តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជានៅថ្ងៃសៅរ៍នេះបានសម្តែងក្តីបារម្ភពីការឆ្លងកាន់តែច្រើនឡើងនៅកម្ពុជានូវវីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទ ដែលតា(Delta) ហើយថាត្រូវតែចាត់ការជាបន្ទាន់ និងចាត់ការដោយទទួលខុសត្រូវទាំងអស់គ្នា។
តំណាងអង្គការសុខភាពពិភពលោកនៅកម្ពុជា លោកស្រី វេជ្ជបណ្ឌិត លី អៃល៊ាន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះបានសរសេរសារនៅលើទំព័រទ្វីធើ(Twitter)ផ្ទាល់ខ្លួន «យើងពិតជាមានក្តីបារម្ភអំពីជំងឺកូវីដ-១៩បំប្លែងថ្មី»។
លោកស្រីបានបន្តទៀតថា៖ «ជំងឺកូវីដ-១៩និងការឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មីត្រូវគេរំពឹងមានកាន់តែច្រើននៅកម្ពុជា។ យើងត្រូវតែចាត់ការជាបន្ទាន់ ចាត់ការទាំងអស់គ្នាដោយការទទួលខុសត្រូវ»។
ជាមួយគ្នានេះដែរ លោកស្រី លី អៃល៊ាន បានបញ្ជាក់ទៀតថាឧបករណ៍និងការវាស់វែងនានានៃបច្ចុប្បន្នភាពជំងឺកូវីដ-១៩ជួយទប់ទល់នូវការប្រឈមថ្មីៗនេះ ប្រសិនបើគេអនុវត្តវាយ៉ាងមានប្រសិទ្ធិភាពនោះ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង កាលពីថ្ងៃសុក្រក៏បានចេញលិខិតដ៏ប្រញាប់មួយធ្វើការណែនាំដល់អភិបាលរាជធានីខេត្តទាំងអស់ឱ្យពង្រឹងវិធានការចត្តាឡីស័កនៅតាមបណ្តាច្រកព្រំដែននានា និងពង្រឹងវិធានការរដ្ឋបាលចាំបាច់ផ្សេងទៀតដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩បម្លែងខ្លួនថ្មីប្រភេទDelta ក្នុងសហគមន៍។
លោក ម៉ម ប៊ុនហេង បានបញ្ជាក់ក្នុងលិខិតប្រញាប់នោះថា៖ «សភាពការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩ បម្លែងខ្លួនថ្មីប្រភេទDeltaឆ្លងចូលក្នុងសហគមន៍តាមរយៈការនាំចូលពីបណ្តាច្រកព្រំដែននានា»។
លោកបានបន្តទៀតថា៖ «ត្រូវចាត់វិធានការពង្រឹងការគ្រប់គ្រងប្រជាពលរដ្ឋធ្វើចំណាកស្រុក ដែលវិលត្រឡប់មកភូមិ-ឃុំវិញ និងត្រូវអនុវត្តវិធានការចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់ ក្នុងករណីដែលរកឃើញថា ប្រជាពលរដ្ឋទាំងនោះពុំបានឆ្លងកាត់ការធ្វើចត្តាឡីស័កនៅតាមព្រំដែន»។
សូមបញ្ជាក់ផងដែរថា ចាប់តាំងពីដើមខែមិថុនាឆ្នាំ២០២១រហូតមកដល់ថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២១នេះ ជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទ Deltaនេះត្រូវបានគេរកឃើញវត្តមាននៅកម្ពុជាសរុប១០ករណីហើយ៕