ក្រសួងសុខាភិបាលបានទទូចដល់សាធារណជនទូទាំងប្រទេស ឱ្យបន្តការពារខ្លួនកុំធ្វេសប្រហែស ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅដោយធម្មតានឹងគន្លងថ្មី ក្នុងបរិបទនៃកូវីដ-១៩នេះ ខណ:ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសវីរុសបម្លែងថ្មី ដែលតា (Delta) កំពុងឆ្លងរាលដាលក្នុងប្រទេសកម្ពុជា។
ក្នុងសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយនារសៀល ថ្ងៃច័ន្ទ ទី២៨ ខែមិថុនានេះ បានឱ្យដឹងថា លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានក្រើនរំឮក និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តការពារខ្លួន កុំបីភ្លេចខ្លួនឡើយ ទន្ទឹមនឹងការចេះសម្របខ្លួនតាមពាក្យស្លោកថា៖ «រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩» សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់ខ្សែចម្លងនៃរីរុសកូវីដ-១៩ ជាពិសេសពពួកបំប្លែងថ្មី ដែលតា (Delta) ក្នុងប្រទេសកម្ពុជា។
ក្នុងសេចក្តីប្រកាសដដែល បានបញ្ជាក់ផងដែរថា កម្ពុជាបានរកឃើញជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ ដែលតា (Delta) ច្រើនករណីលើពលករចំណាកស្រុកត្រឡប់ពីប្រទេសថៃ ដែលវីរុសថ្មីនេះមានភាពសាហាវខ្លាំងជាងវីរុសកូវីដ-១៩ ខ្លាំងជាង១៥ដង ដោយបច្ចុប្បន្ននេះមិនទាន់ដឹងថាតើបុគ្គលណាខ្លះបានឆ្លងវីរុសនេះហើយឬនៅទេ។
ក្រសួងនៅតែបន្តណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តវិធាន៣ការពារ មានត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ សំអាតដៃឱ្យបានញឹកញាប់ជាមួយអាកុល ឬជែល រៀងរាល់២០វិនាទី រក្សាគម្លាតសុវត្ថិភាព១,៥ ម៉ែត្រ និង៣កុំ រួមមាន កុំនៅកន្លែងមានមនុស្សកុះករច្រើន កុំនៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា សូម្បីសមាជិកគ្រួសារ ឬមិត្តភ័ក្រ្ត ជាដើម។
«ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដើរតួនាទីសំខាន់ណាស់ គឺដើម្បីការពារបុគ្គលខ្លួនឯង ក្រុមគ្រួសារខ្លួន និងសហគមន៍របស់ខ្លួន និងអ្នកដទៃ ឱ្យបានរស់នៅប្រកបដោយសុវត្ថិភាព និងអាចរក្សាជីវភាពរស់នៅ ដោយអាចប្រព្រឹត្តការប្រកបមុខរបរចិញ្ចឹមជីវិតបាន»។ នេះជាការបញ្ជាក់របស់ក្រសួងសុខាភិបាលក្នុងសេចក្តីប្រកាស៕