សកម្មជនបរិស្ថានបីនាក់ត្រូវបានចោទប្រកាន់ដោយសាលាដំបូងរាជធានីភ្នំពេញ និងបញ្ជូនទៅពន្ធនាគារនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ពីបទរួមគំនិតក្បត់ និងបទប្រមាថព្រះមហាក្សត្រ។ នេះយោងអង្គការចលនាមាតាធម្មជាតិ (Mother Nature Cambodia)។
យោងតាមរយៈទំព័រហ្វេសបុកផ្លូវការរបស់ចលនាមាតាធម្មជាតិ សកម្មជនបរិស្ថានចំនួនបីនាក់រួមមានកញ្ញាស៊ុន រដ្ឋា លោកយឹម លាងហ៊ី និងលោកលីចន្រ្ទដារ៉ាវុត ដែលត្រូវបានចាប់ខ្លួនកាលពីសប្តាហ៏មុន នៅខណ្ឌដូនពេញ ក្រោយពីពួកគេថតវីដេអូទឹកស្អុយហូរចូលទន្លេ នៅម្ដុំមុខព្រះបរមរាជរាំង។
ចលនាមាតាធម្មជាតិបានសំដែងការសោកស្ដាយ និងបានហៅការចោទប្រកាន់នេះថាជាការចោទប្រកាន់តាមអំពីចិត្តទាំងស្រុងដោយគ្មានភ័ស្តុតាងអ្វីទាំងអស់។
មន្ត្រីជាន់ខ្ពស់តស៊ូមតិគម្រោងអ្នកការពារព្រៃឈើនៃសមាគមបណ្ដាញយុវជនកម្ពុជា លោកសាន ម៉ាឡាបាននិយាយថាការចាប់ខ្លួន និងចោទប្រកាន់សកម្មជនបរិស្ថានគឺប្រាសចាកការពិតឆ្ងាយ មិនសមហេតុផល និងមានលក្ខណៈធ្ងន់ធ្ងរ។
លោកបានប្រាប់ Newsroom Cambodia ដូច្នេះថា៖ «ខ្ញុំយល់ឃើញថាការដែលចាប់ខ្លូន និងចោទប្រកាន់សកម្មជនបរិស្ថានទាំងបីនាក់នេះពីបទរួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រវាជារឿងមួយប្រាកចាកការពិតឆ្ងាយមិនសមហេតុផលហើយមានលក្ខណៈធ្ងន់ធ្ងរ អ្វីដែលពួកគាត់ធ្វើកន្លងមកគឺជាការចូលរួមចំណែកយ៉ាងសំខាន់មួយក្នុងដំណើរការអភិរក្ស ការពារថែរក្សាធនធានធម្មជាតិ ហើយពួកគាត់មានសេចក្ដីក្លាហាននៅក្នុងការរាយការណ៍អំពីវិនាសកម្មមកលើធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជារបស់យើង»។
ចំណែកឯលោកសឹង សែនករុណ អ្នកនាំពាក្យនៃសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC)បានប្រាប់និយាយថាបទចោទទាំងអស់ហ្នឹងមិនបានឆ្លុះបញ្ជាំងទៅលើអំពើរបស់សកម្មជនបរិស្ថាននោះទេ។
លោកបានប្រាប់ Newsroom Cambodia ដូច្នេះថា៖ «បើយើងពិនិត្យអំពីមូលដ្ឋាននៃការចោទវិញ ខ្ញុំអត់ដឹងថាខាងតុលាការគេមានមូលដ្ឋានអ្វីក្នុងការចោទប្រកាន់មកលើសកម្មជនបរិស្ថាននោះទេទាំងរឿងប្រមាថព្រះមហាក្សត្រ ទាំងរឿងរួមគំនិតក្បត់ ប៉ុន្តែអ្វីដែលយើងមើលឃើញក្នុងរឿងសកម្មជនបរិស្ថានបួន ប្រាំរូបទាំងអស់ដែលបានចោទប្រកាន់ ហើយអ្នកខ្លះត្រូវបានគេដោះលែងទាំងអស់ហ្នឹង ខ្ញុំឃើញអ្នកដែលចោទប្រកាន់ក្នុងបទនេះវាហាក់ដូចអត់ស្របទៅហ្នឹងអំពើរបស់ពួកគាត់ ហើយគោលបំណងធ្វើសកម្មភាពរបស់ពួកគាត់»។
