ក្រសួងយុត្តិធម៌ប្រកាសថា ក្នុងរយ:ពេល១ឆ្នាំ ១ខែ បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះបានប្រមាណ៦២,៨០០ ក្រោយសម្រេចបិទយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងតាមសាលាដំបូងរាជធានី-ខេត្ត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ ផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញថា ក្នុងរយ:ពេល ១ឆ្នាំ ១ខែ គិតពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ដែលជាថ្ងៃបើកយុទ្ធនាការរហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ដែលជាថ្ងៃបិទយុទ្ធនាការយុទ្ធការការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត សាលាដំបូងរាជធានី ខេត្តទូទាំងប្រទេស បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលចូលថ្មី បានចំនួន ៦២.៨០០ រឿង ស្មើនឹង៧៨% នៃចំនួនសំណុំរឿងចូលថ្មីសរុប ៨០.៤០០ រឿង។
សេចក្តីប្រកាសដដែលបានលើកឡើងពីជ័យជំនះរបស់ខ្លួនក្នុងការសម្រេចបាននូវលទ្ធផលការងារ ក្នុងកាល:ទេស:ដែលប្រទេសកំពុងជួបវិបត្តិកូវីដ-១៩ ថា៖ «សាលាដំបូងរាជធានី ខេត្តចំនួន ២២ ក្នុងចំណោមសាលាដំបូងរាជធានី ខេត្តចំនួន ២២ ក្នុងចំណោមសាលាដំបូងសរុបទាំងអស់ចំនួន ២៤ បានប្រកាសជាបន្តបន្ទាប់នូវជោគជ័យរបស់ខ្លួនក្នុងការអនុវត្តយុទ្ធនាការ។ ទន្ទឹមនេះ សាលាដំបូងចំនួន ២ ទៀតគឺ សាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តព្រះសីហនុ ដែលជាសាលាដំបូងមានសំណុំរឿងច្រើនជាងគេ និងមានទីតាំងស្ថិតនៅក្នុងតំបន់បិទខ្ទប់ដោយសារផលប៉ះពាល់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មិនទាន់អាចសម្រេចគោលដៅ និងប្រកាសអំពីជោគជ័យនៃការអនុវត្តយុទ្ធនាការនេះនៅឡើយទេ»។
«យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលារាជធានី ខេត្ត មិនត្រឹមតែអាចជួយដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្តនឹងចូលរួមចំណែកក្នុងការដោះស្រាយភាពចង្អៀតណែនតាមពន្ធនាគារបានយ៉ាងច្រើនប៉ុណ្ណោះទេ ប៉ុន្តែយុទ្ធនាការនេះក៏បានជួយលើកកម្ពស់សមត្ថភាពស្ថាប័នតុលាការ ក្នុងការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋផងដែរ ដោយក្នុងរយ:ពេលអនុវត្តយុទ្ធនាការនេះ ចំណាត់ការសំណុំរឿងក្តីព្រហ្មទណ្ឌនៅគ្រប់ដំណាក់កាលនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ទទួលបានលទ្ធផលខ្ពស់ជាង ២ដង បើធៀបនឹងឆ្នាំ២០១៨ និងឆ្នាំ២០១៩ កន្លងទៅ»។ នេះបើតាមសេក្តីប្រកាសរបស់ក្រសួងយុត្តិធម៌។
លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូ បានថ្លែងប្រាប់ Newsroom Cambodia ថា ក្នុងនីតិវិធី ឬក្នុងតុលាការ ត្រូវតែមានការពន្លឿននិតិវិធី ដោយមិនមែនទាល់តែមានយុទ្ធនាការពីក្រសួងយុត្តិធម៌កើតឡើងទើបពន្លឿននោះទេ។
«នៅតាមសាលាដំបូងខេត្ត រាជធានីខេត្ត ក៏ដូចជាសាលាឧទ្ធរណ៍ ព្រោះសាលាឧទ្ធរណ៍ឥឡូវយើងមានសាលាឧទ្ធរណ៍តំបន់ទៅទៀត ច្រើនដែរ។ អញ្ចឹង វាគួរតែចំណាត់ការសំណុំរឿងទៅតាមនិតិវិធីដែលប្រកបដោយតម្លាភាព ហើយយុត្តិធម៌ និងមិនមានអំពើពុករលួយ ដើម្បីឱ្យសំណុំរឿងទាំងអស់នឹងមិនមានការកកស្ទះ»។
លោក អំ សំអាត បន្ថែមថា ចាប់ពីពេលតនេះទៅសាលាដំបូងរាជធានីខេត្តនឹងអនុវត្តតាមគំរូនៃយុទ្ធនាការរបស់ក្រសួងយុត្តិធម៌ ដោយការពន្លឿននិតិវិធី ការអនុវត្តនិតិវិធីប្រកបដោយតម្លាភាព យុត្តិធម៌ និងគ្មានអំពើពុករលួយ ដើម្បីឱ្យរឿងនីមួយៗពុំមានការកកស្ទះ ដែលជាហេតុនាំឱ្យប៉ះពាល់ដល់សិទ្ធិប្រជាជនជាប់ចោទ ។
លោក បានបន្តថា៖ «អានេះបានជាទៅជាមាននិរន្តរភាពបាន ប្រសិនបើជាទាល់តែមានយុទ្ធនាការពីក្រសូងយុត្តិធម៌ ដូចក្រសួងយុត្តិធម៌ធ្លាប់ធ្វើកន្លងមក អានឹងវាវិលៗ វានៅដដែល»។
នាយករងផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៅអង្គការលីកាដូរូបនេះ បានលើកឡើងពីភាពចង្អៀតណែននៃពន្ធនាគារថា នៅតែមិនអាចដោះស្រាយបាន ទោះបីជាលទ្ធផលការងារសម្រេចបានច្រើនដូចដែលក្រសួងយុត្តិធម៌បានលើកឡើងក្តី ជាពិសេសក្នុងអំឡុងពេលកូវីដ-១៩ កំពុងរាតត្បាត ដែលការចង្អៀតណែននៃពន្ធនាគារនៅតែបន្តកើតមាន ហើយប្រសិនបើមានការរីករាលដាលឆ្លងជំងឺកូវីដ ចូលទៅពន្ធនាគារនៅតែបន្តកើតមានឡើង នោះជាក្តីព្រួយបារម្ភជាខ្លាំង។
អង្គការលីកាដូ ដែលធ្វើការផ្នែកសិទ្ធិមនុស្ស បានទទូចឱ្យមានការដោះលែងជនជាប់ឃុំដែលស្ថិតក្នុងបទល្មើសកម្រិតស្រាល និងអ្នកជិតផុតទោស ដោយពន្លឿននិតិវិធីក្នុងការជំនុំជម្រះក្តី ផ្តល់អាទិភាពដល់ជនអាទិភាព ដូចជាជនដែលមានជំងឺរ៉ាំរៃ ជនពិការ អនីតិជន ស្រ្តីដែលមានផ្ទៃពោះ ជាដើម។ ការឃុំខ្លួនបណ្តោះអាសន្ន ត្រូវតែផ្អែកតាមនិតិវិធី ឬបញ្ហាផ្លូវច្បាប់ដែលជាការជ្រែកជម្រើសនៃសេរីភាពនៃជនជាប់ចោទ ដោយឡែកការឃុំខ្លួនបណ្តោះអាសន្នជាជម្រើសចុងក្រោយ៕