សាលារាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានផ្អាកដំណេីរការជាបណ្តោះអាសន្នផ្សារបឹងកេងកង ដែលស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី១ រយៈពេល១៤ថ្ងៃ បន្ទាប់ពីមានការឆ្លងជំងឺកូវីដច្រើននៅក្នុងផ្សារ។
យោងតាមសេចក្តីសម្រចរបស់សាលារាជនីភ្នំពេញ ការផ្អាកនេះគឺដេីម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ហើយសន្តិសុខ បុគ្គលិក កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដេីម្បីទៅយកសំណាកវិភាគរកមេរោគ និងត្រូវធ្វេីចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សេចក្តីប្រកាសដដែលបានហាមឃាត់រាល់ការចេញចូល និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សក្នុងមូលដ្ឋានផ្សារបឹងកេងកង លេីកលែងករណីចំបាច់ដូចជា ការចេញចូល ក្នុងការជួបជុំក្នុងចំណោមអ្នកជាប់ពាក់ព័ន្ធនៅក្នុងទីតាំងកំណត់ដែលត្រូវផ្តល់សំណាក។ ការចេញចូល និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដេីម្បីអនុវត្តវិធានការសុខាភិបាល។ ការចេញចូលនិងការជួបជុំរបស់គណ:កម្មការផ្សារ អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ។
សន្តិសុខ បុគ្គលិក កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធទាំងឡាយណាដែលមិនព្រមសហការទៅយកសំណាកវិភាគរកមេរោគកូវីដ១៩ ឬ មិនអនុវត្តវិធានចត្តាឡីស័ក នឹងត្រូវប្រឈមមុខទៅនឹងការពិន័យអន្តការណ៍ដែលបានកំណត់ដោយក្រសួងសុខាភិបាល។ នេះយោងតាមសេចក្តីប្រកាសដដែល។ ក្រៅពីនេះ ក៏មានការពិន័យអន្តរការណ៍ នឹងមិនអនុញ្ញាតឱ្យបន្តអាជីវកម្មលក់ដូរ ឬ ចេញចូលមកបម្រេីរកាងាររបស់ខ្លួនឡេីយ បេីទោះបីជាផ្សារបេីកដំណេីរការឡេីងវិញក៏ដោយ។
គួរបញ្ជាក់ថា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៧២៣នាក់ អ្នកជាសះស្បេីយថ្មីចំនួន ៧០៩នាក់ និងអ្នកស្លាប់ថ្មីចំនួន ១៩នាក់។
ចំណែកអ្នកឆ្លងនៅទូទាំងប្រទេសជាង ១ឆ្នាំមកនេះ មានចំនួន ៤៩ ២៥៥នាក់ ដោយអ្នកជំងឺដែលព្យាបាលជាសះស្បើយ ៤៣ ៤៧៣នាក់ អ្នកស្លាប់សរុប ៥៧៥នាក់ និងកំពុងសម្រាកព្យាបាល ២៤០៩នាក់៕