ក្រសួងសុខាភិបាល បានប្រកាសឱ្យម្ចាស់សេវាសុខាភិបាលឯកជន និងសាធារណជនទាំងអស់បញ្ឈប់ ការចែកចាយ លក់ និងការធ្វើតេស្តរហ័សការពាររកអង់ទីករការពារកូវីដ-១៩ ដែលមិនទទួលបានការចុះបញ្ជិកាពីក្រសួងសុខាភិបាល និងទទួលស្គាល់ពីអង្គការសុខភាពពិភពលោកជាបន្ទាន់ ក្រោយរកឃើញចរាចរផ្តេសផ្តាសជាប្រភេទទីផ្សារអនឡាន របស់គណនីបណ្តាញសង្គមមនុស្ស៤ នាក់ដោយមិនស្របច្បាប់។
សេចក្តីជូនព័ត៌មានដែលបានចេញផ្សាយដោយក្រសួងសុខាភិបាលនៅថ្ងៃចន្ទ ទី២១ ខែមិថុនានេះ បានឱ្យដឹងថា គណនីហ្វេសប៊ុកចំនួន៤ គឺ១-បងប្រុស, ទី២-Leng Kuchnika Pol, ៣-Srey Nit, ៤-TMS-Trust Medical Services បាននិងកំពុងផ្សព្វផ្សាយលក់តេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ គ្មានលេខបញ្ជិកា និងពុំមានការទទួលស្គាល់ពីក្រសួងសុខាភិបាល និងក៏មានសេវាសុខាភិបាលឯកជនមួយចំនួនទៀត ក៏កំពុងយកឧបករណ៍ទាំងនេះទៅធ្វើតេស្តជូនប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យ។
«ដូចនេះ ក្រសួងសុខាភិបាល សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា តេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ ដែលកំពុងចរាចរខាងលើនេះ គឺពុំមានការចុះបញ្ជិកាពីក្រសួងសុខាភិបាលនៅឡើយ ហើយក៏ពុំទាន់មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) នៅឡើយដែរ ហើយលទ្ធផលដែលបានមកពីការប្រើប្រាស់តេស្តទាំងនេះ គឺមិនអាចជឿជាក់បានឡើយ»៕