ក្រសួងសុខាភិបាល បានប្រកាសដាក់ទោសតាមផ្លូវច្បាប់ចំពោះការចែកចាយ និងលក់ឱសថបុរាណចិនខុសច្បាប់ LIANHUA QINGWEN JIAONANG ក្រោយរកឃើញគណនីហ្វេសប៊ុកចំនួន៨ កំពុងបោកប្រាស់ថា អាចព្យាបាលជំងឺកូវីដ-១៩បាន ខណ:ដែលឱសថនេះគ្មានលេខបញ្ជិកាត្រឹមត្រូវ។
យោងទតាមសេចក្តីប្រកាសដែលចេញផ្សាយនៅរសៀល ថ្ងៃសៅរ៍ ទី២៦ ខែមិថុនានេះ បានឱ្យដឹងថា គណនីបណ្តាញសង្គមហ្វេសប៊ុក ( Facebook ) ចំនួន៨ ឈ្មោះ ៖ ១. Global Products ២. សុខភាពប្រចាំថ្ងៃ ៣. Online Shop ៤. JHRWS ៥. ឱសថបុរាណចិន-Lianhua Qingwen Capsule ៦. R&N Supply ៧. 999 online shop ៨. Morakotលក់អាកុលសុទ្ធ100% និងគណនីផ្សេងៗមួយចំនួនទៀត មានទាំងឱសថស្ថាន ឱសថស្ថានរង អគារលក់ឱសថបុរាណមួយចំនួនកំពុងផ្សព្វផ្សាយ និងលក់ ដោយកុហកថាអាចព្យាបាលជំងឺកូវីដបាន។
ក្រសួងបានបញ្ជាក់ថា៖ «ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះគណនីហ្វេសប៊ុកចាងលើ និងគណនីផ្សេងៗទៀត ដែលបាន និងកំពុងនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ ឱសថបុរាណចិនខាងលើ ទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន»។
បើតាមក្រសួងសុខាភិបាល គ្រប់ឱសថដែលមិនស្របតាមបញ្ជិកាដែលចេញពីក្រសួងសុខាភិបាល មិនត្រឹមតែធ្វើឱ្យបាត់បង់ថវិកាប្រជាពលរដ្ឋដែលជាអ្នកបានទិញយកមកប្រើប្រាស់នោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់សុខភាព ឬឈានដល់បាត់បង់ជីវិតថែមទៀតផង។ ដូចនេះ សូមមានការប្រុងប្រយ័ត្ន រាល់ពេលទិញឱសថតាមអនឡាន ត្រូវប្រាកដថាមានបញ្ជិកាច្បាស់លាស់ មុនសម្រេចទិញយកមកប្រើប្រាស់៕