អភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាស អនុញ្ញាតឱ្យមានការបើកដំណើរការឡើងវិញចំពោះផ្សារឯកជនដែលមានសណ្តាប់ធ្នាប់ និងអនាម័យបរិស្ថានល្អ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពី ថ្ងៃសុក្រនេះតទៅ ដោយបន្តអនុវត្តវិធានការការពារសុវត្ថិភាព ៣កាពារ ៣កុំ និងផាកពិន័យចំពោះបុគ្គលណាដែលមិនគោរព។
យោងតាមសេចក្តីប្រកាសដែលចុះហត្ថលេខាដោយអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា ក្នុងអំឡុងពេលចាប់បើកដំណើរការផ្សារឯកជនឡើងវិញ គណ:គ្រប់គ្រងផ្សារឯកជនទាំងអស់ត្រូវអនុវត្តទៅតាមវិធានការរដ្ឋបាល និងវិធានការសុខាភិបាលទាំង១២ ដែលបានចែងក្នុងសេចក្តីប្រកាសនេះ។
វិធានការទាំងនោះមានដូចជា រឹតបន្តឹងចំពោះសកម្មភាព មុខរបរ និងការជួបជុំជាលក្ខណ:ឯកជន។ ត្រូវគូសគំនូសដើម្បីឱ្យអតិថិជនរក្សាគម្លាត ១,៥ ម៉ែត្រ ជាចាំបាច់ក្នុងបរិវេណផ្សារ។ អនុវត្តការផាកពិន័យជាទឹកប្រាក់ចន្លោះពី ២សែនរៀល រហូតដល់ ១លានរៀល ជាបន្ទាន់ចំពោះបុគ្គលល្មើស ករណីរកឃើញថា មិនពាក់ម៉ាស ឬពាក់ម៉ាសមិនត្រឹមត្រូវ ឬមិនរក្សាគម្លាតសុវត្ថិភាព។
អនុវត្តការផាកពិន័យក្នុងទឹកប្រាក់ ២លានរៀល ចំពោះការប្រមូលផ្តុំគ្នា ទោះបីជាក្រោមរូបភាពណាក៏ដោយ ដែលផ្ទុយពីការណែនាំ ស្តីពីការមិនគោរពដោយចេតនាវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ កំណត់ច្រកចេញចូលផ្សារសុវត្ថិភាព សម្រាប់ការសង្រ្គោះ និងការគ្រប់គ្រងស្ថានភាពអាសន្ន។
ចាត់ឱ្យមានអ្នកវាស់កម្តៅ បាញ់ទឹកអាកុល-ជែលអាល់កុល និងការស្កេន QR Code “ទប់ស្កាត់កូវីដ Stop Covid” នៅច្រកចេញចូលផ្សារ។ រៀបចំកន្លែងលាងដៃ និងផ្តល់ជាសាប៊ូ ឬទឹកអាកុល ឱ្យបានច្រើនទីតាំងក្នុងផ្សារ។ បាញ់ទឹកសម្លាប់មេរោគជាប្រចាំ ចំពោះបរិវេណក្នុង និងជុំវិញផ្សារ លាងសំអាតបន្ទប់ទឹក និងកន្លែងដែលមានការប៉ះពាល់ច្រើនឱ្យបានស្អាត ដោយទឹកអាល់កុល ជាដើម។
លោក ឃួង ស្រេង ក៏បានបញ្ជាក់ក្នុងសេចក្តីប្រកាសដដែលថា៖ «ប្រគល់ភារកិច្ចជូនរដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ត្រូវសហការចុះត្រួតពិនិត្យតាមផ្សារនីមួយៗ ដើម្បីធានាការអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃសេចក្តីសម្រេចនេះ។ ក្នុងករណីរកឃើញថា ម្ចាស់ផ្សារ ឬគណ:គ្រប់គ្រងផ្សារឯកជន ឬបុគ្គលម្នាក់ មិនព្រមសហការ ឬមិនអនុវត្តតាមខ្លឹមសារនៃសេចក្តីសម្រេចនេះ ត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែងឡើយ»៕