រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវឱ្យពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឆាប់មកទទួលចាក់វ៉ាក់សាំង ដោយថា យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩គ្រោងបិទបញ្ចប់នៅដើមខែកក្កដាខាងមុខ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងមួយដោយអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទាំងអស់ ឱ្យឆាប់មកទទួលចាក់វ៉ាក់សាំងបង្ការឱ្យបានគ្រប់គ្នានៅតាមខណ្ឌទាំង១៤ ចាប់ពីថ្ងៃទី ២៧ ខែមិថុនាឆ្នាំ ២០២១នេះ រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។
សេចក្តីជូនដំណឹងដដែលនោះបានបញ្ជាក់ថា៖ «ក្រោយការបិទបញ្ចប់ចំពោះបងប្អូនប្រជាពលរដ្ឋដែលខកខានមិនបានមកចាក់វ៉ាក់សាំងតាមពេលវេលាខាងលើ រដ្ឋបាលរាជធានីភ្នំពេញមិនទទួលខុសត្រូវចាក់ជូនទៀតឡើយ»។
គួរបញ្ជាក់ថា យុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងទៅនៅរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះសម្រេចបាន១,៦៦២,៣៥៦នាក់ (ដូសទី១) និង១,៤៩៨,៧៨៧នាក់ (ដូសទី២)៕