ទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជានៅថ្ងៃអង្គារនេះបានសម្រេចយល់ព្រមឱ្យក្រសួងមហាផ្ទៃអាចប្រើប្រាស់ថវិកាដើម្បីសាងសង់អាគារទីស្តីការថ្មីនៅលើទីតាំងចាស់ ក្នុងទឹកប្រាក់ចាប់ផ្តើមប្រមាណជាជាង២០លាន៥សែនដុល្លារអាមេរិក ដែលជាទឹកប្រាក់មានស្រាប់របស់ក្រសួង។
យោងតាមលិខិតផ្លូវការរបស់ទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ លោក កែន សត្ថា ដែលជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានយល់ព្រមជាគោលការណ៍ឱ្យក្រសួងមហាផ្ទៃសាងសង់អគារទីស្តីការថ្មីលើទីតាំងចាស់របស់ខ្លួន តាមការស្នើសុំ។
លោកបានបញ្ជាក់នៅក្នុងលិខិតដដែលនោះថា៖ «រដ្ឋាភិបាលយល់ព្រមជាគោលការណ៍ឱ្យក្រសួងមហាផ្ទៃសាងសង់អាគារទីស្តីការថ្មីលើទីតាំងចាស់ ស្ថិតនៅលើវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញដោយប្រើប្រាស់ថវិការបស់ក្រសួងដែលមានស្រាប់»។
លោកបានបញ្ជាក់ទៀតថា ថវិការបស់ក្រសួងមហាផ្ទៃដែលមានស្រាប់ចំនួន២០,៤៥០,០០០ ដុល្លារអាមេរិក នឹងត្រូវបានប្រើប្រាស់ក្នុងចាប់ផ្តើមសាងសង់ ចំណែកឯថវិការដែលខ្វះខាតនឹងត្រូវប្រើប្រាស់ថវិកាជាតិបន្ថែម។
លោកបន្តនៅក្នុងលិខិតដដែលនោះថា៖ «ថវិកាដែលខ្វះសម្រាប់សាងសង់អាគារនេះ ក្រសួងមហាផ្ទៃត្រូវស្នើសុំគោលការណ៍ដោះស្រាយជាជំហានៗតាមវិធីស្របច្បាប់ជាធរមាន ដោយខិតខំបន្ថយឱ្យបានជាអតិបរមានូវការប្រើប្រាស់ថវិការជាតិដែលកំពុងមានបន្ទុកធ្ងន់ធ្ងរលើចំណាយប្រឆាំងជំងឺកូវីដ-១៩»។
នាយកប្រតិបត្តិអង្គការតម្លាភាពអន្តរជាតិកម្ពុជា លោក ពេជ្រ ពិសី បានថ្លែងប្រាប់ Newsroom Cambodia តាមទូរស័ព្ទនៅថ្ងៃពុធថា ការស្នើសុំ និងការអនុម័តថវិកាដែលក្រសួងធ្វើឡើងជាយូរមកហើយ ដើម្បីស្រូបយកកម្លាំងរបស់មន្ត្រីរាជការដែលធ្វើការនៅក្រសួងមហាផ្ទៃដែលមានចំនួនច្រើនទៅៗ។
លោកបញ្ជាក់ថា៖ «ខ្ញុំយល់ថាការវិនិយោគហ្នឹងមានរយៈពេលវែង ហើយវាជាការវិនិយោគមួយដែលសម្លឹងមើលទៅមុខ ហើយបច្ចុប្បន្នយើងដឹងហើយខាងក្រសួងមហាផ្ទៃគាត់ ខ្វះនូវទីតាំង ខ្វះបន្ទប់ដើម្បីផ្គត់ផ្គង់ដល់ចំនួនមន្ត្រីដែលមានការកើនឡើង»។
លោក ពេជ្រ ពិសី បន្ថែមថា ក្រសួងមហាផ្ទៃធ្វើការធានាសន្តិសុខសង្គមផង និងជំរុញការផ្តល់សេវាប្រកបដោយប្រសិទ្ធភាពនៅថ្នាក់ជាតិថ្នាក់ក្រោមជាតិផង ដូច្នេះ មន្ត្រីរបស់ក្រសួងមានការកើនឡើង។
«ខ្ញុំយល់ថានៅក្នុងបរិបទនេះ ថវិកា២០លានជាងហ្នឹងមិនជាប៉ះពាល់អីធ្ងន់ធ្ងរដល់បញ្ហាកូវីដទេ ព្រោះបញ្ហាកូវីដយើងមានថវិការកញ្ចប់ផ្សេង ណាមួយទៀតការវិនិយោគក្នុងការបង្កើនហេដ្ឋារចនាសម្ព័ន្ធ ឬក៏សមត្ថភាពស្រូបយកការងាររបស់មន្ត្រីក្រសួងមហាផ្ទៃគឺជាការវិនិយោគវែងឆ្ងាយ ដូច្នេះមិនមានបញ្ហាអ្វីទេ តាមមើលទៅ»។
ក្រសួងមហាផ្ទៃ គឺជាក្រសួងដ៏ធំមួយដែលជាសេនាធិការរបស់រដ្ឋាភិបាលក្នុងការផ្តល់សេវាសន្តិសុខសណ្តាប់ធ្នាប់ទាំងកងកម្លាំងប្រដាប់អាវុធ មាននគរបាល និងផ្តល់សេវាសាធារណៈទាំងផ្នែកស៊ីវិលមានការគ្រប់គ្រងថ្នាក់រាជធានីខេត្ត ស្រុកខណ្ឌ ឃុំសង្កាត់ និងភូមិផងដែរ៕