ក្រសួងមហាផ្ទៃ នៅថ្ងៃពុធ បានប្រកាសថា ការចាប់ខ្លួនសកម្មជនបរិស្ថាន៣រូប ដោយចោទប្រកាន់ថាជាបណ្តាញសកម្មជនខុសច្បាប់មកពីអង្គការមាតាធម្មជាតិដែលបានរំលាយ គឺជាការអនុវត្តទៅតាមផ្លូវច្បាប់ដែលយោងទៅតាមមូលហេតុធំៗចំនួន៣។
ការប្រកាសរបស់ក្រសួងមហាផ្ទៃធ្វើឡើងបន្ទាប់ពីសកម្មជនបរិស្ថានបីរូប រួមមានមានយុវជន លី ចាន់ដារ៉ាវុទ្ធ យុវជន យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនដោយចោទប្រកាន់ពីបទ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ» បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួនកាលពិថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។
យោងតាមសេចក្តីប្រកាសព័ត៌មាន ចេញដោយអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ឃៀវ សុភ័គ នៅយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ដែល បានឱ្យដឹងថា ការចាប់ខ្លួនសកម្មជនបរិស្ថានទាំងបីរូប គឺយោងទៅលើមូលហេតុធំៗចំនួនបី ទីមួយ អង្គការមាតាធម្មជាតិ មិនមែនជាអង្គការស្របច្បាប់ ក្នុងការបំពេញការងាររបស់ខ្លួននៅប្រទេសកម្ពុជា ដោយហេតុថា ក្រសួងមហាផ្ទៃ បានរំលាយអង្គការនេះ ចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាល តាំងពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដោយផ្អែកតាមសំណើរបស់ប្រធានអង្គការ ព្រះតេជគុណព្រះនាម ព្រហ្ម ធម្មជាតិ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧។
មូលហេតុទី២ គឺបទញុះញង់ឱ្យបែកបាក់ជាតិ និងបទបំពានលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយចោទប្រកាន់ថា Alexandro Gonzalez Davidson ជាមួយនឹងសកម្មជន៣រូបទៀត បានប្រើពាក្យពេចន៍ប្រមាថលើព្រះមហាក្សត្រ និងរាជរដ្ឋភិបាលយ៉ាងធ្ងន់ធ្ងរ ក្នុងកិច្ចប្រជុំមួយ។ ចំណែកមូលហេតុទី៣ គឺ ភស្តុតាងវីដេអូឃ្លីប ដែលបង្កប់ឧបាយកលក្នុងគោលបំណងញុះញង់ ការបះបោរ ផ្តួលរំលំរាជរដ្ឋាភិបាល ដែលផ្ទុយពីគោលការណ៍លទ្ធិប្រជាធិប្បតេយ្យ សេរីពហុបក្ស ដែលចែងក្នុងរដ្ឋធម្មនុញ្ញ។
ក្រោយការចាប់ខ្លួនសកម្មជនបរិស្ថានទាំងបីនាក់ គេឃើញស្ថានទូតធំៗមួយចំនួនប្រចាំកម្ពុជា និងអង្គការជាតិអន្តរជាតិជាច្រើន បានបង្ហាញការព្រួយបារម្ភថា នេះជាការរិតត្បិតសេរីភាពបញ្ចេញមតិ និងជាការព្រមានដល់សកម្មជនបរិស្ថានផ្សេងទៀត។ ពួកគេក៏បានជំរុញឲ្យរដ្ឋាភិបាលដោះលែងសកម្មជនទាំងបីនាក់ជាបន្ទាន់ដោយឥតលក្ខខណ្ឌ៕