ធនាគារពិភពលោកបានប្រកាសនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ថា បានអនុម័តកញ្ចប់ឥណទានមានតម្លៃទឹកប្រាក់ចំនួន ២០០លានដុល្លារអាមេរិកសម្រាប់ជួយសង្គ្រោះ ការរើបឡើងវិញ និងការកសាងភាពធន់របស់កម្ពុជា ដែលទទួលផលប៉ះពាល់ដោយសារកូវីដ ១៩។
យោងតាមសេចក្ដីប្រកាសព័ត៏មាន គម្រោងថ្មីនេះនឹងជួយកម្ពុជាក្នុងការដោះស្រាយវិបត្តិកូវីដ១៩ តាមរយៈកិច្ចអន្តរាគមន៍សង្គ្រោះទាន់ពេលវេលា និងចំគោលដៅសម្រាប់ពលរដ្ឋងាយរងគ្រោះ ការសម្រួលឱ្យសេដ្ឋកិច្ចងើបឡើងវិញដោយស្វាហាប់តាមរយៈការកែទម្រង់ជារចនាសម្ព័ន្ធ និងការកសាងភាពធន់សម្រាប់ទប់ទល់ទៅនឹងស្ថានភាពអង្រួនផ្នែកសេដ្ឋកិច្ចនាពេលអនាគត។
សេចក្ដីប្រកាសដដែលបានបញ្ជាក់ថា កម្ពុជាកំពុងតែប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងសង្គមដែលមិនធ្លាប់មាន ហើយជាលើកដំបូងហើយក្នុងរយៈពេល៣០ឆ្នាំដែលសេដ្ឋកិច្ចនៃប្រទេសនេះ នៅក្នុងឆ្នាំ២០២០ បានរួញទំហំអស់ ៣,១ភាគរយ ហើយពេលនេះ កម្ពុជាកំពុងស្ថិតនៅកណ្តាលស្ថានភាពដ៏អាក្រក់នៃការឆ្លងវីរុសកូវីដ១៩ ចាប់តាំងពីមានការផ្ទុះឡើងនៃការរាតត្បាតជំងឺនេះដំបូងមក។
«វិស័យដែលរងផល់ប៉ះពាល់ខ្លាំងបំផុតរួមមាន ផ្នែកកាត់ដេរ ទេសចរណ៍ និងសំណង់ ហើយវិស័យទាំងនេះសុទ្ធតែបានផ្តល់ការងារច្រើនជាងគេនៅកម្ពុជា ដែលវាបានបង្កើតបន្ថែមនូវបញ្ហាប្រឈមសម្រាប់ការស្តារសេដ្ឋកិច្ចឱ្យមាននិរន្តភាពឡើងវិញ»។
យោងតាមធនាគារពិភពលោក ខណៈដែលវិធានទប់ស្កាត់បញ្ហាប្រឈមសំខាន់ៗបំផុតនៅមិនទាន់មាន ការរាតត្បាតជំងឺនេះអាចនឹងបណ្តាលឱ្យភាពអត់ការងារធ្វើ និងភាពក្រីក្រកាន់តែកើនឡើងថែមទៀត ដែលក្នុងនោះ ពលរដ្ឋជិតមួយលាននាក់ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះទៅក្នុងភាពក្រីក្រវិញ។
បើគិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបកើនដល់ ៤៦,០៦៥នាក់ និងអ្នកជាសះស្បើយសរុបចំនួន ៤០,៧៦៩នាក់ និងអ្នកស្លាប់សរុបកើនដល់៥០៩នាក់ គិតចាប់តាំងពីការរកឃើញដំបូងនៅចុងខែមករា ឆ្នាំ២០២០នេះមក៕