អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ថ្ងៃអង្គារ ទី២១ ខែកក្កដា បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់បទចោទប្រកាន់លើសកម្មជនបរិស្ថាន និងបញ្ឈប់ការធ្វើទុកបុកម្នេញលើអ្នកធ្វើយុទ្ធនាការដោយសន្ដិវិធី។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថារដ្ឋាភិបាលកម្ពុជាគួរទម្លាក់ការចោទប្រកាន់ប្រឆាំងក្រុមសកម្មជនបរិស្ថានចលនាមាតាធម្មជាតិចំនួនបីនាក់រួមមានកញ្ញាស៊ុន រដ្ឋាអាយុ២៦ឆ្នាំ លោកយឹម លាងហ៊ី៣២ឆ្នាំ និងលោកលី ចន្រ្ទាវុធ អាយុ២២ឆ្នាំ។
នាយករងទទួលទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស លោកហ្វីល រ៉ូប៊ើតសិន បានលើកឡើងថា «រដ្ឋាភិបាលកម្ពុជាបានបង្កើនយុទ្ធនាការរបស់ខ្លួនដើម្បីបំបិទមាត់សកម្មជនតស៊ូមតិដើម្បីការពារបរិស្ថាន»។
សេចក្ដីថ្លែងការណ៍ដដែលបានស្នើរទៅរដ្ឋាភិបាលបរទេស ក្រុមអង្គការសហប្រជាជាតិ និងម្ចាស់ជំនួយអន្តរជាតិគួរតែអំពាវនាវ ឲ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលការចោទប្រកាន់ដែលមិនសមហេតុផលចំពោះសកម្មជនបរិស្ថាន និងថ្កោលទោសជាសាធារណៈចំពោះការគាបសង្កត់បន្ថែមទៀតលើសកម្មភាពសន្តិភាពដោយសេរី។
លោកហ្វីល រ៉ូប៊ើតសិន បានលើកឡើងថាតុលាការនៅប្រទេសប្រទេសកម្ពុជាមានលក្ខណៈនយោបាយ ដូចនេះសកម្មជនបរិស្ថានគ្មានឱកាសទទួលបានយុត្តិធម៌ទេ ដូច្នេះមានតែសម្ពាធអន្តរជាតិមកលើរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ ទើបអាចជួយសង្គ្រោះសកម្មជនទាំងនេះពីការជាប់ពន្ធនាគារដោយអយុត្តិធម៌បាន។
Newsroom Cambodia បានទាក់ទងទៅជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកជិន ម៉ាលីនតាមរយៈប្រព័ន្ធតេឡេក្រាម (Telegram) តែលោកមិនបានឆ្លើយតបនោះទេ។
ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បាននិយាយថាអង្គការមាតាធម្មជាតិជាបណ្ដាញសកម្មជនខុសច្បាប់ ហើយបានបន្តលោក Alexandro Gonzalez Davidson សញ្ជាតិអេស្ប៉ាញ ដែលឈរពីក្រោយឈ្មោះអង្គការនេះ បានដឹកនាំកិច្ចប្រជុំជាមួយសកម្មជនរបស់ខ្លួន ០៣រូប ដោយបានប្រើពាក្យពេចន៍ប្រមាថលើអង្គព្រះមហាក្សត្រ និងរដ្ឋាភិបាល។
ក្រសួងមហាផ្ទែបាននិយាយដូច្នេះថា «ទង្វើទាំងនេះគឺជាផែនការញុះញង់បញ្ចើឱ្យមានការបែកបាក់ជាតិ និងរំលោភបំពានទៅលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងចេតនាបង្កអសន្តិសុខសង្គម និងប៉ះពាល់ដល់ស្ថិរភាពជាតិ ដែលអាជ្ញាធរមានសមត្ថកិច្ចចាំបាច់ត្រូវចាត់វិធានកាតាមច្បាប់ជាធរមាន»។
គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកមួយផ្នែកដោយសារតែការយាយីសកម្មជនការពារបរិស្ថាន បានប្រកាសនៅថ្ងៃទី១៧ ខែមិថុនាថាខ្លួននឹងកាត់ផ្តាច់ថវិកាជាង ១០០លានដុល្លារសម្រាប់គម្រោង «បៃតងព្រៃឡង់» របស់រដ្ឋាភិបាលកម្ពុជា ហើយថវិកាទាំងនេះនឹងបង្វិលទៅក្រុមសង្គមស៊ីវិលដែលធ្វើការលើកិច្ចការពារបរិស្ថានវិញ៕