ក្រសួងសុខាភិបាលនៅថ្ងៃអាទិត្យបានប្រកាសច្រានចោលពាក្យចចាមអារាមដែលថា តម្រូវឱ្យមានការបង់ប្រាក់ដើម្បីទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ ក្រោយមានការចុះស្រាវជ្រាវដោយក្រុមការងារ គ.វ.ក-១៩ រកឃើញពាក្យដែលបានចែកចាយតៗគ្នានេះ នៅតាមគ្លីនិកឯកជន។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅយប់ថ្ងៃអាទិត្យ ទី២៧ ខែមិថុនា នេះបានឱ្យដឹងថា ដោយសារនាពេលថ្មីៗនេះ មានការលេចឮពីសាធារណជនដែលថា មានការប្រមូលផ្តុំគ្នាចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទអាស្រ្តាហ្សេនីកាបាន ដោយតម្រូវមានការបង់ថវិកាក្នុងចំនួនមួយមិនច្បាស់លាស់។ បន្ទាប់មក គ.វ.ក-១៩ បានចុះទៅស្រាវជ្រាវ តាមគ្លីនិកឯកជន ពិតជាមានការផ្សព្វផ្សាយពាក្យបោកប្រាស់នេះ ក្នុងរូបភាពជាការនិយាយលេងសើច និងការឮគេនិយាយតៗគ្នា ពីរឿងនេះ។
គណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានអំពាវនាវក្នុងសេចក្តីប្រកាសដដែលថា សម្រាប់បុគ្គលដែលបានប្រឌិតព័ត៌មានក្លែងក្លាយនេះឡើង ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពចែកចាយព័ត៌មានមិនពិតដែលថា មានការបង់ប្រាក់សម្រាប់ទទួលបានការចាក់វ៉ាក់សាំង ក្នុងគោលបំណងដែលធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយជាតិចាក់វ៉ាក់សាំងកូវីដ១៩ របស់រាជរដ្ឋាភិបាល និងខាតបង់ប្រាក់កាសរបស់ប្រជាពលរដ្ឋផងដែរ ។
ក្រសួងបានបញ្ជាក់ថា ករណីមានការទាមទារឱ្យបង់ប្រាក់កម្រៃពីជនខិលខូចណាមួយ ក្នុងការទទួលបានការចាក់វ៉ាក់សាំង សូមរាយការណ៍ទៅ គ.វ.ក-១៩ តាមលេខទូរស័ព្ទ ០១២ ៧៧៧ ៧៦០ ឬ ០១២ ៩១៦ ០៩៩ ឬ ០១២ ៩០៤ ៣៨៥ ជាបន្ទាន់។
សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ១៩ នឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋចំនួន១០លាននាក់ទូទាំងប្រទេសដោយឥតគិតថ្លៃ ដែលមានអាយុចាប់ពី១៨ ឆ្នាំឡើយទៅ និងស្ថិតនៅក្នុងក្រុមអាទិភាពដែលកំណត់ដោយរាជរដ្ឋាភិបាល៕