កាលពីថ្ងៃទី៧ ខែកកក្តដាឆ្នាំ២០២១ Newsroom Cambodia បានសម្ភាសន៍យុវជនមួយចំនួនពាក់ព័ន្ធនឹងការយល់ឃើញអំពីការងារស្ម័គ្រចិត្ត។ ពួកគេយល់ឃើញថា ការងារស្ម័គ្រចិត្តគឺជាការងារមួយដែលមិនមានប្រាក់ខែ ប៉ុន្តែវាជាការងារមួយដែលផ្ដល់នូវបទពិសោធន៍យ៉ាងសម្បូរបែបដែលយើងមិនធ្លាប់បានដឹង ដោយបទពិសោធន៍ទាំងនោះមិនអាចយកប្រាក់ទៅទិញបានឡើយ។
ខាងក្រោមនេះគឺជាការលើកទ្បើងរបស់យុវជនយុវនារីមួយចំនួននៅរាជធានីភ្នំពេញ និងខេត្តដែលបានផ្តល់សម្ភាសន៍ដល់ Newsroom Cambodia ។
កញ្ញា តេង ស៊ីវស៊ីន អាយុ ១៨ឆ្នាំរៀនថ្នាក់ទី ១២ នៅខេត្តកោះកុងនិយាយថា៖ «ការងារស្ម័គ្រចិត្តគឺជាការងារមួយដែលមិនមានប្រាក់ខែសម្រាប់ផ្គត់ផ្គង់យើងទេ ប៉ុន្តែវាជាការងារមួយដែលផ្ដល់នូវបទពិសោធន៍យ៉ាងសម្បូរបែបដែលយើងមិនធ្លាប់បានដឹង ដោយបទពិសោធន៍ទាំងនោះមិនអាចយកប្រាក់ទៅទិញបាននោះទេ»។
កញ្ញា មេង រំភើយ អាយុ១៩ឆ្នាំជានិស្សិតឆ្នាំទី៣នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជា និងជាប្រធានផ្នែកអភិវឌ្ឍន៍គម្រោង នៃសមាគមយុវជនស្ម័គ្រចិត្តដើម្បីការអប់រំ ស្រុកកំណើតនៅខេត្តកំពតនិយាយថា៖ «ការងារស្ម័គ្រចិត្តគឺមានផលប្រយោជន៍ច្រើនណាស់សម្រាប់យើងទាំងអស់គ្នា ធ្វើឱ្យយើងបានស្គាល់មនុស្សជាច្រើន បានទទួលបទពិសោធន៍ជាច្រើនពីមនុស្សនៅជុំវិញខ្លួនយើង បានចូលរួមក្នុងការជួយការងារសង្គមជាតិ បានចែករំលែកចំណេះដឹង និងក្តីស្រឡាញ់របស់យើងទៅមនុស្សគ្រប់គ្នា»។
កញ្ញា ប៉េ សំរើន ជានិស្សិត នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចលើកឡើងថា៖ «ការងារស្ម័គ្រចិត្តដ្បិត ពុំបានលុយ ពិតមែនប៉ុន្តែទទួលបានបទពិសោធន៍ល្អៗ ដូចជាមានគេស្គាល់ច្រើន បានចំណេះដឹងនិងមានមុខមានមាត់ ពេលបំពេញការងារ ហើយការងារដែលទទួលបានសុទ្ធតែជាការងារល្អ ហើយជួបអ្វីប្លែក។
កញ្ញាបន្ថែមថា៖ «មិនតែប៉ុណ្ណោះពេលដែលយើងកំពុងរៀនហើយធ្វើការងារស្ម័គ្រចិត្តពិតជាល្អសម្រាប់ សិស្សនិស្សិតពេលបំពេញការងារបានល្អ ពេលយើងរៀនចប់យើងទទួលបានការងារមួយល្អមាននៅកន្លែងដែលយើងធ្វើការស្ម័គ្រចិត្តពីមុន ហើយជាបទពិសោធន៍មួយល្អដែលយើងទទួលបានទាំងចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍មួយចប់ ច្បាស់លាស់សម្រាប់ការងារដែលយើងពេញចិត្តនឹងត្រូវជំនាញដែលកំពុងរៀនហើយរៀនចប់ទោះពេលកំពុងរៀនមិនបានលុយតែបានបទពិសោធន៍ ព្រោះការងារស្ម័គ្រចិត្តមែនប៉ុន្តែរៀនចប់នឹងទទួលបានការងារហើយបទពិសោធន៍មួយសម្រាប់ខ្លួនឯង»។
កញ្ញា ចាន់ ល័ក្ខខេណ្ណា សិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់សិក្សាអប់រំ ឆ្នាំទី២ និយាយថា៖ «ការងារស្ម័គ្រចិត្តគឺជាការងារមួយដែលជួយជំរុញឱ្យសង្គមជាតិមានការរីកចម្រើន ជាការជួយដោយមិនចង់បានផលតបស្នងមកខ្លួនវិញ។ ការងារស្ម័គ្រចិត្តមានច្រើនប្រភេទ ហើយមានមុខងារ និងផលប្រយោជន៍ផ្សេងៗពីគ្នា ការងារស្ម័គ្រចិត្តខ្លះបានជួយឱ្យបរិស្ថានល្អប្រសើរឡើង ។ ការងារស័្មគ្រចិត្តខ្លះទៀតបានជួយដល់កុមារ មនុស្សចាស់ និងជនពិការ ។ មិនត្រឹមតែប៉ុណ្ណោះ ការងារស័្មគ្រចិត្តក៏បានជួយដល់កុមារក្រីក្រ ឬកុមារជនបទបានរៀនសូត្រ ដែលការងារស័្មគ្រចិត្តទាំងអស់នេះជាការងារដែលអាចធ្វើឱ្យប្រទេសរីកចម្រើនទៅមុខបានម្ដងបន្តិចៗ ព្រមទាំងប្រជាជនរស់នៅជាមូយគ្នាដោយសុខសន្តិភាពផងដែរ»៕