ក្រុមហ៊ុនអូស្រា្តលី ឈ្មោះ រ៉ឺនេសង់ មីនើរ៉ល (Renaissance Minerals) ដែលគ្រប់គ្រងដោយក្រុមហ៊ុន Emerald Resources បានប្តេជ្ញាចិត្តប្រតិបត្តិការរុករករ៉ែមាស តាមបទដ្ឋានស្តង់ដាសុវត្ថិភាពខ្ពស់នៃបរិស្ថាន និងសង្គម ដំបូងគេនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ក្នុងប្រទេសកម្ពុជា ខណៈការសម្ភោធចាប់ផ្តើមអាជីវកម្មរ៉ែមាសបានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នា២០២១នេះ។
ក្រុមហ៊ុន Emerald Resources បានអះអាងយ៉ាងមុតមាំក្នុងសេចក្តីប្រកាសដែលចេញផ្សាយដោយស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ថាខ្លួននឹងអនុវត្តការជីករកធនធានធម្មជាតិក្រោមដីដ៏មានតម្លៃមួយនេះ ដោយការប្រុងប្រយ័ត្នខ្ពស់ស្របតាមអនុលោមគោលការណ៍ណែនាំរបស់ OECD [អង្គការសហប្រតិបត្ដិការសេដ្ឋកិច្ចនិងអ្នកអភិវឌ្ឍន៍] និងច្បាប់ពាក់ព័ន្ធនៅកម្ពុជា។ ស្ថានទូតអូស្រា្តលី បាននិយាយថា៖ «របាយការណ៍ស្តីពីផលប៉ះពាល់បរិស្ថាន និងសង្គមនៃគម្រោងនេះ ជារបាយការណ៍ដំបូងដែលត្រូវបានធ្វើសវនកម្ម សមស្របទៅនឹងបទដ្ឋានបរិស្ថាននិងសង្គមនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ»។
លោកLuke Arnold ដែលជាភារធារីស្ថានទូតអូស្រ្តាលី បាននិយាយបន្តថា ការធ្វើសវនកម្មសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ប្រកបដោយលក្ខខណ្ឌខ្ពស់នាពេលអនាគត ជួយធានាថា ឧស្សាហកម្មរ៉ែកម្ពុជា អាចស្រូបទាញចំណាប់អារម្មណ៍ ពីក្រុមហ៊ុនវិនិយោគអន្តរជាតិ ដែលមានបទដ្ឋានស្តង់ដារខ្ពស់ ហើយអាចផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងសង្គម ។ សេចក្តីប្រកាសដដែលបានបញ្ជាក់ថា ស្ថានទូតអូស្រ្តាលី សម្តែងនូវសេចក្តីសោមនស្ស ដែលយល់ឃើញថា ការវិនិយោគអាជីវកម្មរ៉ែលើកដំបូងរបស់អូស្រ្តាលីនេះ កំពុងជួយដល់រាជរដ្ឋាភិបាលកម្ពុជា កសាងសេដ្ឋកិច្ចរឹងម៉ាំមួយ ប្រកបដោយតម្លាភាព ក្នុងវិស័យយុទ្ធសាស្ត្រប្រចាំតំបន់។ លោកសាន ម៉ាឡា ដែលជាសកម្មជនបរិស្ថាន បានសាទរចំពោះ ការប្តេជ្ញាចិត្តរបស់ស្ថានទូត ក៏ដូចជាក្រុមហ៊ុន អូស្ត្រាលី ក្នុងការអនុវត្តឱ្យបាននូវស្តង់ដារខ្ពស់លើបរិស្ថាន និងសង្គម ក្រោមអភិបាលកិច្ចរបស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ សកម្មជនបរិស្ថានរូបនេះ បានទាមទារឱ្យក្រុមហ៊ុនអូស្ត្រាលី បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់ លើគម្រោងនេះ ជាពិសេស លោកចង់ឱ្យភាគីអូស្រ្តាលីធានាថាអាជីកម្មមួយនេះនឹងមិនធ្វើឱ្យប៉ះពាល់ដល់ជីវភាពសហគមន៍មូលដ្ឋាន ដែលធ្លាប់ប្រកបរបរយករ៉ែមាសជាលក្ខណ:គ្រួសារ និងបរិស្ថានដែលនៅក្នុងតំបន់នោះ៕