អ្នកលក់បន្លែតាមចិញ្ចើមផ្លូវជាប់របងសាលាបឋមសិក្សាជម្ពូវ័ន ត្អូញត្អែរចំពោះការចំណាយទៅលើភាស៊ីផ្សារ ថ្លៃសន្តិសុខ និងទីកន្លែងសម្រាប់ការដាក់លក់ទំនិញ ថាមានតម្លៃខ្ពស់ ត្បិតតំបន់នោះជាទីតាំងសាធារណៈ។
លោកស្រី ឈឹម ចាន់លក្ខិណា ជាអាជីវករម្នាក់លក់បន្លែនៅជាប់របងសាលាបឋមសិក្សាជម្ពូវ័ន បានប្រាប់ Newsroom Cambodia កាលពិថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះថា លោកស្រីបានប្រកបរបរនេះអស់រយៈពេលប្រមាណជាជាង៣ឆ្នាំមកហើយ និងបានប្ដូរមកលក់នៅតំបន់ជម្ពូវ័នក្រោយពីផ្សារដើមគរដែលជាទីតាំងចាស់ត្រូវបានបិទដោយសារតែមានការឆ្លងរីករាលដាលជំងឺកូវីដ១៩។ លោកស្រីបន្តថា នៅទីតាំងជម្ពូវ័ន្តនេះ ខាងអ្នកគ្រប់គ្រងទីតាំងលក់ថ្មីហាក់មានការកេងប្រវ័ញ្ចទៅលើក្រុមអាជីវករ ដោយអាជីវករម្នាក់ៗត្រូវចំណាយច្រើនជាងនៅផ្សារដើមគរអំឡុងពេលមិនទាន់ត្រូវបានបិទ។
លោកស្រីលើកឡើងថា៖ «ខាងជម្ពូវ័ន្តនេះគាត់ដូចជាគៀបសង្កត់ខាងខ្ញុំពេក ដោយសារភាស៊ីថ្លៃលើសលប់ពីផ្សារដើមគរពេក នៅនេះ[ ជម្ពូវន្ត ] ខ្ញុំចំណាយអស់មួយម៉ឺនរៀលជាង ហើយបើនៅផ្សារដើមគរវិញខ្ញុំចំណាយអស់តែបួនពាន់ទៅប្រាំពាន់រៀលទេ ថ្លៃស៊ិនទ្រី សណ្ដាប់ធ្នាប់ ហើយកន្លែងដែលខ្ញុំជួលគឺមួយម៉ែត្រក្នុងមួយម៉ឺនរៀល។ ១០,០០០គឺពេញថ្លៃ»។
ស្រដៀងគ្នានេះដែរ អាជីវករមួយរូបទៀតសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា គាត់បានមកលក់ដូរនៅទីតាំងនេះហើយជួលកន្លែងគេដើម្បីប្រកបរបរចិញ្ចឹមជីវិត ដោយបានចំណាយប្រាក់ច្រើនក្នុងមួយយប់ប្រមាណជាបីម៉ឺន ទៅបួនម៉ឺនរៀល នេះមិនគិតថ្លៃចំណាយខាងក្រៅដូចជាភាស៊ី ថ្លៃសំរាម ថ្លៃសណ្ដាប់ធ្នាប់ផងទេ។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «បើតាមខ្ញុំគិត ថ្លៃភាស៊ីថ្លៃសំរាមអី គឺត្រូវតែយកហើយអាហ្នឹងព្រោះអីកន្លែងគេកាន់កាប់ ចំណែកថ្លៃកន្លែងយើងពិបាកថាដែរ ព្រោះដីនេះដីរបស់រដ្ឋ តាមពិតរបងនេះរបងវត្តទេ ណាមួយយើងពិបាកនិយាយផង កន្លែងនេះគេកាន់កាប់ គេនិយាយម៉េចថាចឹងហើយ យើងអត់អាចតវ៉ាគេបាន យើងអ្នកលក់ដូរចិញ្ចឹមគ្រួសារកូនតូចអ៊ីចឹង»។
ចំណែកឯអ្នកប្រមូលលុយពីអាជីវករដែលអះអាងថាប្រជាការពារភូមិបានប្រាប់ Newsrooom Cambodia ដោយមិនបង្ហាញអត្តសញ្ញាណថា លោកមិនសូវដឹងអំពីបញ្ហានេះទេ។
លោកលើកឡើងថា៖ «បើបងឯងជាអ្នកកាសែតបងមកយកនៅនេះមក បងឯងសួរខ្ញុំក៏ខ្ញុំអត់ដឹងដែរ ព្រោះជាការងាររបស់គេ ខ្ញុំគ្រាន់តែធ្វើចរាចណ៍តែប៉ុណ្នឹងទេ»។
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យដែលបានបង្ហោះលេខទូរស័ព្ទលើទំព័រហ្វេសប៊ុក បានប្រាប់ Newsroom Cambodia តាមបណ្តាញសង្គមតេឡេក្រាមដោយមិនប្រាប់ឈ្មោះ និងតួនាទីថា៖ «សាលាខណ្ឌនឹងយកបញ្ហានេះដាក់ជូនលោកអភិបាលខណ្ឌ»។
Newsroom Cambodia បានព្យាយាមទាក់ទងសុំការបំភ្លឺពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី តែមិនមានការឆ្លើយតប ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ បានប្រាប់ Newsrooms Cambodia ថានេះមិនមែនជាលើកទីមួយទេដែលមានការយកថ្លៃហួសកំណត់ ហើយរដ្ឋាភិបាលគួរតែមានវិធានការក្នុងការដោះស្រាយលើបញ្ហាអាជីវករទាំងនេះ។
លោកលើកឡើងថា៖ «ខ្ញុំគិតថារឿងបែបនេះរដ្ឋាភិបាលគួរមានវិធានការហើយវាមិនមែនជា កុំឱ្យគេហៅថាទុក្ខលំបាករបស់អាជីវករទៅជាឱកាសរបស់មនុស្សខិលខូច មនុស្សលោភលន់»។
គួរបញ្ជាក់ថា អាជីវករផ្សារដើមគរបានប្តូរទីតាំងទៅលក់នៅតំបន់ផ្សេងៗក្នុងរាជធានីភ្នំពេញ ដូចជាតំបន់ជម្ពូរវ័ន្ត និងតំបន់គួរស្រូវជាដើម បន្ទាប់ពីផ្សារដើមគរត្រូវបានបិទបណ្តោះអាសន្នដោយសារមានការរីករាលដាលជំងឺកូវីដ១៩៕