«ហើយបើយើងពិនិត្យមើលកន្លងមកនៅក្នុងបណ្ដាញសង្គមដែលពួកគាត់លើកឡើងបង្ហាញដល់សាធារណៈជនហ្នឹងគឺពាក់ពាន្ធហ្នឹងការការពារបរិស្ថាន ផលប៉ះពាល់បរិស្ថាន និងធនធានធម្មជាតិទាំងអស់នោះទៅវិញទេ ហើយបញ្ហាទាំងអស់នេះជាបញ្ហាកើតមានក្នុងសង្គមខ្មែរដែលយើងទទួលស្គាល់ទាំងអស់គ្នាដែលកំពុងមានបញ្ហាប៉ះពាល់ ហើយរងការបំផ្លិចបំផ្លាញផ្សេងៗទាំងអស់ហ្នឹង»។
តាមរយៈទំព័រហ្វេសបុកនៅថ្ងៃចន្ទ ទី២១ នាយិកានៃមជ្ឃមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) លោកស្រី ចក់ សុភាព បានលើកឡើងទាថា ខណៈដែលនៅក្នុងពន្ធនាគារមានបញ្ហាប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ តែបែរជាបន្ថែមការឃុំខ្លួនយុវជនទៅវិញ។
លើសពីនេះទៅទៀតលោកស្រីក៏បានលើកឡើងពីរចំនុច ដែលចំនុចទីមួយទាក់ទងអំពីគោលការណ៍ជនត្រូវចោទត្រូវតែមានសេរីភាព ហើយករណីពិសេសតែប៉ុណ្ណោះដែលការឃុំខ្លូនបណ្ដោះអាសន្នគួរធ្វើឡើងនិងតាមលក្ខខណ្ឌចាំបាច់ប៉ុណ្ណោះ។ ចំណែកចំនុចទីពីរលោកស្រីបានលើកឡើងអំពីលក្ខខណ្ឌសិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មានទោសគឺជាសិទ្ធិចាំបាច់មួយក្នុងការធានាថាពលរដ្ឋគ្រប់រូប ជាពិសេសជនជាប់ចោទ ទទួលបានការជំនុំជម្រះដោយយុត្តិធម៌។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បាននិយាយនៅលើទ្វីទ័ររបស់ខ្លួនថាមានក្ដីបារម្ភលើការចាប់ខ្លួនសកម្មជនបរិស្ថានជាបន្តបន្ទាប់ ហើយលោកបានបន្ថែមថាការចុះផលិតវីដេអូស្ដីពីទឹកកខ្វក់ មិនមែនជាអំពើភេរវកម្មឡើយ។ បន្ថែមពីនេះលោកឯកអគ្គរដ្ឋទូតក៏បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាធ្វើការឆ្លើយតបជាដំណោះស្រាយចំពោះពលរដ្ឋ ដោយមិនមែនជាការបំបិតសំឡេងទេ។
លោកប្លង់ សុផល អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ Newsroom Cambodia ថាលោកមិនអាចផ្ដល់ចម្លើយណាមួយពាក់ព័ន្ធនឹងចំណាត់ការនៃរឿងក្ដីនោះទេ។
ចំពោះបទរួមគំនិតក្បត់នេះវិញ កថាខណ្ឌទី២ មាត្រា ៤៥៣នៃក្រមព្រហ្មទណ្ឌកំណត់ថា «ការរួមគំនិតក្បត់ត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ»។ ចំពោះបទប្រមាថអង្គព្រះមហាក្សត្រវិញមាត្រា៤៣៧ (ស្ទួន) កថាខណ្ឌទីពីរកំណត់ថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយឆ្នាំ ទៅប្រាំឆ្នាំ និងពិន័យជាប្រាក់ពី ពីរលានរៀល ទៅដប់លានរៀល»៕