ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុននៅថ្ងៃអង្គារនេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន បន្តសហការ និងប្រតិបត្តិវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ បើទោះបីជារដ្ឋាភិបាលជប៉ុនបានប្រកាសបញ្ចប់ការដាក់ភាពអាសន្នយ៉ាងណាក្តី។
យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចេញនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះបានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានប្រកាសបញ្ចប់ការដាក់ភាពអាសន្ននៅទីក្រុងតូក្យូនិងខេត្តចំនួន០៨ផ្សេងទៀត ដោយសារតែស្ថានភាពការឆ្លងជំងឺកូវីដ-១៩បានប្រសើរឡើង។
ប៉ុន្តែការបញ្ចប់ការដាក់ភាពអាសន្ននៅខេត្តអូគីណាវ៉ានៅមិនទាន់បានបញ្ចប់បាននៅឡើយទេ ដោយសារតែចំនួននៃការឆ្លងជំងឺកូវីដ-១៩ ក្នុងខេត្តនេះមានការធ្លាក់ចុះយឺត និងតម្រូវការស្នាក់នៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាលជំងឺកូវីដ-១៩នៅមានកម្រិតខ្ពស់នៅឡើយ ហើយត្រូវស្ថិតនៅក្រោមការដាក់ភាពអាសន្នរហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។ នេះបើយោងទៅតាមសេចក្តីជូនដំណឹងដដែល។
ស្ថានទូតកម្ពុជាបានណែនាំដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រទេសជប៉ុនត្រូវសហការ និងប្រតិបត្តិវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ថា៖ «បង្កើតស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច និងធ្វើដំណើរក្នុងករណីដែលចាំបាច់។ សូមបងប្អូនថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវអនាម័យល្អ ពាក់ម៉ាស់ ចៀសវាងការជួបជុំគ្នាច្រើន រក្សាគម្លាតសុវត្ថិភាព»។
និស្សិតកំពុងសិក្សាថ្នាក់បណ្ឌិតផ្នែកអេពីដេមីសាស្ត្រនៅទីក្រុងតូក្យូប្រទេសជប៉ុន លោក វេជ្ជបណ្ឌិត អេ ប៊ុនធិន បានប្រាប់ Newsroom Cambodia តាមហ្វេសប៊ុកឆាតថា ភាពរាតត្បាតនៃជំងឺកូវីដ-១៩នៅទីនេះមិនសូវជាអាក្រក់ណាស់ណាទេ បើទោះបីជាក្នុងអំឡុងពេលបិទខ្ទប់ក៏ដោយ ហើយអាចធ្វើដំណើរដោយសេរីនៅក្នុងខេត្ត។
លោកបានបន្តទៀតថា ថ្នាក់រៀនទាំងអស់ប្រព្រឹត្តទៅដោយការរៀនពីចម្ងាយតាមអ៊ីនធឺណិត។
លោកបញ្ជាក់ថា៖ «កាលពីដំបូង ខ្ញុំរៀនតាមអនឡាញពីផ្ទះ វាមានភាពធុញថប់តិចតួចដែរ។ ក្រោយមកទៀត ខ្ញុំសម្រចចិត្តមិនរៀនទីផ្ទះទៀតទេ ខ្ញុំទៅផ្ទះគ្រូដែលជាអ្នកណែនាំសម្រាប់ការសិក្សារបស់ខ្ញុំ ដែលនៅទីនោះខ្ញុំមានកន្លែងសម្រាប់រៀនសូត្របាន»។
លោកបន្ថែមថា៖ «ខ្ញុំបានប្រសើរហើយ។ ខ្ញុំអាចជួបជាមួយគ្រួដែលជាអ្នកណែនាំការបង្រៀនរបស់ខ្ញុំ និងមិត្តភ័ក្តមួយចំនួនទៀត។ ដូច្នេះគ្រប់យ៉ាងបានប្រសើរហើយ»។
បើទោះបីជារដ្ឋាភិបាលជប៉ុនបានប្រកាសបញ្ចប់ការដាក់ភាពអាសន្នយ៉ាងណាក្តី ការធ្វើដំណើរតាមជើងយន្តហោះត្រង់ (Direct Flight) រវាងកម្ពុជា និងជប៉ុនមិនទាន់បើកដំណើរការនៅឡើយទេ។ ហើយសម្រាប់អ្នកទេសចរ អ្នកស្នាក់នៅរយៈពេលវែង និងអ្នកមកធ្វើការនៅមិនទាន់អនុញ្ញាតឲ្យចូលប្រទេសជប៉ុននៅឡើយ។ នេះបើយោងតាមសារដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ៕