ក្រសួងសុខាភិបាលនៅថ្ងៃអាទិត្យនេះ បានប្រកាសអនុញ្ញាតឱ្យថែទាំព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតស្រាល និងគ្មានរោគសញ្ញានៅតាមផ្ទះបាន ដោយគោរពតាមនីតិវិធីប្រតិបត្តិស្តង់ដាររបស់ក្រសួង។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញសេចក្តីប្រកាសមួយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ដែលមានចែងចំនួន៤បញ្ញត្តិ ស្តីអំពីការដាក់ឱ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩នៅតាមផ្ទះ។ ប្រការ១នៃប្រកាសនោះបញ្ជាក់ថា នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតស្រាល និងគ្មានរោគសញ្ញានៅតាមផ្ទះនេះ ជាជំហានដំបូងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ប្រការ២នៃប្រកាសនោះបញ្ជាក់ថា៖ «ការដាក់ឲ្យដំណើរការការព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតស្រាល និងគ្មានរោគសញ្ញានៅតាមផ្ទះសម្រាប់ភូមិសាស្ត្រខេត្តផ្សេងទៀត ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសុខាភិបាលនៅពេលក្រោយ ផ្អែកតាមកម្រិតនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុងភូមិសាស្ត្រនីមួយៗ»។
បើតាមនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩នៅតាមផ្ទះរបស់ក្រសួងសុខាភិបាល បញ្ជាក់ថា មានហេតុផលដ៏សំខាន់ និងទិន្នន័យទុកចិត្តបានលើការសម្រចនេះ ពីព្រោះតែការថែទាំអ្នកជំងឺកូវីដ១៩ក្នុងកម្រិតស្រាល និងគ្មានរោគសញ្ញាត្រូវបានបណ្តាប្រទេសជាច្រើនបានជ្រើសរើសយកការព្យាបាលជំងឺកូវីដ១៩នៅតាមផ្ទះ។
ចំណែក ឲអង្គការសុខភាពពិភពលោក (WHO) ក៏បានណែនាំសម្រាប់ការថែទាំអ្នកជំងឺកូវីដ១៩ ក្នុងកម្រិតស្រាលដែលអាចដាក់ឱ្យនៅដាច់ដោយឡែកព្យាបាលនៅតាមផ្ទះ ដើម្បីកាត់បន្ថយបន្ទុករបស់ប្រព័ន្ធសុខាភិបាលផងដែរ។ នេះបើតាមនីតីវិធីប្រតិបត្តិស្តង់ដារដដែល ។
ក្នុងនីតីវិធីប្រតិបត្តិស្តង់ដារនោះក៏បានបញ្ជាក់ថា តាមការប៉ាន់ស្មាននៅកម្ពុជាមានអ្នកជំងឺកូវីដ១៩ចំនួន៨០%ស្ថិតក្នុងកម្រិតគ្មានរោគសញ្ញា និងកម្រិតស្រាល។ អ្នកជំងឺកូវីដ១៩កម្រិតស្រាលដែលគ្មានកត្តាប្រឈមអាចទទួលបានការព្យាបាលនៅតាមផ្ទះ ក៏ប៉ុន្តែត្រូវស្ថិតក្រោមការគ្រប់គ្រង ថែទាំ និងព្យាបាលជាប់ជាប្រចាំដោយមន្ត្រី បុគ្គលិកសុខាភិបាល និងអ្នកស្ម័គ្រចិត្តដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ ដើម្បីអនុវត្តនៅតាមមូលដ្ឋាន និងតាមការវាយតម្លៃផ្ទះរបស់អ្នកជំងឺយ៉ាងម៉តចត់ជាមុនពីមន្ត្រីបុគ្គលិកពាក់ព័ន្ធ៕