ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានចេញសេចក្តីជូនដំណឹងឱ្យកម្មករក្នុងវិស័យកាត់ដេរ និងទេសចរណ៍ដែលបានព្យួរកិច្ចសន្យាការងារ ឱ្យប្រញាប់រួសរាន់បើកប្រាក់ឧបត្ថម្ភនៅតាមភ្នាក់ងារវីងដែលនៅជិតបំផុត ឱ្យបានមុនថ្ងៃផុតកំណត់ ក្នុងរយ:ពេល១០ថ្ងៃ ត្រឹមថ្ងៃទី១ ខែកក្កដា។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ចេញនៅព្រឹកថ្ងៃពុធ ទី២៣ ខែមិថុនានេះ ក្រសួងរំឮកថា ធនាគារឯកទេសវីង នឹងបង្វិលប្រាក់ឧបត្ថម្ភទៅឱ្យរដ្ឋាភិបាលវិញ ករណីកម្មករនិយោជិតចំនួន១ម៉ឺននាក់ជាង មកពីរោងចក្រ សហគ្រាសទាំង៩១ នៃវិស័យកាត់ដេរ និងទេសចរណ៍ ខកខានមិនបើកប្រាក់ឧបត្ថម្ភក្នុងរយ:ពេល១០ថ្ងៃ ក្រោយទទួលបានសារទូរស័ព្ទ ធនាគារឯកទេសវីង។
ក្រសួងបានបញ្ជាក់ពីរបៀបបើកប្រាក់ឧបត្ថម្ភក្នុងសេចក្តីជូនដំណឹងដដែលនោះថា៖ «ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះទៅកាន់ផ្នែកងារវីង ដែលនៅជិតបំផុត។ សូមបញ្ជាក់ថា បងប្អូនមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ»។
ក្រសួងបន្ថែមថា ប្រសិនបើកម្មករនិយោជិតដែលបម្រើការងារនៅរោចក្រ សហគ្រាសទាំង៩១ ខាងលើ មិនទទួលបានសារទូរសព្ទពីធនាគារទេ គប្បីទាក់ទងទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួន។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារបញ្ជាក់ថា ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន ៦០,៧៥០រៀល (១៥ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយ:ពេល ៧ថ្ងៃ ដល់ ១០ថ្ងៃ ១២១,៥០០ រៀល (៣០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយ:ពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ និង ១៦២,០០០រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយ:ពេលចាប់ពី ២១ថ្ងៃ ដល់ ១ខែ។
ការផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករក្នុងវិស័យវាយនភណ្ឌ និងទេសចរណ៍ កើតឡើងដោយសារការរាតត្បាតជំងឺ កូវីដ១៩ធ្វើឲ្យប៉ះពាល់ដល់រោងចក្រ សហគ្រាស និងការប្រកបរបរក្នុងវិស័យទេសចរណ៍យ៉ាងធ្ងន់ធ្ងរ៕