមហ្វេសប៊ុក អនឡាញឬទីផ្សារ ដូចជាអាល់កុល ជែលអាកុល និងផលិតផលសម្លាប់មេរោគទាំងនោះភាគច្រើនជាផលិតផលក្លែងបន្លំ ដែលមានគុណភាពមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសម្លាប់មេរោគឡើយ។
ក្រសួងបានបន្ថែមទៀតថា៖ «ផលិតផលទាំងនោះមានលាយជាមួយមេតាណុលកម្រិតខ្ពស់ ឬផ្ទុកសារធាតុមេតាណុលសុទ្ធតែម្តង»។
ក្រសួងសុខាភិបាលបានពន្យល់នៅក្នុងសេចក្តីជូនដំណឹងដដែលនោះទៀតថា៖ «អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរអាល់កុល ជែលអាកុល និងសារធាតុសម្លាប់មេរោគ ដែលប្រើប្រាស់សម្រាប់វិស័យសុខាភិបាលក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានលេខទិដ្ឋាការ ឬបញ្ជិកាឬប្រវេទន៍ពីក្រសួងសុខាភិបាល»។
ជាមួយគ្នានេះផងដែរ ក្រសួងណែនាំឱ្យបញ្ឈប់ការលក់ផលិតផលនេះជាបន្ទាន់ ហើយជម្រាបដល់ប្រជាពលរដ្ឋឱ្យបញ្ឈប់ប្រើប្រាស់ផលិតផលនេះជាបន្ទាន់ ដោយទិញតែផលិតផលដែលមានលេខទិដ្ឋាការ ឬបញ្ជិការ ឬប្រវេទន៍ពីក្រសួងប៉ុណ្ណោះ ព្រោះផលិតផលនេះមិនអាចសម្លាប់មេរោគបានទេ ហើយប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរនិងឈានដល់ការបាត់បង់ដល់ជីវិតទៀតផង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងខាងលើ។
ក្រសួងបានបន្តទៀតថា៖ «ក្រសួងសុខាភិបាលនឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀត ដើម្បីស្រាវជ្រាវរកជនខិលខូចដែលកំពុងបន្តចែកចាយឬលក់ផលិតផលឈ្មោះ អាល់កុលលាងដៃ(ALCOHL75%)ខាងលើឬលក់ផលិតផលសម្លាប់មេរោគដទៃទៀតដែលគ្មានលេខទិដ្ឋាការ ឬបញ្ជិការ ឬប្រវេទន៍មកផ្តន្ទាទោសជាធរមាន»។
សូមបញ្ជាក់ថា ផលិតផលអាកុលដែលប្រើសម្រាប់សម្លាប់មរោគជាប្រភេទអេតាណុល (៦០%-៨០%) ហើយសារធាតុមេតាណុលមិនត្រូវបានណែនាំឱ្យប្រាស់ក្នុងការសម្លាប់មេរោគឡើយព្រោះវាប៉ះពាល់សុខភាពនិងអាចគ្រោះថ្នាក់ដល់ជិវិតបាន៕