ចំនួនអ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅកម្ពុជាទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ត្រឹមថ្ងៃទី២០ខែមិថុនាឆ្នាំ២០២១នេះ មានចំនួនជាង៣លាននាក់ ឬស្មើប្រហែលជា៣៣ភាគរយ នេះបើធៀបនឹងគោលដៅ១០លាននាក់ដែលកម្ពុជាគ្រោងនឹងសម្រេច។
យោងតាមរបាយការណ៍អនុគណៈកម្មការតាមដាន និងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស ចេញនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះបញ្ជាក់ថា លទ្ធផលសរុបនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទូទាំងប្រទេស កើនដល់៣៣.៦៦% បើប្រៀបធៀបនឹងគោលដៅ១០លាននាក់ដែលបានគ្រោងទុក។
ក្នុងរបាយការណ៍ដដែលបន្ថែមថា ចំនួនអ្នកស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងសរុបមាន៣.៤២៤.៦៥៤៧នាក់ ហើយចំនួនអ្នកដែលបានចាក់វ៉ាក់សាំងរួចលើកទី១មាន៣.៣៦៦.២០៧នាក់ និងចំនួន៥៧.៤៤០នាក់ទៀត គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងបានដោយសារតែបញ្ហាសុខភាព។
អ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩បានទាំងពីរលើក មានចំនួន២.៧៣២.៣៧៧នាក់ គិតត្រឹមថ្ងៃទី២០ខែមិថុនាឆ្នាំ២០២១នេះ។ នេះបើតាមរបាយការណ៍ខាងលើ។
គួរបញ្ជាក់ផងដែរថា កម្ពុជាបាននឹងកំពុងប្រើប្រាស់វ៉ាក់សាំងចំនួនបីប្រភេទដែលផលិតនៅប្រទេសចិន និងក្រោមជំនួយរបស់អង្គការសុខភាពពិភពលោកក្រោមទិដ្ឋភាពនៃការបញ្ជាទិញនិងការផ្តល់ជំនួយ។ វ៉ាក់សាំងទាំងបីប្រភេទនោះរួមមានឈ្មោះថា Sinopharm/Beijing វ៉ាក់សាំង Sinovac និងវ៉ាក់សាំង COVISHIELD (AstraZeneca) ផលិតនៅប្រទេសឥណ្ឌា៕